ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានរាយការណ៍កាលពីថ្ងៃទី២៥ ខែសីហាថា ធនាគាររដ្ឋវៀតណាម (State Bank of Vietnam-SBV) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ការទូទាត់ក្នុងតំបន់ជាមួយធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។
 |
ក្នុងពិធីចុះហត្ថលេខាលើ MoU។រូបថត៖ VNA//KhmerTimes |
កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងគោលបំណងបង្កើតយន្តការទូទាត់ឆ្លងដែនក្នុងចំណោមប្រទេសនានាក្នុងតំបន់។កិច្ចព្រមព្រៀងនេះបានគូសបញ្ជាក់ពីកិច្ចសហការរបស់វៀតណាមជាមួយប្រទេសអាស៊ានទាំង៥ខាងលើ រួមទាំងការប្រើប្រាស់ប្រព័ន្ធស្កែនកូចQR សម្រាប់សកម្មភាពលក់ដូរ។ប្រទេសឥណ្ឌូនេស៊ីបានភ្ជាប់ប្រព័ន្ធទូទាត់កូដQRរបស់ខ្លួនជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចហើយ។ហើយគ្រោងនឹងបង្កើតការតភ្ជាប់ជាមួយសិង្ហបុរីនៅចុងឆ្នាំនេះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ទេសាភិបាលធនាគារឥណ្ឌូនេស៊ី លោក Perry Warjiyoបាននិយាយថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងបង្កើនភាពធន់របស់ប្រទេសអាស៊ានប្រឆាំងនឹងការប្រែប្រួលនៃអត្រាប្តូរប្រាក់ផងដែរ។យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៍មានNewswire បានឱ្យដឹងថាដោយមានចំនួនប្រជាជនជាង៦០០លាននាក់អាស៊ានបានប្រឈមមុខនឹងបញ្ហាជាច្រើនឆ្នាំក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកសមាហរណកម្មពាណិជ្ជកម្មដែលមានតម្លៃ២,៣ទ្រីលានដុល្លារ។កាលពីពាក់កណ្តាលខែមិថុនា មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានប្រកាសថា ក្នុងពេលឆាប់ៗនេះ ប្រទេសកម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគាររដ្ឋវៀតណាម និងធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ (BOL) និងប្រទេសដទៃទៀតនៅក្នុងតំបន់ ឆ្ពោះទៅរកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក នៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនស្រមតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីបង្កើតភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ៕VNA/KhmerTimes
Post a Comment