ប្រទេស៤ដែល​ជាក្បាលម៉ាស៊ីនសេដ្ឋ​កិច្ចអឺរ៉ុបសម្រេចបាន​កំណើនលើ​សការព្យាករណ៍

ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤តំបន់ចាយប្រាក់អឺរ៉ូបានងើបចេញពីវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីបណ្តាប្រទេសចំនួន៤ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបសម្រេចបានកំណើនលើសការព្យាករណ៍។នេះបើតាមការចេញផ្សាយThe Guardian។

បណ្តាប្រទេសអឺរ៉ុបទាំង៣១ ដែលប្រើប្រាស់រូបិយប័ណ្ណប្រាក់អឺរ៉ូ បានប្រកាសកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣%នៅចន្លោះខែមករា និងខែមីនា បន្ទាប់ពីធ្លាក់ចុះ០,១%ក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នា។យោងតាមតួលេខពីទីភ្នាក់ងារស្ថិតិ របស់គណៈកម្មការអឺរ៉ុប Eurostat  បានបង្ហាញថា នៅត្រីមាសទី១ឆ្នាំនេះតំបន់ចាយប្រាក់អឺរ៉ូសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំបំផុតមិនធ្លាប់មានគិតចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០២២។ការថយចុះនៃតម្លៃថាមពលនិងអតិផរណាការដំឡើងប្រាក់ឈ្នួលនិងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ បានជួយជំរុញសកម្មភាពសេដ្ឋកិច្ចអឺរ៉ុប នៅត្រីមាសទី១ឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់តំបន់នេះបានកើនឡើងត្រឹមតែមួយត្រីមាសប៉ុណ្ណោះ។បណ្តាប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត នៅ​តំបន់អឺរ៉ុប គឺ​ប្រទេសអាល្លឺម៉ង់ និង​បារាំង​ សម្រេចបាន​កំណើនសេដ្ឋកិច្ច ក្នុងរង្វង់០,២% ខណៈ​ប្រទេសអ៊ីតាលីនិង​អេស្ប៉ាញ​សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣% និង០,៧%រៀងគ្នា។ដោយឡែកបើយោងតាមទិន្នន័យផ្សេងទៀត របស់ទីភ្នាក់ងារEurostatបានបង្ហាញថាអតិផរណាទូទៅនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបន្តស្ថិតនៅទ្រឹងត្រឹម២,៤%ក្នុងខែមេសា ខណៈអតិផរណាស្នូល ដែលមិនរាប់បញ្ចូលថាមពល និងអាហារបានធ្លាក់ចុះពី២,៩% មកនៅត្រឹម២,៧% ។ទោះបីជាសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ នៅក្នុងត្រីមាសទី១សម្រេចបានកំណើនខ្ពស់ជាងការព្យាករណ៍របស់ធនាគារកណ្តាលអឺរ៉ុប(ECB)យ៉ាងណាក្តី ក៏ប៉ុន្តែក្រុមអ្នកវិភាគជឿជាក់ថា ការថយចុះនៃអតិផរណាបានបើកផ្លូវសម្រាប់ការបញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខដែលការណ៍នេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត៕


Powered by Blogger.