សម្ដេចហ៊ុ​ន សែនប្រកាសពីពេ​លវេលាជួបសួរសុខទុក្ខកម្មករ​កម្មការិ​នីឡើងវិញ

 សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងការសូមអភ័យទោសពីកម្មករកម្មការិនីទាំងអស់ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យាដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ០២៣ និងបានគូសបញ្ជាក់ថាសម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករកម្មការិនីឡើងវិញក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។

ក្នុងសារជាសំឡេងតាមតេឡេក្រាមនាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនកូនៗ ចៅៗជាកម្មករ កម្មការិនីទាំងអស់សម្ដេចមានប្រសាសន៍ថាកាលពីពេលចុះសួរសុខទុក្ខចំពោះកម្មករកម្មការិនីតាមបណ្ដារោងចក្រ សហគ្រាស សម្ដេចបានសន្យាជាមួយកម្មករ កម្មការិនីថា បន្ទាប់ពីការបោះឆ្នោតហើយ គឺនៅត្រឹមថ្ងៃទី២៧ខែកក្កដាសម្ដេចនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករកម្មការិនី ជាបន្តទៀត នៅ១០គោលដៅ ទាំងនៅទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្តផងដែរ។ ប៉ុន្តែដោយសារបញ្ហាកត្តាពេលវេលា និងកត្តាទាក់ទងជាមួយនឹងទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី គឺកិច្ចការនេះ សម្ដេចបានសូមអភ័យទោសពីកម្មករកម្មការិនីទាំងអស់ ដែលមានការអាក់ខានមិនបានទៅសួរសុខទុក្ខតាមការសន្យា។ សម្ដេចបន្តថា ការសួរសុខទុក្ខកម្មករកម្មការិនីត្រូវលើកពេល ទៅក្រោយបង្កើតរាជរដ្ឋាភិបាលថ្មីព្រោះថាឥឡូវនេះស្ថិតនៅដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ។ សម្ដេចគូសបញ្ជាក់ថា សម្ដេចចង់ឱ្យអ្វីៗកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបចំពោះក្មួយៗ កូនៗ ចៅៗជាកម្មករកម្មការិនីទាំងអស់។ ដូច្នេះយើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មីដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មីនឹងទៅសួរសុខទុក្ខចំពោះកម្មករកម្មការិនីរបស់យើងជំនួសនាយករដ្ឋមន្ត្រីចាស់។សម្ដេចគូសបញ្ជាក់បន្ថែមថា  នេះជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មីដែលមានទាំងនាយករដ្ឋមន្ត្រីថ្មីហើយសម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ហើយខ្ញុំមិនទៅណាទេខ្ញុំនឹងបកស្រាយរឿងនេះនៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២៣ខាងមុខនេះនៅក្នុងពេលសម្ពោធដាក់ឱ្យដំណើរការផ្លូវខ្សែក្រវាត់ក្រុងទី៣ ខ្ញុំនឹងនិយាយរឿងនេះ នៅពេលនោះ»។ សម្ដេចថ្លែងទៀតថា  ក៏ប៉ុន្តែសម្ដេចមានការចាំបាច់ដើម្បីចេញសារដោយសារតែតាមគម្រោងសម្ដេចនឹងចេញទៅជួបជាមួយកម្មករកម្មការិនីនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ។ប៉ុន្តែត្រូវបានអាក់ខាន នឹងត្រូវបានលើកពេលនោះ៕AKP

Powered by Blogger.