ឯក​​ឧត្តមអ​​ភិសន្តិបណ្ឌិតស​ សុខា​ប្រកា​​សលុបបំបា​ត់វប្បធម៌អ​ន្តរាគមន៍និងអ្នក​ពា​ក់​ព័ន្ធនឹងគ្រឿ​ងញៀនចេ​​ញពីតួនាទី

 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន​ប្រកាស​ព្រមានដកតួនាទីមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀននិងបំបាត់វប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ។ការប្រកាសឯកឧត្តមអភិសន្តិបណ្ឌិតបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខ​តំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួង​មហា​ផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួងមហាផ្ទៃ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា៖ «ការងារនេះ ខ្ញុំនឹង ការងារ​នេះមិនចូលជ្រៅទេ។ប៉ុន្តែចំពោះការងារពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កន្លងមក​មាន​ស្នងការរងម្នាក់បានបន្លំឯកសារ ដោយអន្តរាគមន៍ដល់សម្តេចក្រឡាហោម ពេលនោះ​នីតិកាល​ទី៦ ប៉ុន្តែឥឡូវនេះ នីតិកាលទី៧ យើងលុបបាត់ចោល»។  ឯកឧត្តមអភិសន្តិ​បណ្ឌិតបានលើកឡើងថាអាណត្តិទី៧នេះចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់​អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿង ឯកឧត្ដមគិតថាពួកគាត់​មិនគួរ​នៅជាមួយពួកយើងទៀតទេ។  ឯកឧត្តមអភិសន្តិបណ្ឌិតអះអាងថា  មន្ត្រីដែល​ពាក់​ព័ន្ធ​គ្រឿងញៀននោះបើទុកទៅមិនដឹងមានប្រយោជន៍អ្វីទៀតទេ ព្រោះថាគាត់ម្នាក់នឹង​មិន​ដឹង​បានធ្វើប៉ុន្មានឆ្នាំហើយ និងអ្នកដែលកើតទុក្ខដោយសារគាត់រាប់ពាន់នាក់។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ក្រៅពីការអន្ត​រា​គមន៍​ចំពោះគ្រឿងញៀនក៏មានការលុបំបាត់ចំពោះការអន្តរាគមន៍​ករណីផ្សេងៗទៀត​ផង​ដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្ថែមថា នឹងលុបបំបាត់ចំពោះការទាក់​ទា​អន្តរា​គមន៍ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលជាចំណុចមួយសំខាន់ណាស់ ។ ឯកឧត្ដមបានកត់សម្គាល់ឃើញថា កន្លងមកនេះមានករណីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​មួយចំនួនបានដឹកនាំកម្លាំងរបស់ខ្លួនទៅការពារវិស័យឯកជនដែលមានជម្លោះ ឬមួយចំនួន​ទៀតបានដឹកនាំកម្លាំងទាំងស៊ីវិលឬផ្នែកកងកម្លាំងនគបាលទៅការពារដី​ទាំង​នោះដែល​ទាំងនោះមិនមានជាប្រយោជន៍រួម។   ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់បន្ថែមថា៖«ចំណុចនេះ ខ្ញុំគួរថាត្រូវលុបបំបាត់  និងពិនិត្យដាក់ទោសទណ្ឌ ចំពោះបុគ្គលនោះ ព្រោះ​មិនអាចយកកំលាំងទៅប្រើប្រាស់ទៅលើការងារបុគ្គលបានទេ»។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ការធ្វើបែប​នេះ​នឹងធ្វើឱ្យមានយុត្តិធម៌ក្នុងសង្គមផងដែរ ហើយយុត្តិធម៌សង្គមនឹងចាប់ផ្តើមអនុវត្តន៍​ចាប់ពីអាណត្តិទី៧នេះតទៅ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃក៏បាន​លើក​ឡើងទៀតថា យុត្តិធម៌សង្គមមិនមែ នទាល់តែការធ្វើអំពើល្អជាមួយប្រជាពល​រដ្ឋនោះ​ទេ គឺត្រូវចាប់ផ្តើមចេញពីខ្លួនយើង  ដូច្នេះហើយបានជាខ្ញុំទោសចំពោះឯកឧត្តម ថ្នាក់​ដឹក​នាំបណ្តាក្រសួងផ្សេងៗ ពិសេសក្នុងក្រសួងមហាផ្ទៃ ក្នុងការផ្ទេរមន្ត្រីមកចូលក្នុងក្រសួង ឬផ្ទេរ​ចេញ ឬផ្ទេរទៅតាមបណ្តាអគ្គនាយកដ្ឋាននានា ឬមួយតែងតាំងនៅអគ្គនាយក​ដ្ឋាន​ផ្សេងទៀត។ឯកឧត្តមអភិសន្តិបណ្ឌិតបានអះអាងបន្ថែមថា នឹងធ្វើការជាមួយបណ្តា អគ្គនាយក​ដ្ឋាននានាដើម្បីធ្វើការឈ្វេងយល់បន្ថែម​ដូច្នេះការផ្អាកផ្ទេរតួនាទីត្រូវផ្អាកជា​បណ្តោះ​អាសន្នការធ្វើបែបនេះដើម្បីឱ្យអ្នកថ្មី មានភាពរឹងមាំផ្លូវចិត្តក្នុងការរៀបចំ​រចនាសម្ព័ន្ធខ្លួន​ដែល​គិតថាអាចធ្វើបាន។ ឯកឧត្តមអភិសន្តិបណ្ឌិតរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «បើយើង​គិតតែធ្វើការផ្ទេរតួនាទីចុះឡើងនោះ ការបែងចែងតួនាទីភារកិច្ចមិនចប់​នោះទេ។ អីចឹង  យើ​ង​ត្រូវ​បញ្ចប់ ទើបគាត់មានការទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល ពិសេសនោះ​រដ្ឋមន្ត្រីក្រសួងរបស់ខ្លួន»៕AKP




Powered by Blogger.