កម្ពុជា​កំណត់យកថ្ងៃទី១៥មិថុនាជាទិវា​ជាតិអប់រំបណ្ដុះបណ្ដាល​បច្ចេកទេស​និងវិជ្ជាជីវៈ

សារាចររបស់រាជរដ្ឋាភិបាលស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ឆ្នាំ២០២៤ក្រោមប្រធានបទការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ«រៀនឱ្យចប់ឱ្យចេះឱ្យមានការងារ » នាថ្ងៃទី១៨ខែមេសាកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ខែមិថុនាជារៀងរាល់ឆ្នាំជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវ៉េត (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។

សារាចរបានបញ្ជាក់ថាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៤នេះប្រព្រឹត្តទៅឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះទី១ មនុស្ស ដោយបានផ្ដោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។តាមសារាចររបស់រាជរដ្ឋាភិបាល បានរំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធី«ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស»ចំនួនប្រមាណ១,៥លាននាក់ដែលមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុងការផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយ ដើម្បីទទួលបានឱកាសការងារនិង/ឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ដោយឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន»។ជាមួយគ្នានោះ នៅចំពោះមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្ត ដោយកំណត់យកវិស័យអាទិភាពចំនួន១០វិស័យស្មើនឹង៣៨មុខជំនាញ ក្នុងជំហានទី១ត្រូវអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដូនតាចំនួន១០មុខជំនាញទៀតត្រូវអនុវត្តដោយក្រសួងវប្បធម៌៕

Powered by Blogger.