ឥណ្ឌា​បង្ហា​ញក្តីបារម្ភកំព​ង់​ផែ​រាមកម្ពុជា

ឥណ្ឌាព្រួយបារម្ភថាមូលដ្ឋានទ័ពជើងទឹករាមកម្ពុជាដែលកំពុងសាងសង់ក្រោមជំនួយរបស់ចិន នឹងគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់( អាស៊ីប៉ាស៊ីហ្វិក)។ 

រូបឯកសារមូលដ្ឋានជើងទឹករាម។EPA
នេះបើតាមសារព័ត៌មានឥណ្ឌា NDTV ចុះផ្សាយកាលពីថ្ងៃទី៤ សីហា។ ក្នុងនាមជាប្រទេសមហាអំណាចក្នុងតំបន់អាស៊ីមួយផង ឥណ្ឌាអះអាងថា ខ្លួននឹងរជែងឥទ្ធិពលជាមួយចិនដែលកំពុងកើនឡើងក្នុងតំបន់ ពិសេសលើវិស័យយោធា។កំពង់ផែរាមរបស់កម្ពុជានៅតែជាផ្ទាំងស៊ីបរបស់បរទេសពិសេសការចោទប្រកាន់ថាជាកំពង់ផែដែលបម្រើដល់ប្រយោជន៍យោធាចិន។ នាពេលថ្មីនេះៗសារព័ត៌មានក្នុងស្រុកឥណ្ឌាបានចុះផ្សាយថា មូលដ្ឋានទ័ពរាមរបស់កម្ពុជានឹងក្លាយជាទីតាំងយុទ្ធសាស្ត្ររបស់យោធាចិន ដែលនឹងអាចបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ឥណ្ឌាព្រួយបារម្ភបែបនេះដោយសារតែមូលដ្ឋានទ័ពរាមរបស់កម្ពុជាក្រោមជំនួយរបស់ចិននៅគៀកនឹងតំបន់សមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះយ៉ាងតានតឹងជាមួយបណ្តាសមាជិកអាស៊ានមួយចំនួននិងនៅជិតច្រកសមុទ្រម៉ាឡាការួមនឹងសមុទ្រឥណ្ឌាផង។កត្តាប្រកួតប្រជែងភូមិសាស្ត្រនយោបាយបែបនេះសារព័ត៌មានក្នុងស្រុកឥណ្ឌាបញ្ជាក់ថាឥណ្ឌាកំពុងត្រៀមខ្លួនប្រជែងឥទ្ធិពលជាមួយចិន តាមរយៈការបង្កើនសមត្ថភាពកងកម្លាំងយោធា និងការចូលរួមធ្វើសមយុទ្ធយោធាជាលក្ខណៈទ្រង់ទ្រាយធំជាមួយបណ្តាប្រទេសដៃគូដូចជា ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។លើសពីនេះ ឥណ្ឌាក៏ចាប់ផ្តើមពង្រឹងទំនាក់ទំនងការទូតលើវិស័យយោធាជាមួយបណ្តាសមាជិកអាស៊ានដូចជាការផ្តល់នាវាចម្បាំងបំពាក់ដោយកាំជ្រូចប្រភេទក័រវេតទៅឱ្យប្រទេសវៀតណាម ការផ្តល់នាវាមុជទឹកឱ្យប្រទេសភូមា និងការចុះកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីប្រឆាំងនាវាទៅប្រទេសហ្វីលីពីនក្នុងទំហំទឹកប្រាក់៣៧៥លានដុល្លារ។ បន្ថែមពីនេះ ឥណ្ឌាដែលកំពុងព្រួយបារម្ភជុំវិញការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាមរបស់កម្ពុជាក៏បានបង្កើនការសាងសង់មូលដ្ឋានទ័ពរបស់ខ្លួននៅលើកោះក្បែរសមុទ្រឥណ្ឌាដើម្បីធានាបាននូវសន្តិសុខក្នុងតំបន់ផង។ពាក់ព័ន្ធការសាងសង់កំពង់ផែទ័ពរាមនេះនាពេលកន្លងទាំងមន្ត្រីក្រសួងការពារជាតិ និងរដ្ឋាភិបាលចេញបញ្ជាក់ពីជំហររបស់ខ្លួនលើការសាងសង់មូលដ្ឋានទ័ពរាម ក្រោយមានការចោទប្រកាន់ជាហូរហែរពីសហគមន៍អន្តរជាតិ។ ក្នុងនោះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ធ្លាប់បានអះអាងថា រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានទ័ពជើងទឹករាមកម្ពុជា គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ។ជាពិសេសដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពជាតិខ្មែរសុទ្ធសាធដោយមិនបានបម្រើដល់ប្រយោជន៍ជូនប្រទេសណាមួយឡើយ។លោក សុខ ឥសានចាត់ទុកថា រាល់ការអភិវឌ្ឍនានាគឺជារឿងផ្ទៃក្នុងរបស់កម្ពុជាត្បិតសមត្ថភាពមូលដ្ឋានទ័ពជើងទឹកកម្ពុជានៅមានកម្រិតទាបជាងប្រទេសជិតខាង ដែលមិនទាន់អាចប្រកួតប្រជែងជាមួយគេបាន។ ម្ល៉ោះហើយ ការអភិវឌ្ឍនេះ នឹងឱ្យធ្វើប្រសើរឡើងវិញនូវសមត្ថភាពរបស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។គិតមកត្រឹមខែសីហានេះ ការសាងសង់កំពង់ផែរាមជិតរួចរាល់ទៅហើយ ដោយរំពឹងថានឹងបញ្ចប់ទាំងស្រុងនាប៉ុន្មានខែខាងមុខនេះ។ បើយោងតាមផ្កាយរណបរបស់ក្រុមហ៊ុនអាមេរិក Blackskyគឺថា សកម្មភាពសាងសង់ចំណតនាវាប្រវែងជាង៧០០ម៉ែត្រចូលទៅមូលដ្ឋានទ័ពរាម កំពុងពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ខណៈមន្ត្រីជំនាញផ្នែកសន្តិសុខសហរដ្ឋអាមេរិកអះអាងថា ចំណតកំពង់ផែនេះ មានសមត្ថភាពគ្រប់គ្រាន់ដែលអាចឱ្យនាវាចម្បាំង នាវាដឹកយន្តហោះប្រភេទធន់ធ្ងន់ចូលចតបាន។ហើយនៅពេលការសាងសង់ត្រូវបានបញ្ចប់អាមេរិកថាមូលដ្ឋាននេះនឹងបម្រើផលប្រយោជន៍ឱ្យយោធាចិនពេញទី៕RFI

Powered by Blogger.