ការច្រានចោ​លចំពោះការ​ចុះផ្សាយវិទ្យុអាស៊ី​សេរី

ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះជាមួយនឹងអត្ថបទមួយ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីកបាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន»។សេចក្តីប្រកាសបដិសេធបានលើកឡើងទៀតថា ព័ត៌មាននេះមិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិ និងអន្តរជាតិ។
សេចក្តីប្រកាសបដិសេធបានបញ្ជាក់ថាព្រែកមួយខ្សែដែលវិទ្យុអាស៊ីសេរីបានលើកឡើងនោះមានឈ្មោះថា ព្រែកកំពង់ស្នាយ គឺជាព្រែកដែលមានបង្ហាញនៅលើផែនទីបោតខ្នាត១/១០០​ ០០០របស់ក្រុមភូមិសាស្រ្តឥណ្ឌូចិនដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ជាតិ​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បានខិតខំ​ចរចា​យ៉ាង​ស្វិតស្វាញ​ជាមួយ​ភាគី​វៀតណាម រហូតសម្រេចបានខ្សែព្រំដែន ដើរតាមពាក់កណ្តាលព្រែកវិញ ដោយស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តអន្តរជាតិ ដែលពលរដ្ឋរស់នៅតាមបណ្តោយព្រែកមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ទឹក ការធ្វើនាវារចរណ៍ និងការនេសាទជាដើម។សេចក្តីប្រកាសបដិសេធរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានអំពាវនាវដល់សាធារណជនកុំជឿ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះប៉ុន្តែត្រូវចែករំលែកឱ្យបានទូលំទូលាយនូវសេចក្តីបំភ្លឺនេះដើម្បីអោយមហាជនបានយល់ជ្រួតជ្រាបអំពីការពិតលើបញ្ហានេះ៕AKP/Khmer Times

Powered by Blogger.