ថៃមានផែនកា​រសាងសង់អគារខ្ពស់ជា​ងគេបំផុតនៅលើពិ​ភពលោក

 នាយករដ្ឋមន្រ្តីថៃលោកសេដ្ឋា ថាវីស៊ីនបានឱ្យដឹងថា ក្រុមអ្នកវិនិយោគដែលដឹកនាំដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មានមូលដ្ឋាននៅទីក្រុងឌូបៃកំពុងពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកនៅក្នុងប្រទេសថៃ។នេះបើតាមការចេញផ្សាយBangkok Post ។

នាយករដ្ឋមន្រ្តីថៃលោកសេដ្ឋា ថាវីស៊ីន។
បច្ចុប្បន្ននេះ អគារBurj Khalifa នៅប្រទេសអារ៉ាប់រួម គឺជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានកម្ពស់៨២៨ម៉ែត្រ ខណៈអគារ ដែលខ្ពស់ជាងគេបំផុតនៅប្រទេសថៃ នាពេលបច្ចុប្បន្ន មានកម្ពស់៣១៨ម៉ែត្រ និងមាន៧០ជាន់ ដែលអគារនោះ មានឈ្មោះថា Magnolias Waterfront Residences Iconsiam។លោកសេដ្ឋា បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា “ខ្ញុំបានជួបជាមួយក្រុមហ៊ុន មកពីតំបន់មជ្ឈិមបូព៌ា និងប្រទេ​សចិន ដូចជា ក្រុមហ៊ុន Emaar Group ក្រុមហ៊ុន Broad Group និងក្រុមហ៊ុន Vatone Group ដោយបានពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុត”។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Emaar Group ក៏ជាអ្នកគ្រប់គ្រង អគារ Burj Khalifa នៅទីក្រុងឌូបៃផងដែរ។ លោកសេដ្ឋាបានបញ្ជាក់ថា “ការអភិវឌ្ឍន៍អគារខ្ពស់ជាងគេបំផុ​តនៅលើពិភពលោកនឹងបង្កើតបានជាការវិនិយោគដ៏មានតម្លៃ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ”។នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមថាក្រុមអ្នកវិនិយោគនឹងសិក្សាពីគម្រោងនេះរួចហើយទើបស្នើឡើងនៅពេលក្រោយ។លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់សារព័ត៌មាន Bloomberg ថាអ្នកវិនិយោគ ចាប់អារម្មណ៍ក្នុងការបង្កើតគម្រោងធំៗនៅប្រទេសថៃ។លោកបន្តថា លោកសេដ្ឋាបានដាក់សំណើរក្នុងការសាងសង់អគារខ្ពស់បំផុតនៅប្រទេសថៃ ហើយអ្នកវិនិយោគមិនបានច្រានចោ​លនោះទេ”៕


Powered by Blogger.