បក្ស​ស្តាំនិ​​យម​ជ្រុល​បាន​យក​ឈ្នះ​ក្រុម​ច​ម្រុះ​របស់​ប្រធា​នាធិបតី​បារាំង​ក្នុង​កា​រ​បោះឆ្នោត​ស​ភា​ជុំទី១

 លទ្ធផលបឋមបង្ហាញថាគណបក្សស្តាំនិយមជ្រុលNational Rally (RN) បានឈ្នះលើក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងជុំទី១នៃការបោះឆ្នោតសភាដំបូង។

ប្រធានាធិបតី​បារាំង Emmanuel Macron នឹង​ទៅ​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​សភា​ជុំ​ដំបូង​នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា។ រូបថត៖Pool
នៅ​ថ្ងៃ​ទី​៣០ខែ​មិថុនា អ្នក​បោះឆ្នោត​បារាំង​បាន​ទៅ​បោះឆ្នោត​ជុំ​ដំបូង​ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា​ចំនួន៥៧៧​រូប។មួយម៉ោងមុនពេលការិយាល័យបោះឆ្នោតបិទ ក្រសួងមហាផ្ទៃបារាំងបាននិយាយថាខ្លួនបានកត់ត្រាអត្រាអ្នកទៅបោះឆ្នោតខ្ពស់បំផុតគឺ៥៩.៣៩%ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងការបោះឆ្នោតកាលពីពីរឆ្នាំមុន (ត្រឹមតែ៥៩.៣៩%) ។យោងតាមសារព័ត៌មាន Sputnikបានឲ្យដឹងថាក្រសួងមហាផ្ទៃបារាំងឥឡូវនេះបានប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជុំទី១ដែលគណបក្សRNស្តាំនិយមរបស់អ្នកនយោបាយជើងចាស់ Marine Le Pen នាំមុខគេ ដោយទទួលបានសំឡេងគាំទ្រ ៣៤,២%។ សម្ព័ន្ធឆ្វេងនិយម New Popular Front (NFP) ជាប់ចំណាត់ថ្នាក់ទី២ជាមួយនឹងសំឡេងគាំទ្រ២៩.១%ខណៈដែលសម្ព័ន្ធកណ្តាលស្តាំរបស់ប្រធានាធិបតី Macron ទទួលបានតែចំណាត់ថ្នាក់ទី៣ ជាមួយនឹងសម្លេង២១.៥% ។ដោយផ្អែកលើលទ្ធផលដំបូងទាំងនេះ ទូរទស្សន៍ជាតិបារាំងបានប៉ាន់ប្រមាណថាគណបក្សRNត្រូវបានគេរំពឹងថានឹងដណ្តើមបានអាសនៈពី២៤០ទៅ២៧០នៅក្នុងសភាដែលស្មើនឹងអាសនៈភាគច្រើននៅក្នុងសភា។ ក្រុមចម្រុះរបស់លោកMacron ត្រូវបានគេរំពឹងថានឹងបាត់បង់ច្រើនជាង១៦០អាសនៈហើយទំនងជាអាចឈ្នះបានត្រឹមតែ៦០-៩០អាសនៈ ក្នុងចំណោមអាសនៈសភាសរុបចំនួន ៥៧៧។ប្រសិនបើការព្យាករណ៍នេះក្លាយជាការពិតនេះនឹងក្លាយជាការបាត់បង់ដ៏ធ្ងន់ធ្ងរថ្មីមួយបន្ទាប់ពីគណបក្សRenaissanceរបស់ប្រធានាធិបតីបារាំងបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីថ្ងៃទី ៩ខែមិថុនា។លោកស្រីLePenបានប្រកាសជ័យជំនះលើអ្នកគាំទ្ររបស់លោកMacronហើយបានអំពាវនាវឱ្យមានការគាំទ្រយ៉ាងខ្លាំងចំពោះគណបក្សរបស់លោកស្រីនៅក្នុងមណ្ឌលដែលនឹងរៀបចំការបោះឆ្នោតជុំទី២នៅសប្តាហ៍ក្រោយ។លោកស្រីបាននិយាយថា"ដើម្បីអនុវត្តកំណែទម្រង់ដែលប្រទេសត្រូវការយើងត្រូវសម្រេចបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាដើម្បីឱ្យ Jordan Bardella (ប្រធានគណបក្ស RN) អាចតែងតាំងជានាយករដ្ឋមន្ត្រីដោយប្រធានាធិបតី Macron បន្ទាប់ពីត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ" ទៅកាន់អ្នកគាំទ្រនៅ Henin-Beaumont នៅល្ងាចថ្ងៃទី៣០ខែមិថុនា។អ្នក​នយោបាយ​ស្ត្រី​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា លោកស្រី​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ឡើង​វិញ ហើយ​ថា​អ្នក​គាំទ្រ​របស់​លោក Macron បាន​ចាញ់​យ៉ាង​ច្បាស់​ក្នុង​ការ​បោះឆ្នោត​ជុំ​ដំបូង។យោងតាមរដ្ឋធម្មនុញ្ញរបស់បារាំងដើម្បីក្លាយជាសមាជិកសភាក្នុងជុំទី១បេក្ខជនត្រូវបំពេញលក្ខខណ្ឌ២គឺការទទួលបានសម្លេងឆ្នោតលើសពី៥០% ហើយអត្រាអ្នកទៅបោះឆ្នោតនៅក្នុងតំបន់បោះឆ្នោតត្រូវតែឈានដល់យ៉ាងហោចណាស់២៥%។ អ្នកវិភាគថា បេក្ខភាពរបស់គណបក្ស RN នឹងដឹកនាំការបោះឆ្នោតជុំទី១លើវិស័យជាច្រើន។ប៉ុន្តែលទ្ធផលចុងក្រោយពិបាកទស្សន៍ទាយ ដោយសារការបែកខ្ញែកនៃសន្លឹកឆ្នោត។ ពួកគេជឿថា "ឈ្នះ"ពិតប្រាកដនឹងត្រូវបានកំណត់នៅក្នុងការបោះឆ្នោតជុំទី២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ខែកក្កដា៕ពុតសាម៉ាត់


Powered by Blogger.