ឥទ្ធិពល​​​លើ​​ការទូត​ចិន​ពេ​ល'ផ្លាស់ប្តូរ​មេទ័​​ព​នៅ​កណ្តា​​ល​ផ្លូវ'

 ការសម្រេចចិត្តបណ្តេញរដ្ឋមន្ត្រីការបរទេសQin Gangបន្ទាប់ពីបានត្រឹមតែ ៧ខែដោយមិនផ្តល់ការពន្យល់អាចប៉ះពាល់ដល់មុខមាត់របស់ប្រទេសចិន និងទំនាក់ទំនងបរទេស។រហូតមកដល់ពេលនេះប្រទេសចិនមិនបានផ្តល់ការពន្យល់អំពីមូលហេតុដែលសភាជាតិកាលពីថ្ងៃទី២៥ខែកក្កដាបណ្តេញQin Gangត្រឹមតែ៧ខែបន្ទាប់ពីលោកបានក្លាយជារដ្ឋមន្ត្រីការបរទេសក្មេងជាងគេរបស់ប្រទេសនេះ។ មុខតំណែងរដ្ឋមន្ត្រីការបរទេសឥឡូវនេះត្រូវបានប្រគល់ជូនលោក Wang Yi ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសចិន។

Qin Gang គឺជាមន្ត្រីជាន់ខ្ពស់បំផុតម្នាក់នៅក្នុងបក្សកុម្មុយនីស្តចិន ដែលត្រូវបានបណ្តេញចេញ។Reuters
អ្នកនាំពាក្យក្រសួងការបរទេសចិនម្តងហើយម្តងទៀតបានគេចពីសំណួររបស់អ្នកសារព័ត៌មានបរទេសអំពីហេតុផលសម្រាប់ការលាលែងពីតំណែងរបស់Qin។ប៉ុន្តែបាននិយាយថាគោលនយោបាយការបរទេសរបស់ប្រទេសចិន "នៅតែបន្តដូចធម្មតា"។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជឿថាការសម្រេចចិត្តដែលមិននឹកស្មានដល់នេះក្នុង "ការផ្លាស់ប្តូរមេទ័ពនៅពាក់កណ្តាលផ្លូវ"នឹងបង្កើតការរំខានមួយចំនួនជាមួយទំនាក់ទំនងបរទេសរបស់ប្រទេសចិន។ការលាលែងពីតំណែងភ្លាមៗរបស់លោក Qin ដែលជា "តារារះឡើង" នៃក្រសួងការបរទេសចិន ដោយមិនដឹងមូលហេតុបានធ្វើឱ្យមានការរំពឹងទុកជាច្រើនទាំងក្នុង និងក្រៅប្រទេស។ជាពិសេសបន្ទាប់ពីលោកមិនបានបង្ហាញខ្លួនជាសាធារណៈមួយខែកន្លងមកនេះ។កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកJamesCleverlyបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដែលគ្រោងធ្វើនៅចុងខែនេះដោយលើកឡើងពីអវត្តមានរបស់លោក Qin ។ លោក Qin ក៏គ្រោងនឹងជួបជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell នៅដើមខែនេះ ។ប៉ុន្តែទីក្រុងប៉េកាំងបានលុបចោលការធ្វើដំណើរភ្លាមៗដោយមិនបញ្ជាក់ពីមូលហេតុ។ប្រសិនបើប្រទេសចិនមិនបង្ហាញពីមូលហេតុនៃការបណ្តេញលោក Qin ទេនោះ លោក Alfred Wu សាស្ត្រាចារ្យរងនៅសាលា Lee Kuan Yew School of Public Policy ក្នុងប្រទេសសិង្ហបុរី គិតថានេះនឹងប៉ះពាល់ដល់មុខមាត់របស់ប្រទេសចិនយ៉ាងខ្លាំងនៅក្នុងក្រសែភ្នែករបស់ដៃគូបរទេស។លោក Wu បាននិយាយថា "វាអាចតំណាងឱ្យភាពមិនច្បាស់លាស់មួយផ្នែកនៅក្នុងដំណើរការធ្វើការសម្រេចចិត្ត" ដោយបន្ថែមថានេះនឹងប៉ះពាល់ដល់ទំនុកចិត្តលើតម្លាភាព ។ជាពិសេសនៅពេលដែលបុគ្គលដែលពាក់ព័ន្ធគឺជាមន្ត្រីក្រសួងការបរទេសកំពូលរបស់ចិន។អ្នកវិភាគវាយតម្លៃថាការសម្រេចចិត្តផ្លាស់ប្តូរបុគ្គលិកភ្លាមៗបែបនេះក៏ជៀសមិនរួចបណ្តាលឱ្យមានការរំខាននៅក្នុងជួរការទូតចិន។លោក Nicholas Bequelin អ្នកឯកទេសជាន់ខ្ពស់នៅមជ្ឈមណ្ឌល Paul Tsai China នៅសាកលវិទ្យាល័យ Yale បាននិយាយថា "Qin Gang គឺជាមុខមាត់របស់ប្រទេសចិននៅលើឆាកអន្តរជាតិហើយវាពិបាកក្នុងការសន្មត់ថានឹងមិនប៉ះពាល់ដល់អ្នកការទូតជុំវិញពិភពលោក"។ផលប៉ះពាល់ដ៏សំខាន់បំផុតមួយនោះគឺថាដំណើរការនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនទំនងជាកាន់តែមានភាពស្មុគស្មាញនៅពេលអវត្តមានរបស់លោក។ការសម្រេចចិត្តបណ្តេញលោក Qin បានកើតឡើង ខណៈដែលថ្មីៗនេះ សហរដ្ឋអាមេរិកបានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសចិនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងនិងធ្វើការឆ្ពោះទៅរកការរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ទៅកាន់ទីក្រុង San Francisco សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅក្នុងខែវិច្ឆិកា។លោកRorryDanielsអ្នកជំនាញនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី (ASPI)បាននិយាយថា“កិច្ចប្រជុំនេះពិតជាឱកាសមួយដែលមេដឹកនាំនៃភាគីទាំង២មិនចង់ខកខាន ព្រោះវាជាឱកាសដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក និងចិន ដើម្បីបង្ហាញសេដ្ឋកិច្ចផ្សេងទៀតនៅក្នុង APEC ថាពួកគេអាចគ្រប់គ្រងទំនាក់ទំនងបានយ៉ាងល្អ”។នៅពេលដ៏សំខាន់បែបនេះ ការលាលែងពីតំណែងរបស់លោកQinដែលជាមន្ត្រីដែលធ្លាប់ស្គាល់អ្នកការទូតអាមេរិកនិងបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងរយៈពេល៥ម៉ោងចុងក្រោយនេះ អាចធ្វើឱ្យការចរចារវាងភាគីទាំង២កាន់តែពិបាក។លោក Dennis Wilder អ្នកជំនាញខាងគំនិតផ្តួចផ្តើមកិច្ចសន្ទនាអាមេរិក-ចិន ស្តីពីកិច្ចការសកលនៅសាកលវិទ្យាល័យ Georgetown បាននិយាយថា "ខ្ញុំមិននិយាយថាពួកគេនឹងបញ្ឈប់ការចរចានោះទេ។ប៉ុន្តែបន្ទាប់ពីឧបទ្ទវហេតុនេះ ពួកគេអាចមានអារម្មណ៍រសើបជាងមុននិងមិនចង់ធ្វើសម្បទាន ឬធ្វើសកម្មភាពដែលបង្ហាញថាប្រទេសចិនកំពុងសម្របសម្រួលមុនពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមទំនាក់ទំនងឡើងវិញ"។ទោះជាយ៉ាងណាក៏ដោយការលាលែងពីតំណែងរបស់Qinនឹងមិនធ្វើឱ្យក្រសួងការបរទេសចិនធ្វើការផ្លាស់ប្តូរគោលនយោបាយធំដុំនោះទេពីព្រោះគោលនយោបាយការបរទេសរបស់ប្រទេសនេះនៅតែគូសបញ្ជាក់ដោយប្រធានាធិបតី Xi Jinping ។រដ្ឋមន្ត្រីការបរទេសចិនបច្ចុប្បន្នមិនមែនជាមុខមាត់ថ្មីទេ។ប៉ុន្តែលោក Wang Yi