ប្រធានាធិបតីរុស្ស៊ីលោកPutinនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោកXi JingPingនិងចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ។លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅទីក្រុងម៉ូស្គូថា "យើងរំពឹងថានឹងមានការចរចាហ្មត់ចត់រវាងប្រធានាធិបតី Vladimir Putin និងប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំងក្នុងខែតុលា" ។
 |
ប្រធានាធិបតីរុស្ស៊ីលោកPutin។Reuters |
លោកប្រធានាធិបតីPutinនឹងចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ តាមការអញ្ជើញរបស់លោកXiដែលនេះជាលើកទី៣ដែលលោកបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។យោងតាមលោកPatrushevកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរារាំងរុស្ស៊ីនិងចិននឹងធ្វើឱ្យប្រទេសទាំង២ពង្រឹងកិច្ចសហប្រតិបត្តិការ។ លោកWangកំពុងបំពេញទស្សនកិច្ចរយៈពេល៤ ថ្ងៃនៅប្រទេសរុស្ស៊ីដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់ក៏ដូចជាបញ្ហាទាក់ទងនឹងដំណោះស្រាយនៅអ៊ុយក្រែន។លោក Patrushev បាននិយាយថា "រុស្ស៊ីប្តេជ្ញាក្នុងការលើកកម្ពស់និងពង្រឹងទំនាក់ទំនងរុស្ស៊ី-ចិន" ដោយបន្ថែមថា ប្រទេសទាំង២មាន "ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ" ។លើកចុងក្រោយដែលប្រធានាធិបតី Vladimir Putin បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន គឺនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ដោយបានចូលរួមក្នុងពិធីបើកកីឡាអូឡាំពិករដូវរងា ពីរបីសប្តាហ៍មុនពេលរុស្ស៊ីចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន។ ចៅហ្វាយវិមានក្រឹមឡាំងបានចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវនៅប្រទេសចិនក្នុងឆ្នាំ ២០១៧ និង ២០១៩។ក្រោយសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង លោកPutin ភាគច្រើនបានទៅកាន់អតីតប្រទេសសូវៀតដើម្បីចូលរួមសន្និសីទ។ ដំណើរទស្សនកិច្ចនៅខែតុលានឹងជាលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ីនៅបរទេសចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក។ ទាំងចិន និងរុស្ស៊ីមិនមែនជាសមាជិកICC ទេ។រុស្ស៊ីនិងចិនបានព្រមព្រៀងគ្នាលើភាពជាដៃគូយុទ្ធសាស្ត្រ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់មកភាគីទាំង២បានអះអាងម្តងហើយម្តងទៀតអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង។ប្រធានាធិបតីចិន Xi Jinping កាលពីខែមីនាបានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ និងបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី Putin ។ មេដឹកនាំទាំង២បានសរសើរ "សករាជថ្មី" ក្នុងទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាអំពីសំណើរបស់ទីក្រុងប៉េកាំងដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានមកដល់ទីក្រុងប៉េកាំងនៅចុងខែឧសភាដែលជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ប្រទេសនេះ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីទីក្រុងម៉ូស្គូ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានប្រាប់លោកMishustinថាទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងរបស់ប្រទេសទាំង២ឡើងដល់កម្រិតថ្មីមួយ។អ្នកជំនាញនិយាយថា រុស្ស៊ី និងចិនកំពុងខិតជិតគ្នា ចំពេលមានភាពតានតឹងកើនឡើងជាមួយលោកខាងលិច។ មន្ត្រីលោកខាងលិចជាច្រើនជឿថាភាពជាដៃគូជាមួយចិន គឺជាកត្តាសំខាន់មួយដែលជួយរុស្ស៊ីទប់ទល់នឹងទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក៕ប្រភពReuters
Post a Comment