មូលហេ​​តុ៤ដែលចាកចេញនិងលា​លែងពីតំណែង​នា​យករដ្ឋមន្រ្តី

សម្តេចហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​លើកឡើងថាមានមូលហេតុ៤ដែល​សម្ដេចសម្រេចចាកចេញពីតំណែង​នាយក​រដ្ឋ​មន្ត្រីដោយទី១.ការផ្ទេរតំណែង​នៅ​ពេល​នេះគឺមានស្ថេរភាព និងសុវត្ថិភាព ជាងពេល​ដែល​យើងចាស់ឬស្លាប់។

ទី២. ក្រុមយុវជន​បន្ត​វេន​បានត្រៀមខ្លួនយ៉ាងល្អដើម្បីទទួល​អម្រែកបន្តពីថ្នាក់ដឹកនាំជំនាន់មុន រួចហើយ។ ទី​៣.ជំនាន់​ចាស់ចាកចេញពីតំណែងដឹកនាំ ។ប៉ុន្តែមិនមែនចាកចេញពីឆាកនយោបាយទេនិង ទី៤. សភាព​ការណ៍គ្រប់ផ្នែកអនុគ្រោះ​ឱ្យ​ក្រុម​បន្តវេនអាចចេញដំណើរបាន។ការលើក​ឡើងរបស់សម្ដេចនាយករដ្ឋ​មន្រ្ដី​បែប​នេះក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ​ក្រវ៉ាត់​​ក្រុងទី៣ ប្រវែងជិត ៥៣គីឡូម៉ែត្រ និង​ទទឹង២២ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុង​សង្កាត់​​ចោមចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ​រាជធានីភ្នំពេញ ភ្ជាប់ទៅផ្លូវជាតិលេខ១ ក្នុង​ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹក​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។សម្តេចហ៊ុន សែន បានថ្លែងថា ទី១ ការផ្ទេរនាពេលនេះមានស្ថិរភាពនិង​សុវត្ថិ​ភាព​ជាងពេលដែលយើងចាស់ ឬស្លាប់ ហើយវាមិនមែនជា ការល្អទេប្រសិនជាយើង​ចាស់​ពេក ឬយើងស្លាប់មុនការផ្ទេរអំណាច។ សម្តេចបានថ្លែងបញ្ជាក់ថា៖ «តើមាន​មនុស្ស​ប៉ុន្មាន​នាក់ទៅនៅកម្ពុជាកាលពីសម័យដើមរហូតមកបច្ចុប្បន្ន ដែលធ្លាប់បានលះ​បង់​អំណាច​យុវជនដូចរូបខ្ញុំ។ ក្នុងពេលដែលខ្ញុំនៅមានលទ្ធភាពអាចធ្វើនាយករដ្ឋមន្ត្រី​បាន៥ឆ្នាំ ឬ១០ឆ្នាំទៀត។ មានសំណួរជាច្រើនសួរថាក្រោយហ៊ុនសែនជានរណា។ ឥឡូវ​យើង​ដាក់ចេញជាសំណួរទៅ វិញថាប្រសិនជាខ្ញុំស្លាប់ថ្ងៃនេះឬថ្ងៃស្អែក ឬឆ្នាំក្រោយ។តើមាន​រឿងអ្វីនឹងកើតឡើងនៅពេលនោះ ។ បើយើងមិនបានត្រៀមរៀបចំសម្រាប់អ្នកបន្តវេន។»សម្តេចនាយករដ្ឋមន្រ្ដីបានរម្លឹកផងដែរថាយើងពិតជាគោរពទៅដល់ព្រះ​រាជ្យតម្រិះរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានដាក់រាជ្យ និងផ្ទេរ​រាជសម្បត្តិទៅព្រះរាជបុត្ររបស់ព្រះអង្គហើយ៧ឆ្នាំមុនពេលដែលព្រះអង្គ សោយ​ទីវង្គតនិងអាចនិយាយបានថានេះគឺជាព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រ។សម្តេចបន្តថា បទពិសោធន៍នេះវាក៏បានផ្ដល់មេរៀនដល់សម្ដេចឱ្យយកគំរូនៃការ​បន្តវេន​នេះឱ្យយុវជនជំនាន់ក្រោយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ 

