ព្រះ​ម​ហាក្សត្រប្រកា​ស​​​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវ​កា​រ​ច្បា​ប់ស្តីពីវិសោ​ធ​ន​កម្មច្បាប់​​​បោះឆ្នោត

 សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតដែលមាន៨មាត្រាត្រូវបានព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ​ទី៤ខែកក្កដា ឆ្នាំ២០២៣ ដោយបានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់​ជាផ្លូវ​ការ​ហើយ។  

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយ​គុណតម្លៃ​នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់​កំពូល​នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិប តេយ្យ​នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីឱ្យអនាគតអ្នកដឹកនាំនយោបាយ ដែល មានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំង​នៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អ ចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែល​ជាករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះ​ប្រទេសជាតិនៅក្នុងសង្គម​ប្រជាធិប​តេយ្យ។  សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីធានាឱ្យគណៈកម្មាធិការជាតិរៀ បចំការបោះឆ្នោតដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោត​ជ្រើស តាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពង្រឹងដំណើរការនៃការ​អនុវត្តលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះបានផ្តល់សិទ្ធិឱ្យគណៈកម្មាធិការជាតិរៀចបំការបោះឆ្នោតធ្វើការផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លាន រៀល ដោយពុំ​ទាន់​គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយ ទុច្ចរិត ក្នុងចេតនា រារាំង ឬញុះញ៉ង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះ​បោះ​ឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ក្នុងបញ្ជីបោះ​ឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ ក្នុងមាត្រា១៤២ ថ្មី បានចែងថា ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុប​បេក្ខភាព​របស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់​រយៈពេល ៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើ​ទណ្ឌ​កម្មដែលបានចែងចំពោះជនដែលប្រព្រឹត្តអំពើល្មើសណាមួយ។ លើសពីនេះទៀតច្បាប់នេះក៏បានប្រគល់សិទ្ធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការពិន័យ​ជាប្រាក់ចំពោះគណបក្សនយោបាយណាដែលបានធ្វើល្មើសដូចមានចែងក្នុងច្បាប់ពី១០លានរៀល ដល់៣០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតហើយ​ត្រូវ​លុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយថែមទៀតផង។សូមជម្រាបជូនថាសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះតាក់​តែង​​ឡើងមាន០៨មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រម​ចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦  ហើយត្រូវបានព្រឹទ្ធសភាពិនិត្យ និងឱ្យ​យោប​ល់​ឯក​ភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ អនុម័តក្នុង​សម័យ​​​ប្រជុំ​លើកទី១០ នៃ​ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៣ ដោយ​សំឡេង៥៩​ជា​ឯកច្ឆន្ទ។ ច្បាប់ស្ដីពីវិសោធន​កម្ម​ច្បាប់បោះឆ្នោតនេះ ក៏ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ ក្នុងសេចក្ដីសម្រេច និងកិច្ចប្រជុំពេញអង្គ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣៕AKP

Powered by Blogger.