ការចុះផ្សាយពីលោកហ៊ុនម៉ាណែតដែលត្រៀមកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាឆាប់ៗខាងមុខនេះកំពុងត្រដែតឡើងតាមបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្ត្រីក្នុងអំណាច៣៨ឆ្នាំ សម្តេចហ៊ុនសែនថាសម្តេចចុះចេញពីកៅអីដឹកនាំរដ្ឋាភិបាលកម្ពុជានៅខែក្រោយនេះ។
 |
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតកូនប្រុសសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅប្រទេសជប៉ុនឆ្នាំ២០២២។Reuters |
សារព័ត៌មានអន្តរជាតិធំៗបានលើកឡើងពីការស្តារទំនាក់ទំនងការទូតរវាងកម្ពុជានិងបស្ចិមលោកឡើងវិញ ខណៈដែលគេកត់សម្គាល់ថា ចិនកំពុងមានប្រៀបក្នុងទំនាក់ទំនងជាមួយកម្ពុជា។ដោយសារតែសម្តេចហ៊ុន ម៉ាណែត មានប្រវត្តិសិក្សាចេញពីសាលាហ្វឹកហ្វឺនទាហាន West Point នៃសហរដ្ឋអាមេរិក កាសែត The Washington Post បានឡើងចំណងជើងរបស់ខ្លួនថា«West Point បានបណ្តុះបណ្តាលអ្នកស្នងមរតកនៃប្រព័ន្ធអត្តាធិបតេយ្យនៅកម្ពុជា។តើ ហ៊ុន ម៉ាណែតជានរណា?»។នៅក្នុងសម្រង់ខ្លឹមសារព័ត៌មានរបស់ The Washington Post បានលើកយកករណីស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy អូស្ត្រាលីដែលបានសិក្សាពីសកម្មភាពរបស់លោកហ៊ុន ម៉ាណែត បានជួបជាមួយនឹងមេដឹកនាំបរទេសធំៗក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ យ៉ាងណា តាម The Washington Post គឺមានការបង្ហាញតិចតួចបំផុត ដែលការអប់រំបែបលោកខាងលិចរបស់លោកហ៊ុន ម៉ាណែត អាចមានឥទ្ធិពលលើជីវិតនយោបាយរបស់លោក។រីឯសារព័ត៌មាន BBC របស់អង់គ្លេស បានឡើងចំណងជើងទាក់ទងនឹងលោក ហ៊ុន ម៉ាណែត ថា «សម្តេច ហ៊ុន សែន លាលែងពីតំណែងក្រោយពេល៤ទសវត្សរ៍ និងតែងតាំងកូនប្រុសជានាយករដ្ឋមន្ត្រី»។សម្រង់ខ្លឹមសារព័ត៌មានរបស់ BBC បានប្រៀបធៀបពីការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការតៀមរបស់លោក ហ៊ុន ម៉ាណែត ដែលនឹងចូលទៅអង្គុយកៅអីនាយករដ្ឋមន្ត្រីពេលខាងមុខនេះ។BBCបានចុះផ្សាយថាបើប្រៀបធៀបទៅនឹងឪពុករបស់សម្តេចដែលគ្រប់គ្រងដោយកណ្តាប់ដៃដែកគឺមានការរំពឹងទុកខ្លះថា លោក ហ៊ុន ម៉ាណែត ដែលបានសិក្សាពីសាលាយោធាអាមេរិក West Point និងសាកលវិទ្យាល័យ Bristol ផងនោះអាចមានរបៀបដឹកនាំបែបគាបសង្កត់តិចជាងសម្តេចហ៊ុន សែន ហើយអាចទទួលយកការអំពាវនាវរបស់ប្រទេសបច្ចិមលោក ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ទោះជាយ៉ាងណា អ្នកវិភាគថាលោកហ៊ុន ម៉ាណែត មិនបានបង្ហាញភស្តុតាងដែលថាលោកអាចនឹងបើកចំហជាងនេះទេ។ នេះបើតាម BBC។រីឯសារព័ត៌មាន ASIA TIMES មានមូលដ្ឋាននៅហុងកុងបានដាក់ចំណងជើងថា «តើ ហ៊ុន ម៉ាណែត នឹងស្តារទំនាក់ទំនងជាមួយលោកខាងលិចទេ?»។ជាអត្ថបទសរសេរដោយលោក Davit Hutt ដែលធ្លាប់សរសេររិះគន់រដ្ឋាភិបាលសម្តេចហ៊ុន សែន បានចុះផ្សាយថាទីបំផុតទីក្រុងភ្នំពេញអាចនឹងកែប្រែទំនាក់ទំនងជាមួយបស្ចិមប្រទេស តាមរយៈការដកស្រង់សម្តីរបស់អ្នកវិភាគ។អ្នកវិភាគបានប្រាប់ ASIA TIMES ថាការគ្រប់គ្រងរបស់លោក ហ៊ុន ម៉ាណែត នឹងចង់ឲ្យភាពល្អប្រសើរជាមួយលទ្ធិប្រជាធិបតេយ្យបស្ចិមប្រទេស បើទោះបីជាមិនសូវផ្តោតលើបញ្ហាសិទ្ធិមនុស្សឬប្រជាធិបតេយ្យក៏ដោយក្តី។គួរកត់សម្គាល់ថាការប្រកាសពីការត្រៀមឡើងរបស់លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីកម្ពុជាក៏រំជួលដល់ក្រសួងការបរទេសអាមេរិកដែលត្រូវចាប់អារម្មណ៍។នៅក្នុងសន្និសីទព័ត៌មានមួយមានអ្នកសារព័ត៌មានបរទេសបានចោទសួរទៅមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកថា អាមេរិកបានត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហើយឬនៅ?។ ចម្លើយរបស់អ្នកនាំពាក្យគឺមិនឆ្លើយឲ្យចំន័យឡើយ ដោយគ្រាន់តែប្រាប់ថាអាមេរិកមានការរំខានចិត្តចំពោះការបោះឆ្នោតដែលមិនសេរីនិងយុត្តិធម៌។ តែសម្រាប់រដ្ឋាភិបាលថ្មីនេះគឺអាមេរិកលើកឡើងថា នៅមានឱកាសដើម្បីស្រោចស្រង់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ៕RFI
Post a Comment