បញ្ចប់​ទស្សន​កិច្ចនៅស្វីសឯកឧត្តមអ​ភិសន្តិបណ្ឌិតស សុខា​បន្តដឹកនាំគណៈប្រតិភូជា​ន់ខ្ពស់កម្ពុជាទស្សន​កិច្ចនៅប្រ​ទេសអាល្លឺម៉ង់

 បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅសហព័ន្ធស្វីសនារសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ត្រូវនឹងពេលយប់ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបន្តដំណើរទៅដល់ទីក្រុងKempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រកបដោយសុវត្ថិភាព។

នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងចាប់ផ្ដើមទស្សនកិច្ចការងារដោយអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ស្ដាប់បទបង្ហាញលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យមហាផ្ទៃដោយវាគ្មិនជំនាញៗព្រមទាំងអញ្ជើញទស្សនកិច្ចសិក្សានៅតាមទីតាំងមួយចំនួនទៀត។គួរកត់សម្គាល់ថាទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅសហព័ន្ធស្វីស និងនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នាឱកាសនេះ មានគោលដៅដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសទាំងពីរសម្រាប់ការបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។មុនបន្តដំណើរពីសហព័ន្ធស្វីសមកកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូបានអញ្ជើញចូលរួមកម្មវិធីពិសាអាហារសាមគ្គីពេលល្ងាចផ្លូវការ រៀបចំដោយឯកឧត្តម Arno Wicki ឧបការីអគ្គនាយកនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងជាប្រធានផ្នែកអាស៊ី-អាមេរិកឡាទីន និងការ៉ាប៊ីន នៅវិមាន Bellevue ក្នុងទីក្រុងប៊េន។ក្នុងពិធីនោះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC)ដែលបានយកចិត្តទុកដាក់ផ្ដល់កិច្ចសហប្រតិបត្តិការនិងជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា។ជាពិសេសបានសម្របសម្រួលដំណើរទស្សនកិច្ចជូនគណៈប្រតិភូកម្ពុជានៅសហព័ន្ធស្វីស ប្រកបដោយជោគជ័យ៕


























Powered by Blogger.