កម្ពុជាបន្តហា​មឃាត់ក្រុមប្រឹក្សាមេ​តាទាំង២២នាក់

 ក្រសួងប្រៃសណីយ៍នៅថ្ងៃពុធម្សិលមិញសម្រេចអនុញ្ញាតឲ្យមានតំណាងក្រុមហ៊ុនMetaក្នុងប្រទេសកម្ពុជាឡើងវិញនៅក្រោយការសម្រេចរបស់ក្រុមហ៊ុនMetaមិនដាក់ពិន័យលើទំព័រហ្វេសប៊ុករបស់អតីតនាយករដ្ឋមន្រ្តីហ៊ុនសែន ។ ក៏ប៉ុន្តែសមាជិកក្រុមប្រឹក្សាភិបាលទាំង២២រូបរបស់ក្រុមហ៊ុនមេតា នៅតែត្រូវបានកម្ពុ​ជាបន្តមិនអនុញ្ញាតឲ្យជាន់ទឹកដីកម្ពុជាដដែល ដែលបើតាមក្រសួងប្រៃសណីយ៍ គឺដោយសារអ្នកទាំង២២រូប​​ បានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

អតីតនាយករដ្ឋមន្រ្តីហ៊ុនសែន។Rerters
មួយ​ថ្ងៃ​ក្រោយ​ក្រុមហ៊ុន​មេតា បដិសេធ​សំណើ​របស់​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន (Meta Oversight Board) ដោយ​មិន​ដាក់​ពិន័យ​លើ​គណនី​ហ្វេសប៊ុក​និង​អ៊ីន​ស្តា​ក្រាម​របស់​សម្តេច​ហ៊ុន​សែន​ កម្ពុជា​ក៏​សម្រេច​អនុញ្ញាត​ឲ្យ​មាន​តំណាង​ក្រុមហ៊ុន​មេតា ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។ ក៏​ប៉ុន្តែ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ទាំង​២២​រូប ដែល​បាន​លើក​សំណើ​នេះ ត្រូវ​បាន​កម្ពុជា​បន្ត​មិន​ស្វាគមន៍​ឲ្យ​ជាន់​ទឹកដី​កម្ពុជា​ដដែល។យោងតាមក្រុមហ៊ុនមេតា នៅថ្ងៃទី២៨សីហា ការសម្រេចបដិសេធ សំណើរបស់ក្រុមប្រឹក្សាភិបាល គឺ ជាសំណើមិនស៊ីសង្វាក់ទៅនឹងគោលការណ៍របស់ខ្លួន។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនមេតាបានឯកភាពដកឃ្លីបវីដេអូដែលមានខ្លឹមសារត្រូវបានយកជជែកដេញដោលដ៏ចម្រូងចម្រាស ចេញពីទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន សែន ។នៅចំពោះមុខនេះក្រសួងប្រៃសណីយ៍បានអបអរចំពោះការសម្រេចរបស់ក្រុមហ៊ុនMeta ដោយចាត់ទុកថាជាការវិនិច្ឆ័យដ៏ត្រឹមត្រូវមួយ និងអាចបញ្ជាក់ពីសុចរិតភាពនៃខ្លឹមសារមាតិកាលើគណនីផ្លូវការរបស់អតីតនាយករដ្ឋមន្រ្តីរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយក្រសួងបញ្ជាក់ថា នឹងមិនដកចំណាត់ការរបស់លើបុគ្គលទាំង២២រូបដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតាឡើយពោលគឺបន្តហាមឃាត់វត្តមានជនបរទេសទាំងនោះក្នុងទឹកដីកម្ពុជាដដែល ក្រោមហេតុផលថា ពួកគេបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រៃកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតាទាំង២២រូប ដែលត្រូវបានគេមើលឃើញថា សុទ្ធសឹងតែជាក្រុមប្រឹក្សាថ្នាក់ខ្ពស់ឯករាជ្យរបស់ក្រុមហ៊ុនមេតា និងដែលរួមមានទាំងអ្នកសារព័ត៌មាន អតីត​នាយក​រដ្ឋ​មន្ត្រី​ប្រ​ទេស​ដាណឺម៉ាកនិងម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព។ ​សូមរំលឹកថាកន្លងមក សម្តេចហ៊ុនសែន ដែលកាលនោះជានាយករដ្ឋមន្រ្តី បានប្រកាសបិទទំព័រហ្វេសប៊ុកខ្លួនចោលជាស្ថាពរនិងស្នើឲ្យហ្វេសប៊ុកលុបឈ្មោះសម្តេចចេញពីហ្វេសប៊ុកតែម្ដង ក្រោយសំណើរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតា ឲ្យពិចារណាព្យួរទំព័ហ្វេសប៊ុកនិងអ៊ីនស្តាក្រាមផ្លូវការរបស់សម្តេច។  ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតា ដែលអះអាង ឃ្លីបវីដេអូមួយដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកសម្តេចហ៊ុនសែន កាលពីខែមករា មានខ្លឹមសារគំរាមកំហែង ដែលបំពានលើស្តង់ដារស្ដីពីហិង្សានិងការញុះញង់ក្នុងសហគមន៍របស់ក្រុមហ៊ុនមេតា។  ក្នុងពេលជាមួយគ្នានេះ ក្រសួងប្រៃសនីយ៍ បាន​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ចេញ​ពី​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាព ដូច​ជា​ភាព​ជា​តំណាង​របស់​ក្រុមហ៊ុន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា។ ចំណែក ក្រសួងការបរទេសកម្ពុជាវិញបានចេញសេចក្តីសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតាចំនួន ២២នាក់ មិនឱ្យចូលកម្ពុជា ឬត្រូវចាកចេញពីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោង ប្រសិនបើពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជា។យ៉ាងណាក៏ដោយ ប្រមាណមួយខែក្រោយមកទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន​ សែន ត្រូវបានបើកដំណើរការឡើងវិញ ដោយអះអាងថា ជាការសម្រេចនិងការគ្រប់គ្រងដោយទីប្រឹក្សាមួយរូបរបស់សម្តេច។គួរជម្រាបដែរថាហ្វេសប៊ុកឬមេតាគឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ពេញនិយមជាងគេក្នុងចំណោមពលរដ្ឋកម្ពុជា ដែលត្រូវបានគេមើលឃើញថា ជាបណ្ដាញដ៍មានសារៈសំខាន់សម្រាប់អ្នកនយោបាយខ្មែរ ប្រើជាឧបករណ៍ថ្លែងសារនយោបាយរបស់ខ្លួន៕RFI

Powered by Blogger.