បុរសម្នាក់បានជូតញើសចេញពីចិញ្ចើមរបស់គាត់ក្រោមកម្តៅថ្ងៃក្តៅខ្លាំងនិងបាននិយាយថា “នោះហើយជាទីតាំង”។
 |
រូបចម្លាក់ព្រះពោធិសត្វអវលោកេស្វរៈទ្រផ្កាឈួកនិងបដិមាករអមចំនួន២ ដែលមានប្រភពមកពីប្រទេសកម្ពុជា (រូបថតផ្តល់ដោយ៖វិចិត្រសាលជាតិអូស្ត្រាលី/KhmerTimes) |
នៅកន្លែងនេះកាលពីជិត៣០ឆ្នាំមុន គាត់បានជីកយករូបសំណាកព្រះពុទ្ធសំរិទ្ធដ៏កម្រមួយអង្គដែលគេជឿថាធ្លាប់ជាវត្ថុរបស់ស្តេចកាលពីសម័យបុរាណ។គាត់មិនអាចនឹកស្មានដល់ដំណើរដ៏វែងឆ្ងាយដែលរូបសំណាកដែលពោរពេញទៅដោយដីហុំព័ទ្ធមានតម្លៃខ្ពស់បែបនេះទេ។ក្នុងឆ្នាំ២០១១ វាបានក្លាយជារូបចម្លាក់សំរឹទ្ធមួយក្នុងចំណោមរូបចម្លាក់សំរឹទ្ធចំនួន៣ដែលត្រូវបានលក់ជាឈុតទៅអោយវិចិត្រសាលជាតិនៃប្រទេសអូស្ត្រាលីក្នុងតម្លៃ១.៥ លានដុល្លារអាមេរិក។ វិចិត្រសាលជាតិនេះបាននិយាយថានេះគឺជា“ការទទួលបាននូវវត្ថុដ៏អស្ចារ្យបំផុត” នៅឆ្នាំនោះ។ប៉ុន្តែតែងតែមានការសម្ងាត់ជុំវិញប្រភពដើមរបស់រូបចម្លាក់សំរឹទ្ធិ។កាលពីសប្តាហ៍មុន សារមន្ទីបានប្រគល់រូបចម្លាក់មកប្រទេសកម្ពុជាវិញជាផ្លូវការ បន្ទាប់ពីត្រូវបានគេបញ្ជាក់ថារូបចម្លាក់នេះបានមកដល់សារមន្ទីតាមរយៈជនបោកប្រាស់ម្នាក់។វាជាលើកទី១ហើយដែលវិចិត្រសាលជាតិបានធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណរបស់កម្ពុជាមកវិញ។ឥឡូវនេះ អ្នកសារព័ត៌មានបរទេសរបស់ ABC អាចបង្ហាញពីរបៀបដែលវត្ថុបុរាណទាំងនេះត្រូវបាននាំយកពីវាលនៅប្រទេសកម្ពុជា ទៅកាន់វិចិត្រសាលជាតិអូស្ត្រាលី។កម្មវិធីនេះសហការជាមួយអង្គភាពស្តារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាក្រុមអ្នកតាមរកវត្ថុបុរាណ ដែលមានភារកិច្ចតាមដាន និងទាមទារយកមកវិញនូវរតនសម្បត្តិដែលបាត់ រួមទាំងរូបចម្លាក់សំរិទ្ធនៅក្នុងសារមន្ទីផងដែរ។ហើយជាលើកទី១អ្នកលួចម្នាក់ដែលមានរហស្សនាមថា The Falcon (ដើម្បីការពារអត្តសញ្ញាជននេះ) បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មានបរទេសស្តីពីការជួញដូរបេតិកភណ្ឌវប្បធម៌ខុសច្បាប់របស់ប្រទេសអស់ជាច្រើនទសវត្សរ៍មកហើយ។The Falcon បាននិយាយថាមានការផ្លាស់ប្តូរជាច្រើននៅកន្លែងដែលធ្លាប់ជីករកកំណប់បុរាណតាំងពីឆ្នាំ១៩៩៤។កាលនោះ ទីតាំងត្រូវបានគ្របដណ្តប់ដោយព្រៃឈើខៀវស្រងាត់។ សព្វថ្ងៃ ទីនេះបានក្លាយជាវាលស្រែក្រោមកម្តៅថ្ងៃ។The Falcon បានសារភាពថាខ្លួនបានលួចរូបសំណាកខ្មែរបុរាណកាលពីមួយទសវត្សរ៍មុន