ជម្លោះរ​យៈពេល៣ទសវ​ត្សរ៍បានធ្វើឱ្យ​Nagor​no-Karab​akh

 Nagorno-Karabakh បានក្លាយជាចំណុចក្តៅនៃភាពតានតឹងរវាង អាស៊ែបៃហ្សង់និងអាមេនីចាប់តាំងពីឆ្នាំ១៩៩០ហើយបានរីករាលដាលកាន់តែខ្លាំងឡើងទៅជាអំពើហិង្សាធ្ងន់ធ្ងរ។កាលពីថ្ងៃទី១៩ខែកញ្ញា កងទ័ពអាស៊ែបៃហ្សង់បានចាប់ផ្តើម "ប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម" សំដៅលើកងកម្លាំងបំបែកខ្លួនដែលគាំទ្រអាមេនីនៅ Nagorno-Karabakh ។មួយថ្ងៃក្រោយមកពួកបំបែកខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ យល់ព្រមដាក់អាវុធ និងរំសាយកងកម្លាំងរបស់ពួកគេ បន្ទាប់ពីបីទសវត្សរ៍នៃការគ្រប់គ្រងទឹកដីនេះ។តំបន់ Nagorno-Karabak នៅភាគខាងត្បូងCaucasusបានក្លាយជាជម្លោះក្តៅគគុកក្នុងទំនាក់ទំនងអាមេនី-អាស៊ែបៃហ្សង់ជាយូរមកហើយ។ ទឹកដីនេះត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃ អាស៊ែបៃហ្សង់ ។ប៉ុន្តែតំបន់ភាគច្រើនត្រូវបានគ្រប់គ្រងដោយជនជាតិអាមេនី។

កងកម្លាំងគាំទ្រដោយអាមេនីនៅ Nagorno-Karabakh បានបាញ់ផ្លោងលើទីតាំងកងទ័ពអាស៊ែបៃហ្សង់ក្នុងអំឡុងសង្គ្រាមឆ្នាំ ២០២០។ រូបថត៖ AFP
អាស៊ែបៃហ្សង់និងអាមេនីនាពេលបច្ចុប្បន្ននេះស្ថិតនៅក្នុងតំបន់មួយដែលបានឃើញការផ្លាស់ប្តូរជាច្រើនសតវត្សមកហើយ ដោយមានឥទ្ធិពលយ៉ាងខ្លាំងពីចក្រភពរុស្ស៊ី ចក្រភពអូតូម៉ង់ និងពែរ្ស។ ក្រោយសង្គ្រាមលោកលើកទី១សហគមន៍ទាំង២បានស្វែងរកការបង្កើតរដ្ឋរៀងៗខ្លួន ដោយរុស្ស៊ីគាំទ្រអាមេនី ហើយតួកគីគាំទ្រអាស៊ែបៃហ្សង់។Nagorno-Karabakh បានក្លាយជាចំណុចផ្តោតនៃភាពតានតឹង ពីព្រោះតំបន់ភ្នំនេះគឺជាផ្ទះរបស់ប្រជាជនជាច្រើនដែលមានដើមកំណើតអាមេនី លាយឡំជាមួយប្រជាជនដែលមានដើមកំណើតអាស៊ែបៃហ្សង់ ។ ប្រទេសទាំង២ចាត់ទុក Nagorno-Karabakh ជាប្រភពដើមនៃប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ពួកគេ។នៅឆ្នាំ១៩២១អាស៊ែបៃហ្សង់ និងអាមេនីបានក្លាយជាផ្នែកមួយនៃសហភាពសូវៀត។ មេដឹកនាំ Josef Stalin ដំបូងឡើយបានអនុញ្ញាតឱ្យ អាស៊ែបៃហ្សង់គ្រប់គ្រង Nagorno-Karabakh។ប៉ុន្តែនៅឆ្នាំ១៩២៣គាត់បានធ្វើឱ្យវាក្លាយជាតំបន់ស្វយ័តដែលមានប្រជាជនអាមេនីជាង៩០% ។នៅចុងទសវត្សរ៍ឆ្នាំ១៩៨០នៅពេលដែលឥទ្ធិពលរបស់សូវៀតបានធ្លាក់ចុះ Nagorno-Karabakh បានបោះឆ្នោតបោះបង់ឋានៈស្វយ័តរបស់ខ្លួនដើម្បីក្លាយជាផ្នែកមួយនៃប្រទេសអាមេនី។ អាស៊ែបៃហ្សង់បានព្យាយាមទប់ស្កាត់ចលនាផ្តាច់ខ្លួននេះ ដែលនាំទៅដល់ការផ្ទុះជម្លោះជនជាតិជាមួយអាមេនី។ បន្ទាប់ពីប្រទេសទាំង២បានប្រកាសឯករាជ្យពីប្រទេសរុស្ស៊ីនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ជម្លោះទ្រង់ទ្រាយធំដំបូងបានផ្ទុះឡើងដោយបានសម្លាប់មនុស្សជាង៣0,000នាក់។ការប្រយុទ្ធគ្នាបានបញ្ចប់ជាមួយនឹងបទឈប់បាញ់រវាងភាគីរុស្ស៊ីក្នុងឆ្នាំ ១៩៩៤បន្ទាប់ពីកងកម្លាំងអាមេនីបានកាន់កាប់ Nagorno-Karabakh និងតំបន់ជុំវិញនោះ។ នៅក្រោមកិច្ចព្រមព្រៀង