សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថាការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់សម្ដេចក្នុងអាណត្តិ នីតិកាលទី៧នេះហើយឱ្យអ្នកជំនាន់ក្រោយឡើងមកដឹកនាំ គឺដើម្បីធានានូវសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។
 |
|
ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល សម្ដេចហ៊ុន សែន បានថ្លែងរម្លឹកថា សម្តេចធ្លាប់បានលះបង់យកជីវិតធ្វើដើម្បីទុនដើម្បីរំដោះប្រទេស ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បីបង្រួបបង្រួមជាតិ ដែលមិនចេះចប់មិនចេះហើយ ព្រមទាំងយកជីវិតនយោបាយរបស់សម្តេច ធ្វើជាដើមទុន នៃកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាជាដើម។ សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំបានលះបង់ហើយឥឡូវខ្ញុំចង់លះបង់សារជាថ្មីម្តងទៀតដើម្បីសេចក្តីសុខរយៈពេលវែងរបស់ប្រជាជនយ៉ាងហោចមានមូលហេតុ៤យ៉ាងដែលខ្ញុំគួរតែជម្រាបជូនចំពោះប្រជាពលរដ្ឋ»។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថាការផ្ទេរឱ្យយុវជនពេលនេះ មានស្ថិរភាពជាងពេលដែលសម្តេចក៏ដូចជាមានមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកាន់តំណែងរហូតដល់ចាស់ស្លាប់។ សម្តេចបានថ្លែងបន្តថាតើមាននាយករដ្ឋមន្ត្រីប៉ុន្មាននាក់ ដែលធ្លាប់បានលះបង់អំណាចដូចសម្តេចក្នុងពេលដែលខ្លួនមានលទ្ធភាព ធ្វើនាយករដ្ឋមន្ត្រីបាន៥ទៅ១០ឆ្នាំទៀត។ប៉ុន្តែមិនមែនវាជារឿងល្អទេ នៅពេលដែលកាន់តំណែងរហូតដល់ចាស់ស្លាប់។សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថាការរៀបចំផ្ទេរតំណែងបន្តវេនរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋដោយសម្ដេចបានចោទសួរថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានមេដឹកនាំរូបណាខ្លះ ស្ម័គ្រចិត្តបោះបង់តំណែងនោះ។ ដូច្នេះការប្រគល់តួនាទីឱ្យក្រុមយុវជនជំនាន់ក្រោយនាពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចគូសបញ្ជាក់ទៀតថា យោងទៅលើលក្ខខណ្ឌនិងលក្ខណៈសម្បត្តិ ក៏ដូចជាសភាពការណ៍អំណោយផល គណៈអចិន្រ្តៃយ៍គណបក្សបានសម្រេចជ្រើសរើស សេណារីយ៉ូទី២ គឺឱ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់មានអន្តរកាលមួយដោយអ្នកចាស់ទេ។ ធ្វើយ៉ាងនេះដើម្បីយើងផ្តល់អំណាចពេញលេញឱ្យអ្នកបន្តវេន គេមានលទ្ធភាពធ្វើកិច្ចការរបស់គេពេញមួយអាណត្តិតែម្តងហើយសម្ដេចនឹងមិនព្យាយាម ក្នុងការជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី របស់រដ្ឋមន្ត្រីនានាតាមស្ថាប័ននោះទេនិងនិយាយជារួមមិនព្យាយាមជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលជាអ្នកបន្តវេននោះឡើយ។សម្តេចហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ដោយមានបទពិសោធន៍ធ្លាប់ធ្វើជាយករដ្ឋមន្ត្រី ដោយមិនមែនជាប្រធានគណបក្ស សម្តេចនឹងធ្វើឱ្យអ្នកបន្តវេនពីសម្តេចទទួលបាននូវភាពឯករាជ្យក្នុងការធ្វើការសម្រេច ហើយការសម្រេចនោះគឺមិនឱ្យខុសពីគោលនយោបាយរបស់គណបក្សដែលបានដាក់ការសន្យាចំពោះម្ចាស់ឆ្នោតដែលបានបោះឆ្នោតឱ្យនោះទេដោយត្រូវតែយកទៅច្នៃប្រឌិតឱ្យមានការអភិវឌ្ឍកាន់តែជឿនលឿន៕AKP
Post a Comment