អ្នកវិភាគកម្ពុជាបាននិយាយកាលពីថ្ងៃអង្គារថាដប់ឆ្នាំកន្លងមកនេះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន(BRI)បានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជាដោយបានជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេស។លោក ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា គម្រោង BRI ដែលវិនិយោគ ឬផ្តល់ជំនួយដោយប្រទេសចិន បាននិងកំពុងប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ាន។លោកបានប្រាប់ស៊ីនហួថា “កម្ពុជាគឺជាប្រទេសមួយដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី BRI សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌របស់ខ្លួន។ “ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានជំរុញឱ្យមានការផ្លាស់ប្តូរដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន”។លោកបានបន្តថា ក្រោមគម្រោង BRI ផ្លូវថ្នល់ ស្ពាន ផ្លូវល្បឿនលឿន រោងចក្រវារីអគ្គីសនី កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេសត្រូវបានសាងសង់ឡើង ដែលជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។លោកបានគូសបញ្ជាក់ថា “គម្រោងទាំងនេះបានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវការតភ្ជាប់របស់កម្ពុជាជាមួយនឹងតំបន់ សម្របសម្រួលពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ខណៈដែលជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជនខ្លួន”។
 |
រូបសហការី |
លោកបានបន្ថែមថា ការវិនិយោគរបស់ប្រទេសចិនលើហេដ្ឋារចនាសម្ព័ន្ធថាមពលបានជួយកាត់បន្ថយការខ្វះខាតថាមពលរបស់កម្ពុជា និងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ខ្លួន។លោកបានលើកឡើងទៀតថា “ការសាងសង់រោងចក្រវារីអគ្គិសនី កសិដ្ឋានផលិតថាមពលពន្លឺព្រះអាទិត្យ និងបណ្តាញបញ្ជូនថាមពលបានបង្កើនសមត្ថភាពផលិតថាមពលរបស់ប្រទេស និងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលដែលនាំចូលមានតម្លៃថ្លៃ”។លោកបានបន្តថា លទ្ធផលដ៏ធំបំផុតមួយនៃគម្រោង BRI នៅកម្ពុជា គឺតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញវិស័យផលិតកម្មរបស់កម្ពុជា ដែលនាំទៅដល់ការបង្កើតការងារ និងបង្កើនការនាំចេញ។តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំ ១១ គីឡូម៉ែត្រការ៉េ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន១៧៥ មកពីប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលបង្កើតការងារបានជិត ៣០,០០០កន្លែង នេះបើយោងតាមប្រតិបត្តិករគ្រប់គ្រងនៅតំបន់នេះ។លោកបាននិយាយទៀតថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជាក្រោម BRI ក៏បានជំរុញវិស័យសំណង់ និងអចលនទ្រព្យ ដែលនាំទៅដល់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យបែបពាណិជ្ជកម្មទំនើបនៅទូទាំងប្រទេស។លោកបានបន្តថា “ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក្នុងកំឡុងជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ វិស័យសំណង់នៅតែជាម៉ាស៊ីនបង្កើតការងារដ៏សំខាន់ ជំរុញប្រាក់ចំណូល លើកកំពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។លោកបានបន្ថែមថា ដោយសារភាពប្រសើរឡើងនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បេតិកភណ្ឌវប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេស បានជួយស្រួលលំហូរភ្ញៀវទេសចរ បង្កើតប្រាក់ចំណូលយ៉ាងច្រើន និងផ្តល់ឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់សហគមន៍មូលដ្ឋាន។លោកបន្តថា ក្រៅពីនេះ ការវិនិយោគរបស់ចិនក្នុងវិស័យកសិកម្មបានជួយធ្វើទំនើបកម្មកសិកម្ម និងលើកកំពស់ផលិតភាព ហើយបានជះឥទ្ធិពលជាវិជ្ជមានដល់ការនាំចេញកសិផលរបស់កម្ពុជា ផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុក និងជំរុញវិស័យកែច្នៃ និងការវេចខ្ចប់របស់ប្រទេស។លោកបាននិយាយទៀតថា “សរុបមក BRI បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា ដោយបានចាក់បញ្ចូលនូវកម្លាំងចលករក្នុងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងជោគវាសនារួមគ្នា”។BRI ត្រូវបានផ្តួចផ្តើមដោយប្រទេសចិនក្នុងឆ្នាំ២០១៣ ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងអាហ្រ្វិក បន្ថែមពីលើពាណិជ្ជកម្មផ្លូវសូត្របុរាណ៕Xinhua/KhmerTimes
Post a Comment