VIDEOអ្នកនាំពាក្យក្រសួងមហាផ្ទៃឆ្លើយតប៣ចំណុចជុំវិញការសិក្សាធ្វើប័ណ្ណបើកបរម៉ូតូចាប់ពី60CCឡើងទៅ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានឆ្លើយតប៣ចំណុចជុំវិញការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី “60CC” ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត។
![]() |
ឯកឧត្ដមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ |
អ្នកនាំពាក្យក្រសួងមហាផ្ទៃមានសេចក្ដីសោមនស្សរីករាយ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ឯកឧត្ដមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ននិងអនាគត» កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែងនិងបំពាក់ឋានន្តរស័ក្តិនាយឧត្ដមសេនីយ៍ ជូនឯកឧត្ដមអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ។ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ឯកឧត្ដមអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំនិងសម្ដែងទស្សនៈផ្សេងៗ។ អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ដូចតទៅ ៖
១. សិក្សាសម្រាប់អនាគត ៖ជាស្មារតីអនុសាសន៍របស់ ឯកឧត្ដមអភិសន្តិបណ្ឌិតទី១. លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ ។ ទី២.ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគតពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ។ ទី៣. ជារួមពុំមែនជាលក្ខខណ្ឌដាច់ខាតឱ្យតែម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរនោះទេពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរដូចជា ប្រភេទ ក, ខ,…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង។
២. ហេតុផលនៃអនុសាសន៍៖ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងយ៉ាងច្បាស់ៗប្រកបដោយការព្រួយបារម្ភថាមិនទាន់ដាច់ឆ្នាំ២០២៣ផងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១១០០នាក់ទៅហើយបើធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ ១៧លាននាក់។ ដូច្នេះ ទំរាំដាច់ឆ្នាំ២០២៣ អាចនឹងកើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់។ ទោះជាចំនួនអ្នកស្លាប់បានថយចុះមែន ។ប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ។ចំណែកឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងមួយថ្ងៃៗក្រសួង ធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង១ ០០០គ្រឿងគិតជាលេខមូល។ បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជាផែនការ ឯកឧត្ដមអភិសន្តិបណ្ឌិត មានទស្សនវិស័យ«កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត»។
៣. ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានជំរុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្តសហការជាមួយតួអង្គពាក់ព័ន្ធនានាបង្កើតយន្តការបណ្ដុះបណ្ដាល ផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយអំពីច្បាប់ចរាចរណ៍ បច្ចេកទេសបើកបរនិងក្រមសីលធម៌បើកបរជាដើម ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផងនិងពង្រឹងសណ្ដាប់ធ្នាប់ ចរាចរណ៍តាមដងផ្លូវផង។ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ម្ដងហើយម្ដងទៀតថា អនុសាសន៍របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត គឺជា«ផែនការសម្រាប់អនាគត ដោយចាប់ផ្ដើមគិតគូរពីថ្ងៃនេះទៅនិងជាក្ដីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ពោលគឺពុំទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ។សំណួរសួរថា តើចង់បណ្ដោយឱ្យប្រជាពលរដ្ឋស្លាប់ក្នុងមួយឆ្នាំៗប្រមាណ២០០០នាក់ ឬយ៉ាងណា?ប្រសិនបើមិនចង់ទេលុះត្រាតែរួមគិតរិះរកគ្រប់យន្តការដើម្បីទប់ស្កាត់ពីឥឡូវនេះតទៅ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះអង្គភាពសារព័ត៌មាន និងសាធារណជន ដែលតែងតែគាំទ្រនិងតាមដានចាប់អារម្មណ៍រាល់ការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកកំពុងមមាញឹកជាមួយថ្នាក់ដឹកនាំក្រសួង ធ្វើកំណែទម្រង់ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាពជាឧត្ដមប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ក្រោមមគ្គទេសក៍របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
Post a Comment