ដែលជាសមាជិកការិយាល័យនយោបាយ និងមានឋានៈខ្ពស់ជាងលោក Qin។លោក Yun Sun នាយកកម្មវិធីចិននៅមជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា"ការបណ្តេញលោក Qinមិនបង្កឱ្យមានភាពចលាចលខ្លាំងពេកនៅក្នុងគោលនយោបាយការបរទេសទេ ពីព្រោះអ្នកធ្វើការសម្រេចចិត្តមិនបានផ្លាស់ប្តូរ" ។ "លោក Wang Yiគឺជាជម្រើសដែលមានសុវត្ថិភាពក្នុងការជួយកាច់ចង្កូតទូកនៅកណ្តាលភាពចលាចល"។ការតែងតាំងនេះធ្វើឱ្យលោក Wang ក្លាយជារដ្ឋមន្ត្រីការបរទេសដ៏មានឥទ្ធិពលបំផុតរបស់ចិនក្នុងរយៈពេលជាច្រើនទសវត្សរ៍និងជាសមាជិកទី១នៃការិយាល័យនយោបាយដែលកាន់តំណែងចាប់តាំងពីសម័យ Qiannan ។ចំណាត់ការមិនធម្មតានេះបង្ហាញថា មេដឹកនាំចិនផ្តល់អាទិភាពដល់ភាពបន្ទាន់នៃការតែងតាំងបុគ្គលិកជំនួសលោក Qin ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព ជាជាងការជំរុញ និងជ្រើសរើសអ្នកស្នងតំណែង។បន្ថែមពីលើការពង្រឹងឋានៈរបស់លោក Wangជាអ្នកការទូតលំដាប់ខ្ពស់បំផុតរបស់ប្រទេសចិនការតែងតាំងនេះគូសបញ្ជាក់ថាលោក"នៅតែជាជំនួយការគោលនយោបាយការបរទេសដែលគួរឱ្យទុកចិត្តបំផុតរបស់លោក Xi" ។នេះបើយោងតាមសាស្ត្រាចារ្យ Wu ។លោក Wang បានចូលរួមក្នុងសកម្មភាពការទូតជាច្រើននាពេលថ្មីៗនេះ ដូចជាជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger និងបេសកជនអាកាសធាតុអាមេរិក John Kerry នៅប្រទេសចិនកាលពីសប្តាហ៍មុន។លោកក៏បានចូលរួមកិច្ចប្រជុំរបស់ទីប្រឹក្សាសន្តិសុខជាតិ និងតំណាងសន្តិសុខជាតិជាន់ខ្ពស់មកពីប្លុក BRICS នៅអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ។លោក Zhiqun Zhu សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Bucknell បាននិយាយថា ការសម្រេចចិត្តតែងតាំងលោក Wang គឺក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍មានស្ថិរភាព និងធានាបាននូវការបន្តគោលនយោបាយការបរទេសរបស់ប្រទេសចិន។លោក Xi គឺជា​អ្នក​ដឹកនាំ​គោលនយោបាយ​ការបរទេស ខណៈ​លោក Wang ត្រូវ​ទទួល​ភារកិច្ច​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ។ នេះ​បើ​តាម​អ្នកជំនាញ Nicholas Bequelin ។លោក Bequelin បាននិយាយថា "ចិនហាក់ដូចជាកំពុងស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការសម្រេចចិត្តបណ្តេញQinGangនិងបង្ហាញរូបភាពស្ថិរភាពនៅក្នុងគោលនយោបាយការបរទេសព្រោះវាតែងតែចាត់ទុកខ្លួនឯងថាជាអ្នកសាងសង់ដែលអាចទុកចិត្តបាននៃសណ្តាប់ធ្នាប់ពិភពលោកថ្មីដោយជំនួសការដឹកនាំដោយសហរដ្ឋអាមេរិក"៕ប្រភពSCMP, Al Jazeera


Powered by Blogger.