រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី Sretthaនឹងចែកចាយប្រាក់ចំនួន៥៦០ ពាន់លានបាត(១៦ពាន់លានដុល្លារ)ទៅក្នុងកាបូបអេឡិចត្រូនិកសម្រាប់ប្រជាជនថៃដើម្បីជំរុញការប្រើប្រាស់។យោងតាមសេចក្តីសម្រេចនេះ ប្រជាពលរដ្ឋថៃម្នាក់ៗដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ចំនួន ១០,០០០បាត (ជាង២៨០ដុល្លារ) តាមរយៈកាបូបអេឡិចត្រូនិកដើម្បីចំណាយលើទំនិញនិងសេវាកម្មមួយចំនួនក្នុងរយៈពេលជាក់លាក់ណាមួយ។លោក Sretthaបាននិយាយថា ទឹកប្រាក់សរុបចំនួន៥៦០ពាន់លានបាត នឹងត្រូវចំណាយក្នុងរយៈពេល៦ខែ ដោយប្រើប្រាស់ថវិការដ្ឋនិងពន្ធបន្ថែមដោយមិនមានការខ្ចីប្រាក់ថ្មី។
 |
នាយករដ្ឋមន្ត្រីថៃ លោកSrettha Thavisinថ្លែងក្នុងទីក្រុងបាងកក ថ្ងៃទី៥ ខែកញ្ញា។ រូបថត៖ AFP |
នេះជាគោលនយោបាយមួយក្នុងការស្តារសេដ្ឋកិច្ចដែលនៅទ្រឹងដែលលោកនាយករដ្ឋមន្ត្រី Sretthaចាត់ទុកថាជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។ យោងតាមលោកផែនការនេះនឹងត្រូវបានធានាក្នុងការចែកចាយលំហូរសាច់ប្រាក់ឱ្យស្មើៗគ្នានៅទូទាំងគ្រប់វិស័យដោយរំពឹងថានឹងដើរតួនាទីក្នុងការធ្វើឱ្យសេដ្ឋកិច្ចថៃមានភាពសកម្មនិងភ្ញាក់រលឹក។ក្រុមមន្ត្រីបាននិយាយថា ឥទ្ធិពលលើសេដ្ឋកិច្ចអាចមាន៤ដងនៃចំនួនទឹកប្រាក់ដែលបានចែកចាយដោយបង្កើនកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយដល់៥% ពីការព្យាករណ៍២.៨% នៅឆ្នាំនេះ។ប៉ុន្តែផែនការនេះអាចបង្កើនឱនភាពហិរញ្ញវត្ថុដោយកំណត់សមត្ថភាពរបស់ប្រទេសថៃក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនាពេលអនាគត ។នេះបើយោងតាមការវាយតម្លៃដោយអ្នកជំនាញសេដ្ឋកិច្ចអាមេរិក និងជប៉ុន។លោកSrettha Thavisinអាយុ ៦០ឆ្នាំ តំណាងគណបក្សភឿថៃ បានក្លាយជានាយករដ្ឋមន្ត្រីថៃថ្មីកាលពីខែសីហា ដោយបញ្ចប់ភាពជាប់គាំងនយោបាយក្នុងប្រទេសរយៈពេល៣ខែ។ ភ្លាមៗបន្ទាប់ពីជាប់ឆ្នោតលោកSretthaThavisinថ្លែងអំពីអាទិភាពគោលនយោបាយរបស់លោកក្នុងអាណត្តិរបស់លោក ដោយសង្កត់ធ្ងន់លើសេដ្ឋកិច្ច និងជំហរជាតិ។នាយករដ្ឋមន្ត្រីថៃថ្មីចូលកាន់តំណែងក្នុងបរិបទដែលប្រទេសនេះប្រឈមនឹងហានិភ័យនៃអតិផរណាកើនឡើងខ្ពស់នៅពេលដែលគ្រោះរាំងស្ងួតបានគំរាមកំហែងកាត់បន្ថយទិន្នផលដំណាំសំខាន់ៗដូចជាស្រូវ និងអំពៅដែលបណ្តាលឱ្យកសិករនិងអាជីវកម្មខ្នាតតូចប្រឈមនឹងការលំបាកជាច្រើន។ផែនការបែងចែកលុយពីមុនត្រូវបានស្នើឡើងដោយគណបក្សភឿថៃ ប្រសិនបើបេក្ខជនរបស់គណបក្សនេះជាប់ឆ្នោត និងបង្កើតរដ្ឋាភិបាល ។ប៉ុន្តែត្រូវប្រឈមមុខនឹងការរិះគន់ជាបន្តបន្ទាប់ពីគណបក្សផ្សេងទៀត។ ការបង្កើតប្រព័ន្ធរូបិយប័ណ្ណឌីជីថលដើម្បីអនុវត្តកម្មវិធីនេះក៏អាចបង្កើតផលប៉ះពាល់មួយចំនួននៅលើទីផ្សារផងដែរ៕ប្រភព Bloomberg, Bangkok Post
Post a Comment