លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មានត្រូវចេះសហការគ្នារកព័ត៌មានពិត ផ្សព្វផ្សាយឱ្យបានលឿនផ្សព្វផ្សាយឱ្យគ្រប់ប្រព័ន្ធបណ្ដាញសង្គម ទើបអាចក្លាយជាអ្នកសារព័ត៌មានមួយដែលខ្លាំង។
 |
|
លោកបានបញ្ជាក់ថា អ្នកសារព័ត៌មានខ្លាំងនាពេលបច្ចុប្បន្នត្រូវចេះចែករំលែកព័ត៌មានឱ្យបានលឿន ផ្សាយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងចេះសាមគ្គីគ្នា ទើបទទួលបានលទ្ធផលល្អ ប្លែក ដើម្បីដើរទាន់សម័យកាល។ ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា ធ្វើជាអ្នកសារព័ត៌មានត្រូវយល់ដឹងពីច្បាប់របបសារព័ត៌មាន ពីព្រោះបើអ្នកសារព័ត៌មានយល់ច្បាស់ គោរពទៅតាមច្បាប់នេះ នឹងទទួលបានការការពារស្របតាមច្បាប់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា សម្រាប់មន្ត្រីនៃក្រសួងព័ត៌មានទាំង៥អគ្គនាយកដ្ឋាន ដែលចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានមិនពិត ជូនដល់ប្រជាពលរដ្ឋ។លោកបានថ្លែងបញ្ជាក់បន្ថែមថា៖ «ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានទេ វាទាមទារយើងត្រូវតែសហការគ្នា អីចឹងជួនកាលទូរទស្សន៍គាត់មានព័ត៌មានល្អ អីចឹង AKP មើលឃើញល្អ គាត់អាចសរសេរបានថែមលើហ្នឹង អាចស្រាវជ្រាវមួយជ្រុងទៀតយកមកសរសេរ។ ទី២នៅក្នុងការឃោសនារបស់សត្រូវរបស់យើង អ្នកដែលប្រឆាំងយើងគេខិតខំផ្សាយពីនេះ ពីនោះ យើងត្រូវចេះក្រុមប្រឆាំងគេមានតូចមួយទេ គេយកមកផ្សាយ យកមកបន្ដគ្នា។ ដែលខ្ញុំតែងនិយាយថាព័ត៌មានគឺជាការផ្លាស់ប្ដូរដំណឹង ការបន្តគ្នាទៅវិញទៅមកទើបយើងមានឥទ្ធិពលខ្លាំង។ ហើយយើងក៏អីចឹងដែរបើយើងមានដំណឹងពីខេត្តមួយ យើងយកមកច្នៃ ហើយយើងផ្សាយវិទ្យុ ផ្សាយទូរទស្សន៍ ផ្សាយ AKP បណ្ដាក់គ្នា ដូចយើងលេងតន្ត្រី លេងម្នាក់ឯងពិរោះផ្សេង បើស្គរវិញវ៉ៃខ្លាំងគេជេរទៀត តែបើលេងជាមួយភ្លេងទៅជាពិរោះ។ អីចឹង ព័ត៌មានក៏ដូចគ្នាដែរវាជាការសំខាន់ណាស់ នៅថ្ងៃនេះដែរម្នាក់ៗអាចធ្វើជាអ្នកផ្សព្វផ្សាយមួយ មានដូចជា facebook, Instagram Tik tok អីចឹង បាន គឺទាមទារនូវការប្រើប្រាស់ព័ត៌មានរបស់យើងមិនមែនតែទូរទស្សន៍ផ្សាយទទួលទូរទស្សន៍ចប់ទេ យើងត្រូវផ្សាយតាមវេបសាយ តាមបណ្ដាញផ្សេងៗ»។លោករដ្ឋមន្រ្ដីបានលើកឡើងទៀតថា ពីដើមយើងដើររកព័ត៌មាន។ប៉ុន្តែបច្ចុប្បន្ននេះព័ត៌មានចូលរកយើងដល់ក្នុងមុង។ ដូច្នេះទាមទារមន្ត្រីព័ត៌មានយើងមានការយល់ដឹងខ្ពស់ ដើម្បីយល់ដឹងខ្ពស់បានសំខាន់គឺធ្វើការជាមួយគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា។ លោកបានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «ដូចខ្ញុំបាននិយាយម្ដងហើយ សម័យមុនអ្នកណាក្ដាប់ព័ត៌មានបានគឺក្ដាប់អំណាច តែសម័យនេះអ្នកណាចែករំលែកព័ត៌មានបានលឿន អ្នកនោះក្ដាប់អំណាច ពីព្រោះព័ត៌មានគឺមានច្រើនបើយើងក្ដាប់ទុកតែខ្លួនឯង អ្នកផ្សេងអត់ដឹងគឺធ្វើការមិនស៊ីចង្វាក់គ្នាបានទេ។ អីចឹងការបែងចែកព័ត៌មាននេះ គឺសំខាន់ណាស់ នេះគឺជាសារៈសំខាន់ដែលយើងត្រូវយល់»។សូមបញ្ជាក់ថា ក្នុងការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣នេះ គឺមានចំនួន៧០នាក់ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្ដីពីរបបសារព័ត៌មាន៕AKP
Post a Comment