រដ្ឋមន្រ្តីព័ត៌​មានបញ្ឈប់ការចែកចា​យរូបភាព​ឃាតកម្មឬហិង្សាដោយ​មិនសំចៃដៃ

រូបភាពនៃការប្រើប្រាស់អំពើហិង្សារូបភាពឃាតកម្មឬគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាដើមត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយដោយមិនសំចៃដៃ។ព្រឹកនេះរដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់នូវរូបភាពហិង្សាឬឃាតកម្មតែងតែត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមដើម្បីចៀសវាងផលប៉ះពាល់ផ្លូវចិត្តដល់សាច់ញាតិជនរងគ្រោះ។ទន្ទឹមនឹងនេះអ្នកសារព័ត៌មានត្រូវយកចិត្តទុកដាក់គោរពឯកជនភាពរបស់ជនរងគ្រោះដោយត្រូវបិទបាំងអត្តសញ្ញាណជនរងគ្រោះមុនការផ្សព្វផ្សាយរូបភាព។តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកនេត្រភក្ត្រាបានក្រើនរំឭកឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយរូបភាពហិង្សាឬឃាតកម្ម ដែលអាចប៉ះពាល់ដល់ផ្លូវចិត្តសាច់ញាតិរបស់ជនរងគ្រោះ និងអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។​ការបន្តដាស់តឿននេះ ធ្វើឡើងក្រោយពីលោកសង្កេតឃើញថាមានការចែករំលែករូបភាពឃាតកម្មនិងហិង្សានៅលើបណ្ដាញទំនាក់ទំនងសង្គមនានានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ដោយឡែកចំពោះអ្នកសារព័ត៌មានរដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ​ ​បានសង្កត់ធ្ងន់ពីកាតព្វកិច្ចវិជ្ជាជីវៈសារព័ត៌មាន ដែលមិនអនុញ្ញាតឲ្យ ផ្សាយអត្ថបទ ឬរូបភាពអាសអាភាសនិងហិង្សានោះឡើយ។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានត្រូវប្ល័ររូបភាព ឬបិទបាំងអត្តសញ្ញាណរបស់ជនរងគ្រោះ មុនការផ្សព្វផ្សាយ ដើម្បីជាការគោរពដល់ឯកជនភាពរបស់ជនរងគ្រោះ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈ។សូមបញ្ជាក់ដែរថាថ្មីៗនេះ ក្រសួងព័ត៌មានក៏បានព្រមានបញ្ឈប់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានណាដែលបន្តទារប្រាក់ពីកាស៊ីណូមួយក្នុងខេត្តតាកែវ និងប្រកាសឲ្យចូលមកសារភាព​ ក្នុងរយៈពេលយ៉ាងយូរ១ខែផងដែរ។ ការព្រមាននេះ ធ្វើឡើងនៅប្រមាណ១ខែបន្ទាប់ពីកាស៊ីណូមួយនេះ បានចេញផ្សាយលិខិតជាសាធារណៈថាមានអ្នកសារព័ត៌មានមកពីអង្គភាពដល់ទៅប្រមាណ ៧០០ ទៅ៩០០អង្គភាព បានសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនរហូតមក។សូមបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រាទី១៤ ក៏បានចែងថា សារព័ត៌មានមិនត្រូវផ្សព្វផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម ដែលមានដូចជា ពាក្យអសុរោះ ពាក្យដែលពិពណ៌នាចំៗ អំពីសកម្មភាពរួមរក្សរូបគំនូរឬរូបថតដែលបង្ហាញនូវកេរ្តិ៍ភេទឬអាក្រាត លើកលែងតែសម្រាប់ទិសដៅអប់រំ។ លើសពីនេះ មាត្រាទី១៥ បានចែងថា លើកលែងតែមានការអនុញ្ញាតពីតុលាការសារព័ត៌មានមិនអាចផ្សាយដំណឹង រូបថតឬគំនូរដែលអាចឲ្យអ្នកអានស្គាល់ឈ្មោះនិងភិនភាគនៃភាគីក្នុងរឿងរដ្ឋប្បវេណី ទាក់ទងនឹងបិតុភាព អាពាហ៍ពិពាហ៍ រឿងលែងលះប្ដីប្រពន្ធ រូបភាពយុវជនអាយុតិចជាង១៨ឆ្នាំក្នុងរឿងវិវាទរដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងរូបភាពស្រ្តីរងគ្រោះពីអំពើរំលោភសេពសន្ធវៈ។

រូបភាពឯកាសារអ៊ីនធឺណិត
គួរជម្រាបថា គិតត្រឹមខែកញ្ញាឆ្នាំ២០២២ អង្គ​ភាព​សារ​ព័ត៌មាន ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួនយ៉ាងតិច២១០០អង្គ​ភាព។ នៅចំពោះមុខចំនួនច្រើនបែបនេះ អតីតនាយករដ្ឋមន្រ្តីលោកហ៊ុន សែន ធ្លាប់បានស្នើឲ្យអ្នកសារព័ត៌មានបង្កើនសមត្ថភាព ខណៈរដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មីៗនេះ ក៏បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន ធានាបាននូវប្រសិទ្ធភាពការងារ ពោលត្រូវហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានឲ្យសំបូរបែបប្រកបមានគុណភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។យ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ អ្នកតាមដានមួយចំនួនបានស្នើឲ្យក្រសួងពិនិត្យឲ្យបានម៉ត់ចត់មុនផ្ដល់អាជ្ញាប័ណ្ឌដល់អង្គភាពសារព័ត៌មានឬបង្កើនស្តង់ដារនៃអាជ្ញាប័ណ្ឌ ដើម្បីធានាថាសារព័ត៌មានដែលត្រូវបានចាត់ទុកជាអំណាចទី៤នោះ មិនបង្កឥទ្ធិពលអវិជ្ជមានទៅដល់សង្គម។ បើទោះបីជាយ៉ាងនេះក្ដី ក៏ធ្លាប់មានការពន្យល់ថាអាជ្ញាប័ណ្ឌសារព័ត៌មាន គឺគ្រាន់តែជាក្រដាសមួយសន្លឹកដែលបញ្ជាក់ពីការបំពេញបែបបទត្រឹមត្រូ​វតាមផ្លូវច្បាប់ប៉ុណ្ណោះខណៈអ្នកសារព័ត៌មានមានសិទ្ធិរាយការណ៍ដោយសេរីមែនតែត្រូវស្ថិតក្រោមដែនសីលធម៌វិជ្ជាជីវៈ៕RFI

Powered by Blogger.