ថៃចា​ប់​ផ្តើមប្រមូលអាករលើ​តម្លៃបន្ថែមចំនួ​ន៧%​លើទំនិញនាំចូល​ពីបរទេស

 លោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃ បានមានប្រសាសន៍ឱ្យដឹងថាប្រទេសថៃបានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែម(VAT)ក្នុងអត្រា៧%លើទំនិញនាំចូលទាំងអស់ដោយមិនបែងចែកពីតម្លៃចាប់ពីខែឧសភានេះតទៅ។នេះបើតាមឲ្យដឹងពីBangkok Post។

នាយករដ្ឋមន្ត្រីថៃ លោកSretthaThavisin។
កាលពីពេលកន្លងទៅប្រទេសថៃបានអនុវត្តន៍គោលនយោបាយលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទំនិញនាំចូលនីមួយៗ ដែលមានតម្លៃតិចជាង៤០,៥ដុល្លារ។ទោះជាយ៉ាងនេះក្តី លំហូរទំនិញថោកៗពីប្រទេសចិនចូលទៅកាន់ទីផ្សារថៃនាពេលថ្មីៗនេះ បានបង្កើតផលចំណេញមិនស្មើភាពគ្នាដោយសារក្រុមហ៊ុនផលិតក្នុងស្រុក នៅតែត្រូវបង់ពន្ធ។ ដូច្នេះ ប្រទេសថៃបានសម្រេចចិត្តដាក់ពន្ធតម្លៃបន្ថែម លើទំនិញនាំចូលគ្រប់ប្រភេទចំនួន៧%ចាប់ពីខែឧសភានេះតទៅ ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មដោយស្មើភាពគ្នា។ទាក់ទិនទៅនឹងបញ្ហានេះ លោក Lavaron Sangsnitបានបញ្ជាក់ថានាយកដ្ឋានគយនឹងគ្រប់គ្រង ការប្រមូលពន្ធលើតម្លៃបន្ថែមក្នុងដំណាក់កាលដំបូង។ចំណែកក្នុង​រយៈពេល​វែង ក្រសួង​ហិរញ្ញវត្ថុ​ថៃនឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធនឹងពន្ធលើតម្លៃបន្ថែម ដើម្បី​អនុញ្ញាតឱ្យនាយកដ្ឋាន​ពន្ធដារ​អាចប្រមូលដោយ​ផ្ទាល់។ជារៀងរាល់ឆ្នាំទំនិញដែលនាំចូលទៅកាន់ប្រទេសថៃ មានចំនួ នជាង៣០លានកញ្ចប់ ដោយក្នុងនោះ ទំនិញជាងពាក់កណ្តាល គឺជាទំនិញថោកៗ ដែលមានតម្លៃមិនលើសពី៤០,៥ដុល្លារដែលការណ៍នេះ​ កំពុងជះផល​ប៉ះពាល់​ដល់​ការផលិត​នៅក្នុង​ស្រុក​។ឆ្លើយតបនឹងចំណាត់ការនេះ ក្រុមសេដ្ឋវិទូថៃលើកឡើងថា វិធានការថ្មីរបស់រដ្ឋាភិបាលថៃ នឹងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រ ជែងនៃអាជីវកម្មក្នុងស្រុក និងគ្រប់គ្រងលំហូរទំនិញចិនថោកៗ ដែលលក់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា វេទិកា Lazada ឬ វេទិកា Shopeeជាដើម។កាលពីខែកុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រីថៃ លោកSretthaThavisinធ្លាប់បានស្នើឱ្យនាយកដ្ឋានពន្ធដារនិងនាយកដ្ឋានគយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់លំហូរទំនិញថោកៗពីប្រទេសចិនចូលទៅកាន់ទីផ្សារក្នុងស្រុកដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុក៕ 

Powered by Blogger.