ហើយបច្ចុប្បន្នបាននិងកំពុងធ្វើការជាមួយក្រុមស្វែងរកវត្ថុបុរាណកម្ពុជាដើម្បីនាំវត្ថុបុរាណទាំងនោះត្រឡប់មកវិញ។គាត់ក៏បង្ហាញពីទីកន្លែងដែលគាត់បានជីកកាលពីបីទសវត្សរ៍មុន។គាត់បាននិយាយថា “កាលនោះ ខ្ញុំមានអាយុប្រហែល៣៥ ឆ្នាំនៅពេលដែលគេជួលខ្ញុំឱ្យជីក” ។ “ខ្ញុំក្រីក្រណាស់ ដោយពេលនោះប្រទេសរបស់យើងនៅតែមានសង្រ្គាម។”គាត់បានលឺថាមានកំណប់របស់ស្តេចបុរាណមួយបានកប់នៅជុំវិញភូមិរបស់គាត់ ហើយគាត់អាចរកលុយបានច្រើន ប្រសិនជាគាត់អាចរកវត្ថុទាំងនោះឃើញ។គាត់បាននិយាយថា “ខ្ញុំបានចំណាយពេលជាង៦ខែដើម្បីជីកស្ទើរតែគ្រប់ទីកន្លែងនៅក្នុងភូមិ … ហើយបន្ទាប់មកខ្ញុំត្រូវបានគេប្រាប់អំពីកន្លែងនេះ” ។រូបសំណាកដែលគាត់បានរកឃើញ គឺជារូបសំណាកមួយដែលឥឡូវគេស្គាល់ថាជា “ព្រះពោធិសត្វ Avalokiteshvara Padmapani ដែលមានបរិវ៉ា” ដែលមានប្រភពពីព្រះរាជាណាចក្រចំប៉ា ដែលធ្លាប់មានទីតាំងនៅប្រទេសវៀតណាម និងផ្នែកខ្លះនៃប្រទេសកម្ពុជា។មិត្តរបស់គាត់ម្នាក់ទៀតដែលមានរហស្សនាមថា The Lion បានជីករូបចម្លាក់ធ្វើពីសំរឹទ្ធ២ទៀតនៅក្នុងកន្លែងតែមួយ។ពួកគេបានទទួលប្រាក់ប្រហែល១០០ដុល្លារ(បើប្រៀបធៀបទៅតម្លៃលុយក្នុងពេលបច្ចុប្បន្ន) ដោយ The Falcon ទទួលបានប្រាក់ប្រហែល២៥ ដុល្លារ។អស់ជាច្រើនទស្សវត្សមកហើយ ក្រុមចោរបានឆ្មក់ចូលប្រាសាទ និងកន្លែងពិសិដ្ឋផ្សេងទៀត បន្ទាប់មកបានរត់ពន្ធរូបសំណាកទាំងនោះទៅឱ្យឈ្មួញអន្តរជាតិតាមព្រំដែនក្នុងប្រទេសថៃ។បច្ចុប្បន្ន ការតាមរកវត្ថុបុរាណកំពុងតែប្រព្រឹត្តទៅដើម្បីនាំយករូបចម្លាក់ប្រមាណ ៤០០០ បំណែកដែលត្រូវបានគេលួចយកមកប្រទេសកម្ពុជាវិញ។មេធាវីជនជាតិអាមេរិក លោក Bradley Gordon ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំក្រុមស្វែងរកបេតិកភណ្ឌវប្បធម៌របស់ប្រទេស បាននិយាយថា បំណែកដ៏មានតម្លៃមួយចំនួនបាននាំយកមកពីសារមន្ទីរ និងការកាន់កាប់ជាឯកជនជុំវិញពិភពលោក។គាត់បានប្រាប់អ្នកយកព័ត៌មានបរទេសថា “វាជារឿងរញ៉េរញ៉ៃដែលយើងកំពុងព្យាយាមដោះស្រាយ។យើងមានអ្នកជំនាញខាងរូបចម្លាក់ថ្ម រូបសំណាកសំរិទ្ធ អ្នកប្រវត្តិសាស្ត្រ អ្នកនរវិទ្យា អ្នកអភិរក្ស អ្នកច្បាប់ ជាក្រុមមានទេពកោសល្យដ៏អស្ចារ្យ ហើយមាន៩០ ភាគរយជាជនជាតិខ្មែរ»។ពេលនេះក្រុមការងារអាចបញ្ជាក់ពីរបៀបដែលវត្ថុបុរាណធ្វើពីសំរឹទ្ធទាំងនោះត្រូវបានយកទៅទុកនៅសារមន្ទីរក្នុងប្រទេសអូស្ត្រាលី ហើយអ្វីដែលសំខាន់នោះគឺបុរសម្នាក់នៅប្រទេសកម្ពុជាដែលត្រូវបានគេស្គាល់ថា “Dynamite