សម្ដេ​ច​ហ៊ុ​ន សែ​ន៖​កម្ពុជា​ក្រ​បេះ​ដូង​ធំទុ​ក​​បន្ស​ល់​ឱ្យកូន​​ចៅ​យើ​ងបន្តរាប់​​រយឆ្នាំ

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាមាន​ប្រសាសន៍​ថា កេរ្ដិ៍ឈ្មោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣បាន​ទុកបន្សល់​ឱ្យកូនចៅយើងបន្តរាប់រយឆ្នាំតទៅទៀត បើទោះយើងជាប្រទេសក្រ។ក៏ប៉ុន្តែ​បេះ​ដូង​ធំ។នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់​ការ​សិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានថ្លែងថា នេះជា​លើក​ដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃគ្រប់​សេវាទាំងទាំងអស់ ទាំងថ្លៃស្នាក់នៅ ហូបចុក និងប្រព័ន្ធផ្សព្វផ្សាយ។ល។ ដោយសម្ដេច​តេ​ជោចាត់ទុកថា «លុយអាចចាយអស់ ប៉ុន្តែកេរ្ត៍ឈ្មោះចាយមិនអស់នោះទេ»។សម្ដេច​តេជោ​បានថ្លែងបញ្ជាក់ថា៖ «កេរ្ដិ៍ឈ្មោះ​ដែល​កម្ពុជាធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅយើងបន្តរាប់​រយឆ្នាំតទៅទៀត បើទោះយើងជាប្រទេសក្រ។ក៏ប៉ុន្តែបេះដូងធំ»។  

សម្ដេចបន្តថា ដូច្នេះបន្ទាប់ពីការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម​នេះទៅយើងត្រូវឆ្លាក់នៅវិមានឈ្នះ!ឈ្នះ!អំពីអ្វីដែលវាបានកើតនៅក្នុងដំណាក់​កាល​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រោះដូនតារបស់យើងមានអ្វីកើតឡើងបានឆ្លាក់​ទុកនៅ​តាម​​សិលាចារឹកនានា ដូចជា នៅប្រសាទអង្គរ និងតាមប្រាង្គប្រសាទនានាឱ្យ​យើងបាន​ដឹង។ដូច្នេះយើងក៏មានភារកិច្ច ដើម្បីនឹងចង្អុលបង្ហាញទុកនៅក្នុងទីកន្លែងដែល​អាចឆ្លាក់​បាន បន្ថែមទៅដោយមានរូបភាពជាវីដេអូ ខ្សែភាពយន្តនានាផងដែរ។ សម្ដេចតេជោ ថ្លែងទៀតថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺបានរួម​ចំណែក​ក្នុងការបំពេញតួនាទីជាសមាជិក ដែលមានការទទួលខុសត្រូវរបស់អាស៊ានទៅ​លើកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយរួមចំណែកទៅដល់ការ​ពង្រឹង​វិស័យកីឡា។សម្ដេចនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា កម្ពុជាមិនមែនត្រឹមតែធ្វើជា​ម្ចាស់ផ្ទះ​ត្រឹមតែប្រជាជនខ្លួនឯងចំនួន១៧លាននាក់នោះទេ កម្ពុជាមានភារកិច្ច នឹងធ្វើការ​សម្រប​សម្រួល និងពង្រឹងទំនាក់ទំនង ក្នុងចំណោមប្រជាជនជាង៦០០លាន​នាក់របស់​អាស៊ាន ព្រោះថា ស៊ីហ្គេម និងប៉ារ៉ាហ្គេម គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិក​អាស៊ាន។ សម្ដេចតេជោលើកឡើងថា បញ្ហាមេដាយ វាជារឿងមួយហើយ។ប៉ុន្តែការ​យកចិត្ត​ទុកដាក់ចំពោះកីឡាករ កីឡាការិនី ទោះជាបាន ឬមិនបានមេដាយ ក៏នៅតែជាកីឡា ត្រូវ​គោរពក្រមសីលធម៌ និងវិន័យរបស់អ្នកកីឡា។ ដូច្នេះក្មួយៗ កូនៗ កុំបាក់ទឹកចិត្ត បើទោះ​បីជា កម្ពុជាមានចំណាត់ថ្នាក់ទីប៉ុន្មានក៏ដោយ រឿងធំរបស់កម្ពុជា គឺធ្វើម៉េចរៀបចំការ​ប្រកួតមួយដែលធានាសាមគ្គីភាព សម្រាប់ប្រជាជនជាង៦០០លាននាក់របស់អាស៊ាន ត្រូវថែទាំកីឡាករ កីឡាការិនីនៃប្រទេសនានាឱ្យបានល្អ។ សម្ដេចតេជោអះអាងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រកបដោយការទទួលខុសត្រូវ ហើយដែលជាចំណែកនៃការជំរុញពង្រឹង​វិស័យកីឡា នៅក្នុងក្របខ័ណ្ឌអាស៊ាន។ សម្ដេចគូបញ្ជាក់បន្ថែមថា ការធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ការប្រកួត​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានន្សល់នូវការចងចាំ ដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន ផ្ដល់នូវជំនឿទុកចិត្ត ដែលសម្ដេចតេជោ ក៏បាន​យកឱកាសនេះ អរគុណចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និង​ប្រទេសទីម័រខាងកើត ដែលបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅពេលនេះ។ សម្ដេចតេជោក៏បានអរគុណ ចំពោះគណៈកម្មការ​រៀបចំការប្រកួត ក៏ដូចជា គ្រប់សេវាទាំងអស់ រាប់ទាំងក្រុមយុវជនស្ម័គ្រចិត្ត ដែលបាន​ចូលរួមបម្រើឱ្យការផ្ដល់សេវា និងធានាសម្រាប់ឱ្យកីឡាករ កីឡាការិនី និងអ្នកគាំទ្រ ឬក៏គ្រូ​បង្វឹកនានា ដែលបានមកចូលរួមនៅក្នុងប្រទេសរបស់យើង។គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ដែលចាប់ផ្ដើមពីថ្ងៃទី ០៣ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ មានប្រតិភូ និងកីឡាករ កីឡាការិនីនៃបណ្ដាប្រទេសអាស៊ាន  ដែលបានចូលរួមចំនួនប្រមាណ ២ ១៦០ នាក់ ដែលនឹងចូលរួមប្រកួតប្រជែងលើ១៣ប្រភេទកីឡា សរុបចំនួន ៤៣១វិញ្ញាសា និងប្រភេទកីឡាក្រៅផ្លូវការមួយ (E-Sports)៕AKP

Powered by Blogger.