Nagorno-Karabakhនៅតែជាផ្នែកមួយនៃអាស៊ែបៃហ្សង់។ប៉ុន្តែត្រូវបានដឹកនាំដោយពួកបំបែកខ្លួនអាមេនីនិងគាំទ្រដោយរដ្ឋាភិបាលអាមេនី។ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​បាន​បរាជ័យ​ក្នុង​ការ​បំបាត់​ជម្លោះ​ដែល​កំពុង​ឆាបឆេះ​រវាងអាស៊ែបៃហ្សង់ និង​អា​មេ​នី ដោយ​មានការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​រវាង​ភាគី​ទាំង២នៅ Nagorno-Karabakh ។ ក្នុងឆ្នាំ២០២០តំបន់នេះបានឃើញការប្រឈមមុខដាក់គ្នាខាងយោធាដ៏ធំបំផុតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេល៦សប្តាហ៍ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។នៅក្នុងសង្គ្រាមនេះ ដោយមានការគាំទ្រពី តួកគីកងទ័ពអាស៊ែបៃហ្សង់ទទួលបានគុណសម្បត្តិជាច្រើនលើអាមេនី។ យន្តហោះគ្មានមនុស្សបើក Bayraktar (UAV) ផលិតនៅប្រទេសតួកគី ត្រូវបានគេនិយាយថាមានតួនាទីសំខាន់ក្នុងយុទ្ធនាការវាយប្រហាររបស់ប្រទេសអាស៊ែបៃហ្សង់ ។ទន្ទឹមនឹងនេះ អាមេនី បានទទួលការគាំទ្រពីរុស្ស៊ី។ ទីក្រុងម៉ូស្គូមានមូលដ្ឋានយោធានៅក្នុងប្រទេសអាមេនី ហើយទាំង២គឺជាសមាជិកនៃសម្ព័ន្ធមិត្តយោធារបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO)នៃអតីតប្រទេសចំនួន៦របស់សូវៀត។យោងតាមកិច្ចព្រមព្រៀងឈប់បាញ់សន្តិភាពដែលសម្របសម្រួលដោយរុស្ស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២០អាស៊ែបៃហ្សង់បានដណ្តើមយកមកវិញនូវទឹកដីទាំងអស់ជុំវិញ Nagorno-Karabakh ដែលត្រូវបានគ្រប់គ្រងដោយអាមេនីចាប់តាំងពីឆ្នាំ ១៩៩៤។ កងកម្លាំងអាមេនីត្រូវដកខ្លួនចេញពីតំបន់នេះ ហើយពួកបំបែកខ្លួនបានអះអាងថារក្សាបានតែផ្នែកតូចមួយនៃ Nagorno - Karabakh។រុស្ស៊ី​បាន​បញ្ជូន​កងរក្សា​សន្តិភាព​ប្រមាណ​២.០០០​នាក់​ទៅកាន់​ទីក្រុង Nagorno-Karabakh ដើម្បី​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​។ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងក្នុងតំបន់បានបន្តផ្ទុះឡើងជាច្រើនខែ មុនពេលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែននៅចុងខែកុម្ភៈ ឆ្នាំ ២០២២។ នៅខែធ្នូ ឆ្នាំ២០២២អាស៊ែបៃហ្សង់បានបិទច្រករបៀង Lachin ដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់ដែលតភ្ជាប់ Nagorno-Karabakh ជាមួយប្រទេសអាមេនីដោយបង្កើនការព្រួយបារម្ភអំពីជម្លោះដ៏ហិង្សាថ្មីមួយ។ច្រករបៀងLachinគឺជាសរសៃឈាមដ៏សំខាន់បំផុតតែមួយគត់សម្រាប់អាមេនី ដើម្បីធានាការផ្គត់ផ្គង់សំខាន់ៗសម្រាប់ជនជាតិអាមេនីចំនួន ១២0,000 នាក់នៅ Nagorno-Karabakh ។អ្នកស្រុក Nagorno-Karabakh បានត្អូញត្អែរពីការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលយោធា Karabakhបានរឹតបន្តឹងការគ្រប់គ្រងផ្លូវដោយលើកឡើងពីការប្រើប្រាស់ផ្លូវរបស់ប្រទេសអាមេនី ដើម្បីដឹកជញ្ជូនសម្ភារៈយោធាទៅកាន់តំបន់បំបែកខ្លួន។មនុស្សជាច្រើនបានសង្ឃឹមថា ភាពតានតឹងអាចបន្ធូរបន្ថយ នៅពេលដែលរថយន្តសង្គ្រោះពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមត្រូវបានអនុញ្ញាតឱ្យចូល Nagorno-Karabakh នៅពាក់កណ្តាលខែកញ្ញា តាមរយៈច្រករបៀង Lachin និងផ្លូវ Aghdam ពីប្រទេស អាស៊ែបៃហ្សង់ ។ ប៉ុន្តែការរក្សាផ្លូវទាំងនេះ ជាពិសេសច្រករបៀង Lachin គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើវត្តមានរបស់កងកម្លាំងរក្សាសន្តិភាពរបស់រុស្ស៊ី ដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នេះចាប់ពីឆ្នាំ ២០២០។ការយកចិត្តទុកដាក់ និងធនធានយោធារបស់ទីក្រុងម៉ូស្គូ ឥឡូវនេះត្រូវបានរំខានដោយសង្រ្គាមនៅអ៊ុយក្រែន។ នាយក​រដ្ឋមន្ត្រី​អាមេនី​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រុស្ស៊ី​កំពុង​តែ​ចាក​ចេញ​ពី​តំបន់។ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេនី ក៏កាន់តែយ៉ាប់យ៉ឺនផងដែរ ចាប់តាំងពីលោក Nikol Pashinyan ដែលមានទំនោរទៅរកលោកខាងលិច បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី។ លោក​បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ពឹង​ផ្អែក​របស់​អាមេនី​លើ​សន្តិសុខ​រុស្ស៊ី​គឺជា​កំហុស​យុទ្ធសាស្ត្រ។អាមេនីក្នុងខែនេះបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធរួមគ្នាជាមួយកងកម្លាំងអាមេរិក ដែលទីក្រុងម៉ូស្គូបានរិះគន់ថាជា "ជំហានមិនរាក់ទាក់"។ ប្រធានាធិបតីVladimir Putinបានបដិសេធព័ត៌មានដែលថា អាមេនី កាត់សម្ព័ន្ធភាពជាមួយរុស្ស៊ី ។ប៉ុន្តែបាននិយាយថាYerevan "ទទួលស្គាល់ជាមូលដ្ឋាន" អធិបតេយ្យភាពរបស់អាស៊ែបៃហ្សង់លើ Nagorno-Karabakh ។គាត់បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍អន្តរជាតិនៅទីក្រុង Vladivostokក្នុងខែនេះថា"តើយើងគួរធ្វើអ្វីនៅពេលដែលអាមេនីខ្លួនឯងទទួលស្គាល់ថា Karabakh ជាកម្មសិទ្ធិរបស់ អាស៊ែបៃហ្សង់" ។នៅពេលដែលអាស៊ែបៃហ្សង់ចាប់ផ្តើមយុទ្ធនាការ "ប្រឆាំងអំពើភេរវកម្ម" កាលពីថ្ងៃទី១៩ខែកញ្ញាកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីមិនបានធ្វើសកម្មភាពអន្តរាគមន៍ណាមួយដើម្បីរារាំងទាហាន អាស៊ែបៃហ្សង់នោះទេ ។ប៉ុន្តែផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់ប្រយុទ្ធ។នាយករដ្ឋមន្ត្រី Pashinyan បាននិយាយថា អសមត្ថភាពរបស់រុស្ស៊ីក្នុងការធានាសន្តិសុខបានបង្កើនហានិភ័យនៃជនជាតិអាមេនីដែលចាកចេញពី Nagorno-Karabakh ហើយបានព្រមានពីហានិភ័យនៃ "ការបោសសម្អាតជនជាតិ" បន្ទាប់ពី អាស៊ែបៃហ្សង់បានកាន់កាប់តំបន់នេះ។គាត់បាននិយាយថា "ប្រសិនបើគ្មានលក្ខខណ្ឌគ្រប់គ្រាន់ និងយន្តការការពារប្រឆាំងនឹង 'ការបោសសំអាតជនជាតិភាគតិច' នៃជនជាតិអាមេនីនៅ Nagorno-Karabakh វាទំនងជាកាន់តែខ្លាំងឡើងដែលពួកគេនឹងត្រូវជម្លៀសចេញ ដែលជាមធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនពេញមួយជីវិត និងអត្តសញ្ញាណ។អាស៊ែបៃហ្សង់បានបដិសេធការចោទប្រកាន់នេះ ដោយសង្កត់ធ្ងន់ថា ខ្លួនចង់ឱ្យដំណើរការដាក់បញ្ចូល Nagorno-Karabakh ឡើងវិញដោយរលូន។ ប្រទេស​នេះ​បញ្ជាក់​ថា​ខ្លួន​នឹង​ធានា​ឱ្យ​បាន​នូវ "ការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព" សម្រាប់​អ្នក​ប្រយុទ្ធ​បំបែក​ខ្លួន និង​អ្នក​ដែល​ចង់​ចាក​ចេញ​ពី Nagorno-Karabakh ៕ប្រភព BBC, Washington Post


Powered by Blogger.