Doug” ។ការលួចវត្ថុបុរាណបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាក្នុងសម័យអាណានិគមបារាំងនៅចុងទសវត្សរ៍ឆ្នាំ១៨០០ បន្ទាប់មកសកម្មភាពខុសច្បាប់នេះត្រូវបានបន្តរហូតដល់ប្រទេសទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។សកម្មភាពនេះបានកើនឡើងក្នុងអំឡុងពេលនៃជម្លោះ ដូចជានៅចុងទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលប្រទេសកម្ពុជាត្រូវបានទាញចូលទៅក្នុងសង្រ្គាមវៀតណាម ហើយម្តងទៀតនៅក្នុងសម័យដ៏ឃោរឃៅរបស់ខ្មែរក្រហមរវាងឆ្នាំ១៩៧៥ និង១៩៧៩។ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ជម្លោះបានផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសកម្ពុជា ហើយយោងទៅតាមលោក Bradley Gordon សកម្មភាពលួចជីកកកាយបានឈានដល់ចំណុចកំពូល ។ បំណែកវត្ថុបុរាណនៅកម្ពុជា បានក្លាយជាទំនិញដ៏មានប្រជាប្រិយភាពសម្រាប់ឈ្មួញអន្តរជាតិ។លោក Gordon បាននិយាយថា៖ «វាជារឿងគួរឲ្យភ្ញាក់ផ្អើលដែលមនុស្សមួយក្រុមបានរកលុយក្នុងអំឡុងពេលនោះដោយការលក់វត្ថុបុរាណ»។“វត្ថុបុរាណដែលបាត់បង់មិនមែនចំនួនត្រឹម១០បំណែកនោះទេ គឺមានរាប់ពាន់បំណែក ហើយយើងបានបំផ្លាញប្រាសាទដោយលួចយកវត្ថុបុរាណពីទីតាំងទាំងនោះ។«វាត្រឹមត្រូវណាស់ដែលថាវត្ថុបុរាណទាំងនោះគឺប្រឡាក់ដោយឈាម»។អ្នកលក់វត្ថុបុរាណ Douglas Latchford ត្រូវបានគេឱ្យដឹងថា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងបណ្តាញនានា ដែលទាក់ទងនឹងវត្ថុបុរាណខ្មែរដែលត្រូវបានលួច។កំណប់ទ្រព្យជាច្រើនរបស់ប្រទេសកម្ពុជាត្រូវបានលួចដោយឆ្លងកាត់ដៃរបស់ Douglas Latchford។Latchford គឺជាអ្នកជំនួញជនជាតិអង់គ្លេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ដែលបានផ្លាស់ទៅរស់នៅទីក្រុងបាងកកក្នុងវ័យ២០ឆ្នាំហើយបានក្លាយជាឈ្មួញលេខ១ ក្នុងការជួញដូរវត្ថុបុរាណរបស់កម្ពុជា។លោក Gordon បានពន្យល់ថា “[Douglas Latchford] មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងបណ្តាញលួច ដែលយើងកំពុងស៊ើបអង្កេតនៅក្នុងប្រទេសកម្ពុជា”។“គាត់បានរកឃើញវិធីដេញថ្លៃ ចូលទៅក្នុង Sotheby’s និង Christie’s និងក្នុងសារមន្ទីរ Metropolitan Museum of Art សារមន្ទីរអង់គ្លេស។“គាត់អាចលក់ឱ្យពួកគេក្នុងតម្លៃរាប់លានដុល្លារ។ គាត់គឺជាបុរសឆរបោកដ៏ពូកែម្នាក់ម្នាក់”។ក្នុងឆ្នាំ២០១១ ឈ្មោះរបស់ Latchford បានលេចចេញនៅក្នុងករណីលួចរូបសំណាកដែលរដ្ឋអាជ្ញាអាមេរិកកំពុងស៊ើបអង្កេត ដែលនៅទីបំផុត ពួកគេបានបើកសំណុំរឿងទាំងមូលអំពីគាត់។Mario