តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់និងខិតខំសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលឱ្យអស់លទ្ធភាព សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានចាត់វិធានការទំនាក់ទំនងជាប្រចាំ ជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ខណៈដែលជាលទ្ធផល បានទំនាក់ទំនង ជាមួយពលរដ្ឋខ្មែរភាគច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល និងកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះ ក៏បានខិតខំជួយសង្គ្រោះនិស្សតិ៣រូបក្នុងចំណោម៤រូប ចេញពីតំបន់ក្រហម មកស្នាក់នៅជាមួយកុងស៊ុល កិត្តិយសរបស់កម្ពុជាក្នុងប្រទេសអ៊ីស្រាអែល។ សម្តេចធិបតីបានបញ្ជាក់ថា ក្រសួងការបរទេស ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ បានធ្វើការជាប់ ជាប្រចាំ ជាមួយដៃគូនៅប្រទេសអ៊ីស្រាអែល ដើម្បីធ្វើការសហការជាមួយអាជ្ញាធរ សមត្ថកិច្ចអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពពលរដ្ឋខ្មែរនៅទីនោះ។
| សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីចុងសប្តាហ៍ដោយបានសម្លាប់មនុស្សជាង ១.១០០ នាក់ (រូបថត៖ AFP)។ |
បន្ថែមពីនោះទៀត គឺទាក់ទងជាមួយប្រជាពលរដ្ឋសិស្ស-និស្សិតខ្មែរនៅទីនោះ ដើម្បីធ្វើយ៉ាងណា អាចទំនាក់ទំនងដឹងសុខទុក្ខគាត់ និងអាចសហការសម្របសម្រួល ជាមួយអាជ្ញាធរអ៊ីស្រាអែល ជួយគាត់ក្នុងករណីចាំបាច់នានានៅទីនោះ ធ្វើយ៉ាងណាធានាសុវត្ថិភាពនិង អាយុជីវិតពួកគាត់។ សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៊ីស្រាអែល ធ្វើយ៉ាងណារក្សាកន្លែងសុវត្ថិភាព របស់ខ្លួន ហើយស្តាប់តាមការណែនាំរបស់ អាជ្ញាធរអ៊ីស្រាអែល ខណៈដែលស្ថានការណ៍អាចប្រែប្រួល គ្រប់ពេលទាំងអស់។ « រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីសុវត្ថិភាព របស់បងប្អូនយើង ដែលកំពុងមានវត្តមាននៅអ៊ីស្រាអែលនោះ។ រាជរដ្ឋាភិបាលនឹងខិតខំធ្វើការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលឱ្យអស់លទ្ធភាពដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល »។សម្តេចធិបតី ក៏បានសម្តែងនូវការសោកស្ដាយនិងចូលរួមរំលែកទុក្ខចំពោះគ្រួសារនិស្សិតខ្មែរ ដែលបាន បាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំ សម្របសម្រួលតាមលទ្ធភាពដែលអាចធ្វើទៅបានជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីនាំយកសពនិស្សិតមកកាន់កម្ពុជាដែលអាចឱ្យគ្រួសាររៀបចំតាមប្រពៃណី ខណៈដែលកិច្ចការចាត់ចែងការវិលត្រឡប់ និងធ្វើបុណ្យសពនេះជាបន្ទុករាជរដ្ឋាភិបាល។ សូមជម្រាបជូនថា ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយ ផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ។ រហូតមកទល់ពេលនេះ ក្រុមការងារបានទាក់ទងជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយ ដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ៕AKP
Post a Comment