សៀមរាប៖កូនស្រីមន្ត្រីអ្នកធំដ៏មានឥទ្ធិពលម្នាក់បានបើករថយន្តបុកគេហើយ គ្មានដោះស្រាយនៅកន្លែងកើតហេតុដែលគេដាក់ការសង្ស័យសមត្ថកិច្ចត្រូវរ៉ូវគ្នាឱ្យគេចខ្លួនបាត់បណ្តាលឱ្យក្មេងស្រីរងគ្រោះបាក់ជើងទាំងសងខាងនិងដៃដេកនៅមន្ទីរពេទ្យធ្វើឱ្យឪពុកម្តាយក្មេងស្រីរងគ្រោះបានត្រឹមតែយំសោកស្ដាយ។
 |
រូបភាព៖kohsantepheapdaily |
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កាលពីវេលាម៉ោង២១និង០០នាទីយប់ ស្ថិតនៅត្រង់ចំណុចភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ខាងលិចផ្សារកន្ត្រក ៥០០ម៉ែត្រ)។នេះបើតាមការចុះផ្សាយkohsantepheapdaily។បើតាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមមិនបញ្ចេញឈ្មោះ បានប្រាប់kohsantepheapdailyនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿង ម៉ាក Mecedez GLA 180 ផ្លាកលេខ រដ្ឋ 36 2-0245 ដែលបុកជាមួយនឹងម៉ូតូហុងដា scoopy ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប1M-7888 ពណ៌ក្រហម។ប្រភពដដែលបានបន្ថែមថាបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូប៉ះគ្នាភ្លាមពួកខ្ញុំ (មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក) បានចុះទៅដល់កន្លែងកើតហេតុ។ប៉ុន្តែត្រូវគេយកជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយឈ្មោះ ស៊ឹង រិទ្ធីរ៉េត បាត់ទៅហើយ នៅសល់តែជនបង្កដែលជាក្មេងស្រីអាយុប្រហែល២០ឆ្នាំ រួមនឹងវត្ថុតាងរថយន្តបើកទៅទុកនៅម្ខាងផ្លូវ និងម៉ូតូសិស្សសាលានៅកន្លែងកើតហេតុទាំងអស់។ ហើយនៅពេលឃើញម្តាយជនបង្កមកដល់ ស្រាប់តែជនបង្កស្រែកយំខ្លាំងៗតែម្តង។ក្រោយពេលមានហេតុការណ៍នោះដែរ ក៏ឃើញមានបុរសម្នាក់ជាឪពុករបស់ជនបង្កម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Rom Lyhov» បានអះអាងថា «ខ្លួនមានសាច់ញាតិជាមន្ត្រីនៅក្នុងក្រសួង ហើយនឹងជាមន្ត្រីប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។ ថែមទាំងអះអាងទៀតថា «ខ្លួនជាសាច់ញាតិក្មេងស្រីបង្កមិនទាន់គ្រប់អាយុ ដែលបើកបររថយន្ដ Mecedez GLA 180 ផ្លាកលេខ រដ្ឋ 36 2-0245 បុកជាមួយនឹងម៉ូតូហុងដា scoopy ពណ៌ក្រហម ផ្លាកលេខ សៀមរា 1M-7888 និងបានផ្ញើរសារមកគំរាមអ្នកសារព័ត៌មានថា ឱ្យលុបវីដេអូដែលបានផ្សាយឡាយចេញវិញ បើមិនដូច្នោះទេនឹងត្រូវក្រុមពួកគេចូលទៅ report page និង facebook ឱ្យខូចជាមិនខាន»។បើតាមមន្ត្រីនគរបាលចរាចរណ៍រហ័សនាមថា «ដំបង៥៨» បានប្រាប់ភ្នាក់ងារkohsantepheapdaily យើងឱ្យទៅសុំរបាយការណ៍នោះនៅកន្លែងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយប្រាប់ថា រថយន្តមួយគ្រឿង ដែលប៉ះជាមួយម៉ូតូនោះ មិនស្គាល់អ្នក បើកបរ ក៏មិនស្គាល់អត្តសញ្ញាណ (ក្រោយពេលបុករួចបានរត់គេចចេញពីកន្លែងកើតហេតុបាត់) អ្នកបើកបរក្នុងទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូមួយគ្រឿងម៉ាក scoopy ផ្លាកលេខ សៀមរាប 1M- 7888 ពណ៌ក្រហម បើកបរដោយឈ្មោះ ពៅ ស្រីថាច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិភ្នៅ សង្កាត់សំបួរ ក្រុង-ខេត្តសៀមរាប ទិសដៅពីកើតទៅលិច។ ចំពោះមូលហេតុ គឺរថយន្តបើកបរក្នុងល្បឿនលឿន បណ្តាលឱ្យអ្នកបើកបរម៉ូតូរបួសបាក់ជើងទាំង២ និងបាក់ដៃឆ្វេងម្ខាង (សម្រាកព្យាបាលនៅមន្ទីរពេទ្យស៊ឹងរិទ្ធីរ៉េត)។ ចំណែកម៉ូតូខូចខាតធ្ងន់ រីឯអ្នកបើកបររថយន្តវិញ មិនស្គាល់ឈ្មោះ ភេទស្រី រស់នៅក្នុងក្រុងសៀមរាប។ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាល បានធ្វើការវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុ រួចយកវត្ថុតាងមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំណែកអ្នកបើករថយន្តក៏ត្រូវឱ្យទៅផ្ទះបាត់ទៅ។មន្ត្រីចរាចរណ៍ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់រួចរាល់អស់ហើយ។ចំណែកតាមប្រភពពីប្រជាពលរដ្ឋដែលបានមកមើលនៅកន្លែងកើតហេតុ ក៏បានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះដែរថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក Mecedez GLA 180 ផ្លាកលេខ រដ្ឋ36 2-0245 ដែលបុកជាមួយនឹងម៉ូតូហុងដា scoopy ពណ៌ក្រហម ផ្លាកលេខ សៀមរាប1M-7888 នោះ គឺខណៈពេលបុករួច ក្មេងស្រីអាយុប្រហែល២០ឆ្នាំបានយំស្រែកហៅឱ្យឪពុកម្តាយមកជួយ។ពលរដ្ឋបន្តថា លុះបានមួយសន្ទុះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ក៏មកដល់ ប៉ុន្តែឪពុកខាងក្មេងស្រីជនរងគ្រោះបានឱ្យរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ស៊ឹង រឹទ្ធីរ៉េត មកដឹកយកទៅសង្គ្រោះបាត់ទៅហើយ។ ចំណែកជនបង្ក និងម្តាយវិញ កំពុងដោះស្រាយជាមួយឪពុកជនរងគ្រោះ តែបែរជាសមត្ថកិច្ចប្រាប់kohsantepheapdailyថាជនបង្កបើករថយន្តគេចបាត់ទៅហើយ ហាក់បីដូចជាចង់លាក់កំបាំងពីភ្នែកប្រជាពលរដ្ឋ។សូមជម្រាបជូនថាក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោយបិទបញ្ចប់ការបូកសរុបលទ្ធផលការងារឆ្នាំ២០២២បានឱ្យឃើញថា ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន ២,៩៧៦ករណី ដោយបានបណ្ដាលឲ្យអ្នកស្លាប់មានចំនួន ១,៧០៩នាក់ និងរងរបួសជាង ៤ពាន់នាក់។ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានបញ្ចូនទៅកាន់តុលាការមានចំនួន ១, ០២៧ករណី ដោយបានដោះស្រាយចំនួន ១២១ករណី និងកំពុងអង្កេតចំនួន ៦៦៤ករណី។បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ប្រមុខដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បានបង្ហាញការព្រួយបារម្ភផងដែរចំពោះបញ្ហាទាំងនេះ ដោយលោកលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា កំពុងវិលត្រឡប់មកជាបញ្ហាធំចម្បងរបស់រដ្ឋាភិបាលដែលត្រូវដោះស្រាយឡើងវិញក្រោយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បន្តកើនពីចំនួន១០ ទៅ២០នាក់ក្នុងមួយថ្ងៃ៕ប្រភពhttps://kohsantepheapdaily.com.kh/article/1777473.html
 |
រូបភាពkohsantepheapdaily |
 |
រូបភាពkohsantepheapdaily |
Post a Comment