Christodoulou បានស៊ើបអង្កេតការបណ្តុំវត្ថុបុរាណនៅអាស៊ីអាគ្នេយ៍ដ៏ធំរបស់ប្រទេសអូស្ត្រាលី ហើយបានរកឃើញរឿងរ៉ាវនៃឈ្មួញ និងការលួចយកវត្ថុបុរាណ។មិនយូរប៉ុន្មានពួកគេបានរកឃើញថាគាត់ត្រូវបានគេស្គាល់ថាជា “Dynamite Doug” ដែលគេចោទប្រកាន់ថាក្រុមពាក់ព័ន្ធនឹងការលួចរបស់គាត់។ពួកគេក៏បានរកឃើញភស្តុតាងដែលថាគាត់បានក្លែងបន្លំរបាយការណ៍ភស្តុតាង និងឯកសារនាំចេញដើម្បីលក់ និងដឹកជញ្ជូន។គាត់ត្រូវបានចោទប្រកាន់នៅឆ្នាំ២០១៩ ពីបទជួញដូរវត្ថុបុរាណ និងក្លែងបន្លំវត្ថុបុរាណរបស់កម្ពុជា ប៉ុន្តែបានស្លាប់នៅឆ្នាំ២០២០ មុនពេលប្រឈមនឹងការកាត់ទោស។ក្រុមការងារបានប្រមូលមកវិញនូវវត្ថុបុរាណប្រហែល ៣០០បំណែក មកទល់ពេលនេះ ដោយភាគច្រើនមានទំនាក់ទំនងជាមួយ Latchford ។អតីតអ្នកលួចជីកកកាយវត្ថុបុរាណដូចជា The Lion និង The Falcon បានខិតខំប្រឹងប្រែងកែតម្រូវនូវអ្វីដែលពួកគេមើលឃើញថាជាកំហុសប្រវត្តិសាស្ត្រ។សក្ខីកម្មរបស់ពួកគេមានសារៈសំខាន់ណាស់ក្នុងការជួយក្រុមការងារយកវត្ថុបុរាណមកវិញ។ រូបថតចាស់ៗ គំនូរព្រាង និងកំណត់ហេតុប្រចាំថ្ងៃ ក៏មានតម្លៃមិនអាចកាត់ថ្លៃបានដែរ។ហើយម្តងម្កាល ក្រុមការងារបានរកឃើញសំណល់នៃរូបចម្លាក់ថ្មភក់ដែលចោរលួចបានបន្សល់ទុក។លោក Gordon បាននិយាយថា “អ្នកលួចជីកកកាយតែងតែស្ថិតនៅក្នុងភាពប្រញាប់ប្រញាល់ ” ។«ពួកអ្នកជីកបានបន្សល់ទុកនៅដៃ ជើងឆ្វេង ត្រចៀកឆ្វេង ហើយប្រសិនបើយើងអាចរកឃើញសំណ់បំណែកណាមួយ យើងអាចដាក់ឯកសារនោះទុកជាភស្តុតាង»។ការស៊ើបអង្កេតបានដឹកនាំក្រុមការងារទៅកាន់ប្រាសាទដ៏ល្បីល្បាញ និងអស្ចារ្យបំផុតរបស់ប្រទេសកម្ពុជា រួមទាំងប្រាសាទអង្គរវត្តផងដែរ។រូបចម្លាក់នៅទីតាំងនេះជួនកាលដងខ្លួនគ្មានក្បាល និងមានក្បាលតែគ្មានដងខ្លួន។ក្រុមការងារនេះក៏បានចូលជ្រៅក្នុងព្រៃភាគខាងជើងនៃប្រទេសកម្ពុជារហូតដល់កោះកេរ។នៅសតវត្សទី១០ ប្រាសាទបុរាណកោះកេរជារាជធានីនៃអាណាចក្រខ្មែរ ប៉ុន្តែសព្វថ្ងៃនេះវាគឺជាកន្លែងមួយដែលត្រូវបានគេលួចជីកកកាយច្រើនបំផុតរបស់ប្រទេស។ឈួន គន្ធា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់បាននិយាយថា វាជារឿងគួរអោយសោកស្តាយដែលឃើញប្រាសាទបាក់បែក ដោយសារតែប្រជាជនកម្ពុជាជឿថាកំណប់ទ្រព្យដែលនៅខាងក្នុងគឺ “មិនមែនគ្រាន់តែជារូបចម្លាក់” នោះទេ។មន្តី្ររូបនេះបាននិយាយថា៖ «រូបចម្លាក់មានវិញ្ញាណ»។ “ប្រជាជនកម្ពុជាគោរពជាព្រះរបស់យើង ដែលជាបុព្វបុរសរបស់យើង ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេក្នុងការវិលត្រឡប់មកកម្ពុជាវិញ។“ខ្ញុំស្រឡាញ់គម្រោងនេះព្រោះខ្ញុំគិតថាវាល្អណាស់សម្រាប់ប្រទេសរបស់ខ្ញុំ”។មិនមែនមានតែរូបចម្លាក់ខ្មែរទេ ដែលក្រុមការងារបាននិងកំពុងស្រាវជ្រាវ។នៅពេលដែលក្រុមការងារស្រាវជ្រាវកាន់តែស៊ីជម្រៅ ពួកគេបានដឹងអំពីវត្ថុបុរាណធ្វើពីលង្ហិនចំនួនបីរបស់ចាម។Lion និង The Falcon បានផ្តល់បទសម្ភាសន៍ជាច្រើនម៉ោងជាមួយក្រុមការងារ ហើយបាននាំពួកគេទៅកាន់ទីតាំងជាក់លាក់ រួមទាំងខេត្តត្បូងឃ្មុំ ដែលជាកន្លែងជីកយកវត្ថុបុរាណធ្វើពីសំរិទ្ធ។The Lion បានស្លាប់ដោយសារជំងឺ COVID-19 ក្នុងឆ្នាំ២០២១ ប៉ុន្តែ The Falcon នៅតែជួយក្រុមការងារដដែល។គាត់ភ្ញាក់ផ្អើលនៅពេលអ្នកសារព័ត៌មានបរទេសប្រាប់គាត់ថារូបសំណាកធ្វើពីលង្ហិនដែលគាត់បានរកឃើញគឺនៅក្នុងសារមន្ទីនៃប្រទេសអូស្ត្រាលីហើយសារមន្ទីបានចំណាយច្រើនបំផុតដើម្បីបានវត្ថុបុរាណនេះ។The Falcon បាននិយាយថា “ខ្ញុំសោកស្តាយដែលដឹងថារូបចម្លាក់នេះក្រៅប្រទេស… វាជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា”។ “ខ្ញុំនឹងសប្បាយរីករាយប្រសិនបើអាចយកវត្ថុទាំងនេះមកវិញបាន”។ពេលខ្លះបន្ទាប់ពីរូបចម្លាក់ដែលមានប្រភពមកពីប្រទេសចាមត្រូវបានរត់ពន្ធចេញពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ Douglas Latchford បានទទួលទិញវត្ថុទាំងនេះ។បន្ទាប់ពីការស្លាប់របស់ Latchford ក្រុមការងារបានចាប់ផ្តើមចរចាជាមួយគ្រួសាររបស់គាត់ដើម្បីនាំយកវត្ថុបុរាណទាំងនេះត្រឡប់មកវិញ។ក្រុមការងារក៏បានបញ្ចុះបញ្ចូលគ្រួសារគាត់ឱ្យប្រគល់ឯកសាររបស់គាត់មួយចំនួនដែលទាក់ទងនឹងរូបចម្លាក់ចាម។នៅពេលដែលវិចិត្រសាលជាតិបានទិញរូបចម្លាក់ធ្វើពីលង្ហិនក្នុងឆ្នាំ២០១១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនបង្ហាញអត្តសញ្ញាណអ្នកលក់។លោក Gordon បាននិយាយថា “អ្វីដែលបង្ហាញយ៉ាងច្បាស់នោះថាគឺ Douglas Latchford ជាអ្នកលក់” ។អ្នកសារព័ត៌មានបរទេសបានឃើញឯកសារមួយចំនួន រួមមានផែនទីនៃតំបន់ដែលរូបសំណាកត្រូវបានជីកក្នុងប្រទេសកម្ពុជា ឯកសារផ្តល់ជូន វិក្កយបត្រ អ៊ីមែលរបស់ Latchford ពិភាក្សាអំពីរូបចម្លាក់ និងអ៊ីមែលពីមេធាវីរបស់វិចិត្រសាលជាតិនៅក្នុង២០១៧ ដោយស្នើសុំព័ត៌មានបញ្ជាក់បន្ថែមពី Latchford ។ផ្អែកលើភស្តុតាងដែលប្រមូលបាន រដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រគល់វត្ថុបុរាណធ្វើពីលង្ហិនពីវិចិត្រសាលជាតិអូស្រ្តាលីវិញ។កាលពីសប្តាហ៍មុន