ឧត្តមក្រុ​មប្រឹក្សាពិគ្រោះ​និងផ្តល់យោបល់ត្រូវ​បានបង្កើតឡើងវិ​ញ

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៦ ខែសីហា ដោយឡែកបានចេញផ្សាយជាសាធារណៈកាលពីម្សិលមិញ។

ការបង្កើតឡើងវិញនូវឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងដើម្បីប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍន៍ជាតិ។ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នឹងមានសមាសភាពមកពីគណបក្សនយោបាយទាំងអស់ដែលចូលរួមក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ក៏ដូចជាគណបក្សនយោបាយដែលបានចុះឈ្មោះផ្សេងទៀត ប៉ុន្តែពួកគេក៏អាចចទទួលបានឯកសិទ្ធិជាសមាជិកស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងករណីដែលពួកគេដាក់ពាក្យស្នើសុំជាផ្លូវការក្នុងរយៈពេលពីរ ប៉ុន្មានសប្តាហ៍បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន និងដោយមានការយល់ព្រមពីនាយករដ្ឋមន្ត្រី។ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺជាយន្តការពិគ្រោះយោបល់របស់គណបក្សនយោបាយសម្រាប់រាជរដ្ឋាភិបាលនៅក្រៅក្របខ័ណ្ឌសភា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិទីមួយត្រូវបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតជាតិលើកទី៦ ឆ្នាំ ២០១៨ តាមរយៈគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អាណត្តិរបស់ឧត្តមក្រុមប្រឹក្សានេះគឺមានសុពលភាពទៅតាមអាណត្តិរបស់រដ្ឋាភិបាល។ភារកិច្ចចម្បងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺផ្តួចផ្តើម និងផ្តល់ការប្រឹក្សាយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល និងតាមដានការអនុវត្តច្បាប់ និងគោលនយោបាយរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់អនុសាសន៍ក្នុងករណីមានភាពអសកម្ម ឬ ទង្វើមិនប្រក្រតីរបស់មន្ត្រីណាម្នាក់។សមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នឹងត្រូវបានកោះប្រជុំជារៀងរាល់ខែដោយប្រធានរបស់ពួកគេ(គណបក្សនយោបាយនីមួយៗកាន់តំណែងជាប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់វិលជុំក្នុងរយៈពេល១ខែម្តង) និងចូលរួមប្រជុំរៀងរាល់ប្រាំមួយខែម្តងជាមួយនាយករដ្ឋមន្ត្រី ឬនៅពេលមានកិច្ចប្រជុំចាំបាច់ផ្សេងទៀតដែលធ្វើឡើងដោយនាយករដ្ឋមន្រ្តី។មានគណបក្សនយោបាយសរុបចំនួន១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិគណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សខ្មែរអភិរក្ស គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកសិករ។គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈក្នុង​រដ្ឋសភា​ចំនួន ១២០ ហើយ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ៕AKP/Khmer Times

Powered by Blogger.