សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថា នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
 |
រូបភាពBBC |
នៅលើបណ្ដាញតេឡេក្រាមនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានសរសេរថា ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។សម្ដេចបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាឈ្នះគឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានា ក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។សម្ដេចនាយករដ្ឋមន្ត្រីក៏បានអរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះ សម្តេច និងលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ សម្ដេចក៏ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ។គួរបញ្ជាក់ផងដែរថា បើតាមសារពិសេសជាសំឡេងកាលពីដើមសប្ដាហ៍នេះ សម្ដេចហ៊ុនសែនបានឱ្យដឹងថាបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណារាស្រ្ត នីតិកាលទី៧ កាលបរិច្ឆេទនៃការប្រជុំសភាជាលើកដំបូង គឺព្រះមហាក្សត្រនិងកោះប្រជុំសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងពេលល្ងាចនឹងមានការស្បថចូលកាន់ដំណែងរបស់សមាជិកសភា។ បន្ទាប់មក នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ សភានឹងកោះប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល នឹងត្រូវបង្កើតឡើងដែលនៅពេលល្ងាចគណៈរដ្ឋមន្ត្រីនឹងស្បថចូលកាន់ដំណែង៕AKP
Post a Comment