គណៈប្រតិភូមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏ដូចជាសមាជិកនៃក្រុមការងារស្វែងរកវត្ថុបុរាណបានធ្វើដំណើរទៅកាន់ទីក្រុងកង់បេរ៉ា ចូលរួមពិធីប្រគល់វត្ថុបុរាណមកវិញ។សមាជិកក្រុមការងារបានយំពេលមើលរូបចម្លាក់ជាលើកដំបូង។គន្ធា បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍រំជួលចិត្ត និងមានអារម្មណ៍សំណាងណាស់ ដែលខ្ញុំបានឃើញរូបពិត»។លោក Nick Mitzevich ប្រធានសារមន្ទីបាននិយាយថាវាជា “ថ្ងៃដ៏សំខាន់” ។លោកបានបន្តថា “វត្ថុបុរាណទាំងនេះត្រូវបាននាំចេញដោយខុសច្បាប់… ដូច្នេះវាជាការត្រឹមត្រូវដែលស្នាដៃទាំងនេះត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ”។លោកបានបន្តថា “វត្ថុបុរាណទាំងនេះត្រូវត្រឡប់ទៅប្រទេសដើមវិញ បន្ទាប់ពីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារដោយបានរកឃើញភស្តុតាងដែល “មិនអាចប្រកែកបាន” ។លោកបាននិយាយថា នៅពេលដែល Latchford បានលក់វត្ថុបុរាណធ្វើពីសំរឹទ្ធរបស់ជនជាតិចាមទៅអោយសារមន្ទី គាត់បានទទូចលើកិច្ចព្រមព្រៀងមិនបង្ហាញអត្តសញ្ញាណជាថ្នូរនឹងការប្រគល់ភស្តុតាង។Latchford បានឆ្លើយតបជាអ៊ីមែលជាបន្តបន្ទាប់ថា ស្នាដៃនេះត្រូវបាននាំចេញពីប្រទេសវៀតណាមទៅហុងកុងក្នុងឆ្នាំ១៩៦៩ ដែលធ្លាប់ត្រូវបានរក្សាដោយបុគ្គលក្នុងទសវត្សរ៍ឆ្នាំ១៩៧០ មុនពេលខ្លួនបានទិញរបស់ទាំងនេះ។លោកបានលើកឡើងទៀតថា អ្នកមើលការខុសត្រូវនៅពេលនោះបានសន្និដ្ឋានថា ប្រទេសវៀតណាមមិនទាមទារអាជ្ញាប័ណ្ណនាំចេញទេ អ្នកប្រមូលវត្ថុបុរាណជនជាតិហុងកុងបានស្លាប់តាំងពីពេលនោះមក ហើយសារមន្ទីក៏បានបំណែកវត្ថុបុរាណពីអ្នករក្សាទុកជនជាតិហុងកុង។វិចិត្រសាលជាតិបានស្វែងរកមូលដ្ឋានទិន្នន័យនៃការបាត់បង់វត្ថុបុរាណធ្វើពីសំរិទ្ធរបស់ចាម ប៉ុន្តែមិនមានការត្រួតពិនិត្យឯករាជ្យផ្សេងទៀតដែលត្រូវបានធ្វើឡើងនោះទេ។ឈ្មោះ Latchford បានចាប់ផ្តើមរីករាលដាលពាសពេញពិភពសិល្បៈ ប៉ុន្តែគាត់មិនទាន់ត្រូវបានបញ្ចេញឈ្មោះជាសាធារណៈ ឬចោទប្រកាន់ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅឡើយទេ។ឮលោកបាននិយាយថា “ពេលនោះយើងមិនឃើញមានសញ្ញាខុសប្រក្រតីណាមួយជាមួយនឹង Latchford ទេ ហើយដូច្នេះសារមន្ទីបានទទួលយកភស្តុតាងដែលត្រូវបានផ្តល់ឱ្យយើង” ។“គាត់គឺជាឈ្មួញដែលបានជួញដូរវត្ថុបុរាណដែលបានលក់ទៅអោយសារមន្ទីចំនួនក្នុងពិភពលោក។“[ប៉ុន្តែ] ពិតណាស់ [គាត់] បានបង្កើតភស្តុតាងដែលនាំឱ្យសារមន្ទីជឿជាក់លើគាត់ ហើយគាត់ពិតណាស់ជាមេគំនិតក្នុងការលាក់ព័ត៌មានទាំងនេះ ។លោកបាននិយាយថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញអត្តសញ្ញាណអ្នកលក់គឺជារឿងមិនប្រក្រតីខ្លាំងណាស់ ហើយក្នុងពេលបច្ចុប្បន្ន នេះការធ្វើបែបនេះគឺមិនអាចទៅរួចទេ។លោកនៅតែឆ្ងល់ថាហេតុអ្វីបានជាវិចិត្រសាលយល់ព្រមធ្វើបែបនេះ “។លោកបានសង្កត់ធ្ងន់ថាដំណើរការនៅសារមន្ទីបានបានផ្លាស់ប្តូរយ៉ាងខ្លាំងតាំងពីឆ្នាំ ២០១១ មក។លោកបាននិយាយថា “វិចិត្រសាលជាតិទទួលបានបទពិសោធន៍ច្រើន ហើយសព្វថ្ងៃនេះ យើងជាស្ថាប័នមួយដែលផ្តល់អាទិភាពដល់ការស្រាវជ្រាវភស្តុតាង និងការប្រមូលត្រឹមត្រូវ ប្រកបដោយសីលធម៌”។“ខ្ញុំគិតថា វាជារឿងសំខាន់ក្នុងការទទួលស្គាល់នៅអ្វីដែលបានប្រព្រឹត្តខុសខ្លះ ប៉ុន្តែយើងជឿជាក់យ៉ាងខ្លាំងចំពោះការងារដែលយើងកំពុងធ្វើសព្វថ្ងៃនេះ”។ក្នុងពិធីប្រគល់រូបចម្លាក់ លោកបណ្ឌិត Mitzevich និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី លោក ជឺនបូរាណ ច័ន្ទបូរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌកម្ចីដើម្បីរក្សាទុករូបសំណាកនៅវិចិត្រសាលសម្រាប់រយៈពេល៣ឆ្នាំខាងមុខ ខណៈដែលកម្ពុជាកំពុងពង្រីកសារមន្ទីរជាតិរបស់ខ្លួន។លោកឯកអគ្គរដ្ឋទូតបាននិយាយថា “នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែតម្រូវនូវភាពអយុត្តិធម៌កាលពីអតីតកាល ការពង្រឹងតម្លៃសម្បត្តិវប្បធម៌ និងសំខាន់ជាងនេះទៅទៀត ការទទួលស្គាល់សារៈសំខាន់នៃការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌”។គន្ធាសង្ឃឹមថា ការវិលត្រឡប់មកវិញនៃរូបសំណាកនឹងជួយប្រទេស ក៏ដូចជារៀនសូត្របន្ថែមទៀត។អ្នកស្រីបន្តថា៖ «វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់មនុស្សជំនាន់ថ្មីក្នុងការយល់ដឹងអំពីវប្បធម៌របស់ពួកគេ»។លោក Gordon លោកជឿថា វិចិត្រសាលជាតិបានកំណត់ស្តង់ដារមួយក្នុងការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណដែលត្រូវបានលួច ដែលលោកសង្ឃឹមថាប្រទេសផ្សេងទៀតនឹងធ្វើតាម។លោកបានបន្តថា៖ «ខ្ញុំគិតថាយើងកំពុងមើលឃើញនិន្នាការមួយដែលនឹងបន្តក្នុងរយៈពេល ១០ ឆ្នាំ ២០ ឆ្នាំខាងមុខ ដែលវត្ថុជាច្រើននឹងត្រឡប់ទៅម្ចាស់ដើមវិញ»។“[ក្រុមរបស់យើង] មានការងារជាច្រើនដែលត្រូវធ្វើ ហើយយើងមានតម្រុយជាច្រើនឥឡូវនេះ ហើយរាល់ថ្ងៃយើងទទួលព័ត៌មានបានកាន់តែច្រើន ដូច្នេះនឹងមានវត្ថុបុរាណជាច្រើនទៀតដែលត្រូវប្រគល់មកវិញ៕ABC/KhmerTimes
Post a Comment