ឯក​ឧត្តមអភិ​សន្តិបណ្ឌិតស​ សុខាប្ដេជ្ញាបន្តស​ហ​ការធានាសន្តិសុខនៃកា​រ​បោះឆ្នោត​ឱ្យបាន​ល្អ​ជាមួយគ.ជ.ប

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាក្នុងឋានៈជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានមានប្រសាសន៍ផ្ដល់តម្លៃខ្ពស់ចំពោះមរតកនៃការខិតខំកសាង និងរក្សាបរិយាកាសសន្តិសុខ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា របស់ថ្នាក់ដឹកនាំជំនាន់មុន។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំនៅក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៤។បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការបោះឆ្នោតនៅកម្ពុជា ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ទាំងការបោះឆ្នោតសកល និងអសកល ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងអ្នកសង្កេតការណ៍ និងប្រជាពលរដ្ឋកម្ពុជាផ្ទាល់ ទទួលស្គាល់ជាឱឡារិកថា បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរពោលគឺគ្មានឡើយអំពើហិង្សានយោបាយ ឬការបង្កហេតុផ្សេងៗ។ ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថាក្នុងជានាមអ្នកបន្តវេនដែលទទួលខុសត្រូវលើកិច្ចការសន្តិសុខបោះឆ្នោត ឯកឧត្តម នឹងបន្តផ្ដល់កិច្ចសហការឱ្យបានល្អជាមួយ គ.ជ.បដើម្បីបន្តធានាអនុវត្តរដ្ឋធម្មនុញ្ញពិសេសគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលប្រជាពលរដ្ឋមានភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ជាទៀតទាត់ស្របតាមច្បាប់។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌអាណត្តិទី៤ក្នុងឆ្នាំ២០២៤នេះបានប្រព្រឹត្តទៅជាបន្តបន្ទាប់ក្នុងបរិយាកាសដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ នៅកម្ពុជាមានការវិត្តល្អប្រសើរ ពិសេសគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ ភាគច្រើនបានចេញសេចក្ដីថ្លែងការណ៍គាំទ្រ និងកោតសរសើរ។ឯកឧត្តមបានធ្វើមូលវិចារការវាយតម្លៃជារួមរបស់ភាគីពាក់ព័ន្ធ ថាការបោះឆ្នោតទាំងពីរចុងក្រោយនេះ មានបរិយាកាសសន្តិសុខ និងរបៀបរៀបរយល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ពិសេសបានប្រព្រឹត្តទៅដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ និងមានតម្លាភាព។ឯកឧត្តមក៏បានថ្លែងអំណរគុណគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដែលផ្ដល់កិច្ចសហការយ៉ាងល្អលើការងារសន្តសុខបោះឆ្នោត៕

































































Powered by Blogger.