អ៊ុយក្រែន​៖រោងចក្រវារីអគ្គីសនីទាំ​ងអស់ត្រូវបាន​ខូចខាត

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីថ្ងៃទី២៨ខែសីហាអគ្គនាយកក្រុមហ៊ុន Ukrhydroenergo លោក Igor Sirota បាននិយាយថា រោងចក្រវារីអគ្គិសនីទាំងអស់ក្នុងប្រទេសអ៊ុយក្រែនបានរងការខូចខាតជាច្រើនដឺក្រេ។ឆ្លើយតបតាមទូរទស្សន៍ Rada TV នៅថ្ងៃទី២៨ខែសីហា អគ្គនាយកUkrhydroenergoដែលជាក្រុមហ៊ុនគ្រប់គ្រងរោងចក្រវារីអគ្គិសនីឈានមុខគេជាច្រើនរបស់អ៊ុយក្រែន លោក Igor Sirota បាននិយាយថា រោងចក្រវារីអគ្គិសនីនៅអ៊ុយក្រែនបានបាត់បង់ច្រើនជាង៤០% នៃទិន្នផលរបស់ពួកគេចាប់តាំងពីការផ្ទុះសង្រ្គាមនៅចុងខែកុម្ភៈ ឆ្នាំ ២០២២។បើ​តាម​លោក Sirota ផង​ដែរ រោងចក្រ​វារី​អគ្គិសនី​ទាំង​អស់​នៅ​អ៊ុយក្រែន​ត្រូវ​បាន​ខូច​ខាត​ច្រើន​ដឺក្រេ។លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន​នេះ​មិន​មាន​រោងចក្រ​វារីអគ្គិសនី​ណា​ដែល​មិន​ត្រូវ​បាន​គេ​វាយ​ប្រហារ​នោះ​ទេ។ យើងបានបាត់បង់ច្រើន។យើងបានបាត់បង់រោងចក្រវារីអគ្គិសនី Kakhovka ខណៈដែលរោងចក្រវារីអគ្គិសនីដ៏ធំបំផុតរបស់អ៊ុយក្រែន Dnipro កំពុងបិទទ្វារ។ រោងចក្រ​ដែល​នៅ​សេសសល់​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ងើប​ឡើង​វិញ។យើងនឹងព្យាយាមស្តារឡើងវិញឱ្យបានច្រើនតាមតែអាចធ្វើទៅបាន មុនពេលរដូវស្លឹកឈើជ្រុះនិងរដូវរងា។ យើង​ត្រូវ​ធ្វើ​ការងារ​ឲ្យ​បាន​ច្រើន» លោកSirota ថ្លែង​តាម​ទូរទស្សន៍ Rada TV នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា។

រោងចក្រវារីអគ្គិសនីដ៏ធំបំផុតរបស់អ៊ុយក្រែនDniproបានឆេះបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីខែមីនាឆ្នាំមុន។ រូបថត៖ RBC 

ប្រធានក្រុមហ៊ុន Ukrhydroenergo បានបន្ថែមថា ដំណើរការនៃការស្តារឡើងវិញនូវរោងចក្រវារីអគ្គិសនីមានភាពស្មុគស្មាញណាស់ ព្រោះថាឧបករណ៍ចាំបាច់បច្ចុប្បន្នមានតែនៅបរទេសប៉ុណ្ណោះ។ លើសពីនេះ រយៈពេលនៃការងើបឡើងវិញគឺវែងណាស់។កាលពីខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាប្រទេសនេះបានបាត់បង់៨០%នៃទិន្នផលថាមពលកំដៅរបស់ខ្លួននិង១/៣នៃទិន្នផលវារីអគ្គីសនី ដោយសារតែឥទ្ធិពលនៃសង្រ្គាម។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal បាននិយាយថា កន្លែងផ្គត់ផ្គង់កំដៅជាង៨០០រួមទាំងរោងចក្រវារីអគ្គិសនី ខ្យល់និងថាមពលពន្លឺព្រះអាទិត្យត្រូវបានខូចខាតឬបំផ្លាញទាំងស្រុងនៅក្នុងប្រទេសអ៊ុយក្រែន។របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី១៤ខែសីហាដោយក្រុមហ៊ុនឯកជនធំបំផុតនៅក្នុងឧស្សាហកម្មថាមពលនៅអ៊ុយក្រែន DTEK បានបង្ហាញថាក្រុមហ៊ុននេះបានបាត់បង់ប្រហែល៩០% នៃសមត្ថភាពអគ្គិសនីរបស់ខ្លួនពីរោងចក្រថាមពលកំដៅរោងចក្រថាមពលខ្យល់ និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ។DTEK ក៏បានបង្ហាញផងដែរថាពួកគេត្រូវចំណាយរហូតដល់៤៨.៦លានដុល្លារអាមេរិកចាប់ពីដើមឆ្នាំ២០២៤រហូតមកដល់ពេលនេះដើម្បីស្ដារឡើងវិញនូវរោងចក្រថាមពលកម្ដៅដែលរងការខូចខាតដោយការវាយប្រហារពីប្រទេសរុស្ស៊ី។ប៉ុន្មានថ្ងៃមុន ទីក្រុងគៀវបាននិយាយថា ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅក្នុងតំបន់ចំនួន១៥នៅទូទាំងប្រទេសផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។មន្ត្រីគៀវជឿថាទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដើម្បីធ្វើឱ្យប្រព័ន្ធថាមពលរបស់ប្រទេសនេះចុះខ្សោយក្នុងរដូវរងានៅពេលដែលមនុស្សត្រូវការអគ្គិសនី ដើម្បីកំដៅ៕


Powered by Blogger.