សម្តេចលើកឡើងថា៖«ប្រសិនខ្ញុំស្លាប់នៅក្នុងពេលដែលខ្ញុំកាន់តំណែងជា នាយករដ្ឋមន្ត្រីតើអ្នកណាជាអ្នករៀបចំគណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលយើងមាន​ច្បាប់​រដ្ឋ​ធម្មនុញ្ញបានកំណត់ថា ប្រសិនបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រី​មួយ​ត្រូវរៀបចំឡើងវិញ។ នេះវាជាការស្មើនឹងការរំលាយគណៈរដ្ឋមន្ត្រី គឺរំលាយរដ្ឋាភិ​បាល​តែម្ដង​។ ប៉ុន្តែយើងបានកែររដ្ឋធម្មនុញ្ញនេះទាន់ពេលគឺពេលដែលនាយករដ្ឋ​មន្ត្រី​ស្លាប់ នាយករដ្ឋមន្ត្រីស្តីទីដែលត្រូវបានកំណត់ និងបែងចែកភារកិច្ចនោះនឹងត្រូវដឹក នាំរាជ​រដ្ឋាភិ​បាលបន្តរហូតមានរដ្ឋាភិបាលថ្មីមួយចូលមកជំនួស។ ដូច្នេះប្រសិនជាមានការ​ប្រជែង​តំណែងនាយករដ្ឋមន្ត្រីនៅក្នុងបក្សតើវានឹងមានអ្វីកើតឡើង វាអាចមានការបង្ហូរ ឈាមទៀតផងព្រោះតំណែងនាយករដ្ឋមន្ត្រីអ្នកណាក៏ចង់បានដែរ»។ សម្ដេចតេជោនាយក​រដ្ឋ​មន្រ្ដី​បានបន្ដទៀតថា ដូចនេះការផ្ទេរតំណែងឱ្យយុវជនតែម្ដងគឺបង្ហាញថាយើងមាន​សេចក្តី​សុខទាំងអស់គ្នា ហើយអ្នករួមដំណើរ ជាមួយនឹងក្រុមយុវជនវ័យក្មេង និងបន្តថែរក្សា​នូវ​សុខសន្តិភាពចំណុចនេះគឺជាចំណែកសំខាន់ណាស់។ សម្ដេចហ៊ុន សែន បានលើកឡើងថាទី២ ជំនាន់ក្រោយបញ្ចូលមកដឹក​នាំ​គណៈរដ្ឋមន្រ្តីនៅពេលពួកគេបានរៀបចំខ្លួនបានយ៉ាងល្អ ហើយពួកគេមកទទួលអម្រែកពីពួកយើងជាមនុស្សចាស់សម្រាប់ដំណាក់កាវែង ហើយពួកគេមិនមែនជាក្មេងទៀតទេ។ សម្ដេចអះអាងថា៖ «បើ​ប្រៀបធៀបជាមួយខ្ញុំ។ខ្ញុំកាន់អំណាចនៅពេលដែលខ្ញុំចូលធ្វើ​នាយករដ្ឋមន្ត្រីគឺខ្ញុំមានអាយុត្រឹមតែ ៣២ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះហ៊ុន ម៉ាណែត មាន​អាយុ​រហូតដល់៤៦ឆ្នាំ។ បានន័យថាអាយុច្រើនជាងខ្ញុំ១៤ ឆ្នាំ ពួក គេបានទៅហ្វឹកហាត់​គ្រប់​គ្រាន់ហើយ»។ សម្ដចថ្លែងឱ្យដឹងថា ក្រុមវ័យក្មេងរបស់យើងបានដាក់បញ្ចូល​ទៅ​ជាឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​យូរហើយ ដូចជាឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន,ឯកឧត្ដម ហង់ ជួន ណារ៉ុង, ឯកឧត្ដម សាយ សំអាល់, ឯកឧត្ដម ឌិត ទីណា, ឯកឧត្ដម ជា វណ្ណដេត និង​មន្រ្តីវ័យក្មេងជាច្រើនទៀតបាននៅអមជារដ្ឋលេខាធិការរួចទៅហើយ។ ក្រៅពីនោះ​យើងនៅ​​មានរដ្ឋមន្ត្រីមួយចំនួនទៀតដូចជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈមិនធ្វើការដោះដូរទេ ។​សម្ដេចនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ចំណែកទី៣ជំនាន់ចាស់​មិនទាន់​ចាកចេញពីឆាកនយោបាយទេ ដែលសម្ដេចនៅតែជាប្រធានគណបក្សកាន់​អំណាចអម​ដោយអនុប្រធានគណបក្ស៤ រូប។ សម្តេចបានគូសបញ្ជាក់ផងដែរថា សម្តេចមិនព្យា យាមទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មីឬរដ្ឋមន្ត្រីនៅតាមស្ថាប័ននោះ​ទេ​និយា​ជារួមយើងនឹងមិនព្យាយាមជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនោះឡើយ។ ចំពោះមូលហេតុទី៤ សភាពការណ៍អនុញ្ញាតឱ្យក្រុមយុវជនចេញបន្តវេនហើយ ។ ត្រង់ចំណុចនេះសម្ដេចបានបញ្ជាក់បន្ថែមថា៖«យើងបានរៀបចំសេនារីយោនៅ​មុន​បោះឆ្នោតថាប្រសិនជាសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា ទទួលបានក្រោម ៧៤ ភាគរយ គឺសម្តេចនឹងបន្តដឹកនាំរាជរដ្ឋាភិបាល។ ​។ប៉ុន្តែសន្លឹកឆ្នោតនាពេលនេះ​បានបង្ហាញ​ច្បាស់​ថាប្រជាជនគាំទ្រ ហ៊ុន ម៉ាណែត ។ ដូចនេះ វាដល់ពេលហើយដែលក្រុមយុវជនបន្ត​វេន​ចូលកាន់តំណែងហើយ»៕AKP


Powered by Blogger.