គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Felix Dalmas បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃមុនការប្រកួតពានរង្វាន់យុវជនអាស៊ានក្រោម២៣ឆ្នាំ(AFF U23 Championship 2023)ថាសម្រាប់ការត្រៀមខ្លួនរបស់កម្ពុជាគឺល្អ។ នេះជាការលើកឡើងរបស់គ្រូបង្គោលកម្ពុជាដែលជាជនជាតិអាហ្សង់ទីន ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមុនការប្រកួតប្រចាំពូលA។
 |
រូបភាព៖FFC/AKP |
លោក Felix Dalmas គូសបញ្ជាក់ថា៖ «ជាដំបូងសូមអរគុណដល់ម្ចាស់ផ្ទះ ថៃ ដែលបានរៀបចំទទួលពួកយើងបានល្អទាំងម្ហូបអាហារ និងកន្លែងស្នាក់នៅ។ពួកយើងរីករាយដែលបានមកទីនេះ ការត្រៀមខ្លួនគឺល្អ សម្រាប់កីឡាករកម្ពុជាជំនាន់ថ្មីរបស់យើង ហើយយើងរំភើបក្នុងការប្រកួតម្ដងទៀតជាមួយក្រុមកំពូលក្នុងតំបន់។យើងមានការលំបាកបន្តិចដែរ សម្រាប់ការប្រមូលផ្តុំកីឡាករ ព្រោះពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃFIFA Day។ ដូច្នេះកីឡាករសំខាន់មួយចំនួនបានអវត្តមាន ។ប៉ុន្តែពួកយើងក៏ទទួលបានកីឡាករថ្មីៗជាច្រើន ហើយពួកយើងរីករាយនឹងកីឡាករជំនាន់ថ្មី របស់យើងដើម្បីឱ្យពួកគាត់បានបង្ហាញសមត្ថភាព ក្នុងពានរង្វាន់មួយនេះ»។សូមជម្រាបជូនថា AFF U23 Championship 2023)នៅប្រទេសថៃ ត្រូវដំណើរការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ ២៦ ខែសីហា ឆ្នាំ២០២៣ ដោយមាន១០ប្រទេសចូលរួមនិងចែកជា៣ពូល។ ក្រុមU23 កម្ពុជានឹងត្រូវប្រកួតបើកឆាកមុនគេជាមួយក្រុមប្រ៊ុយណេ នៅក្នុងពូល A នៅកីឡដ្ឋាន Rayongប្រទេសថៃ នាថ្ងៃទី១៧ ខែសីហា។ បន្ទាប់មក ក្រមកម្ពុជានឹងបន្តប៉ះជាមួយមីយ៉ាន់ម៉ា នាថ្ងៃទី១៩ ខែសីហា និងចុងក្រោយ ត្រូវជួបជាមួយ ក្រុមថៃ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ យោងតាមរូបមន្តប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន-AFF គឺក្រោយបញ្ចប់ការប្រកួតក្នុងពូលគឺក្រុមចំណាត់ថ្នាក់លេខ១ នឹងត្រូវប៉ះក្រុមលេខ២ល្អផ្តាច់គេ ខណៈលេខ១ ពូល B នឹងត្រូវប៉ះ ក្រុមលេខ១ មកពីពូល C សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ២ក្រុមដែលឈ្នះៗ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវឡើងទៅប្រជែងម្ចាស់ជើងឯកនាថ្ងៃទី២៦ ខែសីហា តែម្តង៕AKP
Post a Comment