រដ្ឋាភិបា​​​ល​ផ្ទេរ​មុខងារ​ក្នុង​​វិ​ស័​​យ​​អប់រំ​​ឱ្យ​​ថ្នាក់ក្រោម​​​ជាតិ

 ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ ឱ្យ​ក្រសួង​ ​ស្ថាប័ន​ ​និង​ភាគី​ពាក់ព័ន្ធ​ ​រៀបចំ​ផ្ទេរ​មុខងារ​ក្នុង​វិ​ស័យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ប្រគល់​ទៅ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ទូទាំង​ប្រទេស​មុន​ដំណាច់​ឆ្នាំ​២​០​២​៣​ ​ដើម្បី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​បន្ត​គ្រប់គ្រង​ ​និង​អនុវត្ត​នៅដើម​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​

សិស្សានុសិស្សថ្នាក់បឋមសិក្សាជ័យជំនះ។ រូបភាព៖ពុតសាម៉ាត់
ការផ្ទេរ​មុខងារ​ក្នុង​វិ​ស័យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ប្រគល់​ទៅ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នៅ​ទូទាំង​ប្រទេស​ ​ធ្វើឡើង​បន្ទាប់​រដ្ឋាភិបាល​អនុវត្ត​សាកល្បង​នៅ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់​ដំបង​ ​កាលពី​ឆ្នាំ​២​០​១​៦​ ​រហូត​ដល់​បច្ចុប្បន្ន​ ​គឺ​ទទួល​បាន​ជោគជ័យ​។​​ក្នុង​អនុក្រឹត្យ​ស្ដីពី​ ​ការផ្ទេរ​មុខងារ​ក្នុង​វិ​ស័​យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​កាល​ពីម្សិលមិញ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការផ្ទេរ​មុខងារ​លើ​វិ​ស័​យ​ខាងលើ​នេះ​ ​ដើម្បី​ផ្ដល់​សេវា​អប់រំ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​គុណភាព​ ​គណនេយ្យ​ភាព​ ​តម្លា​ភាព​ ​បរិ​យា​ប័ន្ន ​និង​សមធម៌​សង្គម​ ​តាមរយៈ​ការ​បង្ខិត​ការ​សម្រេច​ចិត្ដ​ ​និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រោម​ជាតិ​ទូទាំង​ប្រទេស​។​​អនុក្រឹត្យ​បញ្ជាក់​ថា​ ​ការ​ប្រគល់​មុខងារ​ក្នុង​វិ​ស័យ​អប់រំ​ ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​រួម​មាន​ ​ទី​១​ ​មុខងារ​គ្រប់គ្រង​ការ​អប់រំ​កុមារ​តូច​ ​ទី​២​ ​មុខងារ​គ្រប់គ្រង​ការអប់រំ​បឋម​សិក្សា​ ​និង​ទី​៣​ ​មុខងារ​គ្រប់គ្រង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។​អនុក្រឹត្យ​បន្ថែម​ថា​ ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (គ.ជ.អ.ប.) ​គឺជា​អ្នកដឹកនាំ​សម្របសម្រួល​ជាមួយ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​មុខងារ​សាធារណៈ​ ​និង​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​។​ការ​​​ដឹកនាំ​សម្របសម្រួល​ក្រសួង​ពាក់ព័ន្ធ​ខាងលើ​នេះ​ ​ដើម្បី​កំណត់​អំពី​ទំហំ​ ​ធនធាន​ហិរញ្ញវត្ថុ​ ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ ​លក្ខខណ្ឌ​បច្ចេកទេស​ ​និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដើម្បី​គ្រប់គ្រង​ ​ចាត់ចែង​ ​និង​ប្រើប្រាស់​សម្រាប់​អនុវត្ត​មុខងារ​អប់រំ​ ​យុវជន​ ​និង​កីឡា​ដែល​បាន​ប្រគល់​ ​និង​សម្រាប់​គាំទ្រ​ផ្នែក​រដ្ឋបាល​ដល់​ការ​អនុវត្ត​មុខងារ​ដែល​បាន​ប្រគល់​។​អនុក្រឹត្យ​បញ្ជាក់​ថា​៖​ ​«​ចំពោះ​បុគ្គលិក​អប់រំ​ដែល​បាន​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ត្រូវ​មាន​លក្ខខណ្ឌ​ការងារ​ ​បៀវត្ស​ ​និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​មិន​ទាប​ជាង​លក្ខខណ្ឌ​ការងារ​ ​បៀវត្ស​ ​និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ដែល​បុគ្គលិក​ទាំង​ ​នោះ​ធ្លាប់​បាន​ទទួល​មុន​ការផ្ទេរ​នេះ​ឡើយ​»​។​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​រស់​សុ​វាចា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ការផ្ទេរ​មុខងារ​ក្នុង​វិ​ស័យ​អប់រំ​នេះ​ ​ចំពោះ​គ្រឹះស្ថាន​ម​ត្តេយ្យ​សិក្សា​ ​និង​បឋម​សិក្សា​សាធារណៈ​ ​ព្រមទាំង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​គឺ​ត្រូវ​បញ្ចូល​ទៅ​ក្នុង​រចនាសម្ពន្ធ​នៃ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​នីមួយៗ​ផង​ដែរ​។​លោក​បន្ថែម​ថា​ ​សម្រាប់​មុខតំណែង​នានា​នៃ​រចនាសម្ពន្ធ​គ្រប់គ្រង​បច្ចុប្បន្ន​ ​ក៏​ត្រូវ​រក្សា​ក​ម្រិ​ត​ ​និង​ឋានៈ​ឱ្យ​នៅ​ដដែល​។​​លោក​បញ្ជាក់​ថា​៖​ ​«​គ្រឹះស្ថាន​ម​ត្តេយ្យ​សិក្សា​ ​បឋម​សិក្សា​ ​និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​គឺ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ការិយាល័យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​»​។​លោក​ ​ចាន់​ ​សុធា​ ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​ ​គ​.​ជ​.​អ​.​ប​. ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ក្របខណ្ឌ​នៃ​កំណែ​ទម្រង់​វិមជ្ឈការ​ ​និង​វិ​សហ​មជ្ឈការ​ វិ​ស័យ​អប់រំ​ត្រូវ​បាន​កំណត់​ថា​ ​ជា​វិ​ស័យ​អាទិភាព​មួយ​ដែល​ច្បាប់​ស្តីពី​ ​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​បាន​តម្រូវ​ឱ្យ​មាន​ការផ្ទេរ​មុខងារ​ ​និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​វិ​ស័យ​អប់រំ​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​​លោក​បន្ថែម​ថា​ ​ការផ្ទេរ​មុខងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​នេះ​ ​គឺ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​គុណភាព​សេវា​អប់រំ​ ​ជាពិសេស​សេវា​អប់រំ​កុមារ​តូច​ ​សេវា​អប់រំ​បឋមសិក្សា​ ​សេវា​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​និង​ការ​អភិវឌ្ឍ​យុវជន​ ​តាមរយៈ​បង្ខិត​ការ​ធ្វើ​សម្រេច​ចិត្ត​ ​និង​ទទួលខុស​ទៅ​ឱ្យ​ថ្នាក់ក្រោម​ជាតិ​ ​ដែល​នៅ​កៀក​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​​លោក​ ​ចាន់​ ​សុធា​៖​ ​«​កាលពីដើម​ឆ្នាំ​២​០​២​៣​ ​គ.ជ.អ.ប. ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​មួយ​ ​ដើម្បី​សិក្សា​វាយ​តម្លៃ​លើ​ការ​អនុវត្ត​មុខងារ​អប់រំ​ ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​។​ ​ការសិក្សា​វាយ​តម្លៃ​បាន​បង្ហាញ​ថា​ ​មាន​លទ្ធផល​ល្អ​ប្រសើរ​»​។​ប្រធានមន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ខេត្ត​បាត់​ដំបង​ ​លោក​ ​យី​ ​សុង​គី​ ​ធ្លាប់​ឱ្យ​ដឹង​ថា​ ​ខេត្ត​បាត់​ដំបង​ ​គឺជា​ខេត្ត​គំរូ​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​ជ្រើសរើស​ ​ដើម្បី​អនុវត្ត​ផ្ទេរ​មុខងារ​ពី​ថ្នាក់​ជាតិ​ ​ទម្លាក់​មក​ថ្នាក់ក្រោម​ជាតិ​ ​ជាពិសេស​ ​ផ្ទេរ​មុខងារ​ទៅ​ឱ្យ​រដ្ឋបាល​ ​ក្រុង​ ​ស្រុក​ ​ដោយ​ចាប់ផ្ដើម​ពី​ក​ម្រិ​តម​ត្តេយ្យ​សិក្សា​ ​បឋម​សិក្សា​ ​និង​មជ្ឈមណ្ឌល​អប់រំ​ក្រៅ​ប្រព័ន្ធ​។​លោក​បន្ថែម​ថា​ ​ការផ្ទេរ​មុខងារ​នេះ​ ​គឺ​ផ្ទេរ​ទាំង​បុគ្គលិក​ ​ទាំង​ការ​គ្រប់គ្រង​លើ​បុគ្គលិក​ ​ផ្ទេរ​ទាំង​ថវិកា​ ​និង​ផ្ទេរ​ទាំង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​ប្រធានមន្ទីរ​បញ្ជាក់​ថា​៖​ ​«​ការផ្ទេរ​ពី​ថ្នាក់​ជាតិ​ ​មក​ថ្នាក់​ក្រោម​ជាតិ​ ​រដ្ឋបាល​ឃុំ​សង្កាត់​ ​ក៏បាន​រួម​ចំណែក​ផ្ដល់​ថវិកា​មួយ​ចំនួន​ ​ដើម្បី​អភិវឌ្ឍ​សាលារៀន​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ​ ​គឺ​មាន​ដូចជា​ ​ធ្វើ​ផ្លូវ​បេតុង​ ​ជួសជុល​អគារសិក្សា​ ​ឬ​ធ្វើ​​បង្គន់​អនាម័យ​ ​ជាដើម​»​។លោក​​ថា​ ​ការផ្ទេរ​មុខងារ​អប់រំ​មក​ថ្នាក់​ក្រោម​ជាតិ​ ​មាន​ភាព​ងាយ​ស្រួល​ដល់​បុគ្គលិក​អប់រំ​ ​ព្រោះ​បើ​មាន​បញ្ហា​ ​ឬ​ចង់​ស្នើ​សុំច្បាប់​ ​ឬ​សុំ​លម្ហែ​មាតុភាព​ ​ឬក៏​ដំឡើង​កាំ​ប្រាក់​ ​គឺ​ធ្វើ​ឡើង​ត្រឹម​ ​ក្រុង​ ​ស្រុក​ ​គឺ​មិន​ចាំបាច់​ឡើង​ដល់​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា​ខេត្ត​ ​នោះ​ទេ៕​Khmer Times



 

Powered by Blogger.