មហិច្ឆិតាStarl​inkរបស់ម​ហា​សេដ្ឋីលោកElon Musk​នឹងសម្រេចបាន​ចំ​ណូល៦,៦ពាន់​លានដុល្លារ

របាយការណ៍សិក្សាថ្មីពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារនិងប្រឹក្សាយោបល់Quilty Spaceបានឱ្យដឹងថាបណ្តាញផ្កាយរណប Starlink របស់ក្រុមហ៊ុនអាមេរិក SpaceXកំពុងសម្រេចបានមហិច្ឆិតារបស់ខ្លួននៅក្នុងល្បឿនដ៏ខ្លាំងក្លាបំផុត។នេះបើតាមការចុះផ្សាយSpace News។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុន QuiltySpaceព្យាករណ៍ថាផ្កាយរណបStarlinkនឹងបង្កើតប្រាក់ចំណូលបាន៦,៦ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះដែលការណ៍នេះហាក់ខុសផ្ទុយស្រឡះទៅនឹងការរំពឹងទុករបស់អ្នកវិភាគក្នុងឧស្សាហកម្មអវកាសដូចគ្នា។លោក Chris Quilty ស្ថាបនិកក្រុមហ៊ុន Quilty Space បានលើកឡើងថា “បើក្រឡេកទៅកាន់ឆ្នាំ២០១៥ នៅពេលដែលក្រុមហ៊ុន SpaceX និងក្រុមហ៊ុនOneWebបានប្រកាសពីមហិច្ឆិតាបាញ់បង្ហោះផ្កាយរណបធំៗទាំងនេះអតីតអ្នកធ្លាប់ប្រឡូកជាច្រើននៅក្នុងឧស្សាហកម្មបានសើចចំអក”។លោកបន្តថា“អ្នកធ្លាប់ចូលប្រឡូកទាំងនោះបានចងចាំពីអតីតកាលដ៏បរាជ័យ កាលពីទសវត្សរ៍ឆ្នាំ១៩៩០។ចំណែកក្រុមអ្នកឃ្លាំមើលក្នុងឧស្សាហកម្មរំពឹងថាបណ្តាញផ្កាយរណប Starlink នឹងទទួលបានជោគជ័យ ។ប៉ុន្តែពួកគេមិននឹកស្មានដល់ថាភាពជោគជ័យនោះអាចឈានដល់កម្រិតដូចសព្វថ្ងៃនេះទេ”។កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk  បានបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់ឈ្មោះ Starlink 60 នៅលើរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនខ្លួន។គិតមកទល់ពេលនេះ ក្រុមហ៊ុន Space X មានផ្កាយរណប Starlink ជិត៦.០០០គ្រាប់ ដែលក្នុងនោះ ផ្កាយរណបជាង៥.២០០គ្រាប់ កំពុងដំណើរការស្រាប់ និងផ្តល់សេវាអ៊ីនធឺណេតដល់អតិថិជនជាវចំនួន២,៧លាននាក់នៅទូទាំងប្រទេសចំនួន៧៥។លោក Chris Quilty បានបញ្ជាក់បន្ថែមថា “សមិទ្ធិផលរបស់ផ្កាយរណប Starlink ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។យើងព្យាករណ៍ថាប្រាក់ចំណូលពីផ្កាយរណបទាំងនេះនឹងកើនឡើងពី១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដល់៦,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤”៕

Powered by Blogger.