កម្ពុជាព្រមានចំពោះបាតុភូតធម្មជាតិ
ក្រសួងធនធានទឹកនិងឧតុនិយមបាននិយាយនៅក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុថ្មីមួយថាភ្លៀងធ្លាក់កាន់តែច្រើន រួមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ត្រូវបានគេរំពឹងថានឹងកើតមាននៅទូទាំងប្រទេសចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែសីហា។
ប្រភពដដែលបានឱ្យដឹងទៀតថា ចំពោះសីតុណ្ហភាពក្នុងអំឡុងពេលនេះ នឹងមានការប្រែប្រួលចន្លោះពី ២៣ ទៅ ៣៤ អង្សាសេសម្រាប់តំបន់ទំនាបកណ្តាល និងពី ២២ ទៅ ៣៣ អង្សាសេ សម្រាប់តំបន់ខ្ពង់រាប។ក្រសួងធនធានទឹកនិងឧតុនិយម បានចង្អុលបង្ហាញថា នៅតាមតំបន់មាត់សមុទ្រ សីតុណ្ហភាពនឹងមានពី ២៤ ទៅ ៣០ អង្សាសេ។ដូចនេះ ក្រសួងសូមអំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមាន ជាពិសេសខ្យល់បក់បោកខ្លាំង និងរលកខ្ពស់នៅតំបន់មាត់សមុទ្រ។ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីអាកាសធាតុជាប្រចាំ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុអាក្រក់ ដែលនឹងកើតមានឡើង។ករណីនៅថ្ងៃទី១៤ មេសា ដែលមានភ្លៀងធ្លាក់ខ្លាំងលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់បានបោកបក់លើ២៤ខេត្តនៃប្រទេសកម្ពុជា បណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន។យោងតាមបណ្តាញព័ត៌មានគ្រោះមហន្តរាយអាស៊ាន (ADINet) បានឱ្យដឹងថា មនុស្សជាង ១៤,១០០នាក់បានរងផលប៉ះពាល់ ផ្ទះចំនួន២១៨ខ្នង ត្រូវបានបំផ្លាញ និង ផ្ទះ២,៨៥៨ខ្នង រងការខូចខាតដោយសារអាកាសធាតុអាក្រក់៕AKP/KT
Post a Comment