សម្ដេច​ស​ ខេង៖ការ​បោះ​ឆ្នោត​ក្នុង​​អា​ណត្ដិទី៧នៅ​កម្ពុជាចា​ត់ទុកថា​ជាជោ​គជ័​យបំផុត

 សម្តេចសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការបោះឆ្នោតគ្មានប្រទេសណាមួយ រៀបចំល្អឥតខ្ចោះនោះឡើយ។ 

ដោយឡែកការបោះ​ឆ្នោត​ក្នុងអាណត្ដិទី៧ នៅកម្ពុជាអាចចាត់ទុកថា «ជាការបោះឆ្នោត ដ៏ជោគជ័យបំផុត»។ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅ​សាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សម្ដេចស ខេង បានថ្លែងថា ចាប់តាំងពីការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ រហូត​មកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣កម្ពុជា​បានធ្វើ​ការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោត​ដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ។ សម្ដេចបានថ្លែងបញ្ជាក់ថា៖ «ការបោះឆ្នោត គ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែង​ការ​បោះ​ឆ្នោតដែលល្អឥតខ្ចោះនោះឡើយ។ ដោយឡែកការបោះឆ្នោតលើកទី៧នេះ អាចចាត់​ទុក​ថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ នៅ​កម្ពុជា»។សម្ដេចក្រឡាហោមបានលើកឡើងថាការបោះឆ្នោតនៅកម្ពុជា លើកទី៧​នេះមានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩ភាគរយ បានចេញទៅ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ របស់ខ្លួនដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែង មាន​សណ្តាបធ្នាប់របៀបរៀបរយល្អហើយគណបក្សនយោបាយបានចូលរួមបោះ​ឆ្នោតទាំង​អស់ បានធ្វើសកម្មភាព ប្រកួតប្រជែងគ្នា ប្រកបដោយភាពថ្លៃថ្នូរ។ សម្ដេចក្រឡាហោម​បានបន្ដថា ការបោះឆ្នោតលើកទី៧នេះចាត់ទុកថា  បានចូលរួមលើកទឹកចិត្តអ្នកបោះ​ឆ្នោត​​បង្ហាញពីការយល់ដឹង អំពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិបោះឆ្នោត ជាហេតុ​ធ្វើ​ឱ្យ​អ្នកបោះឆ្នោតបានចូលរួមក្នុងដំណើរការបោះឆ្នោត និងសម្រេចចិត្តជ្រើសរើសតំណាង​របស់​ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន។ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់​ដឹកនាំ និងមន្ត្រី គ.ជ.ប អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នក​សង្កេត​ការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែល​បាន​ចូលរួមអនុវត្តន៍ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រម​សីល​ធម៌នានាសម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ។លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​(គ.ជ.ប)បានឱ្យដឹងថា ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរីនិងយុត្តិធម៌ និងការរាប់សន្លឹកឆ្នោតដោយដៃមានលំដាប់លំដោយ ហើយការ​បញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោតមកគណៈកម្មាធិការរៀបចំការបោះឆ្នោត គ្រប់​លំដាប់​ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច បញ្ជាក់ពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យទុកចិត្តបាន។ ឯកឧត្ដមអគ្គលេខាធិការបានបន្ថែមថា កត្តាទាំងនេះហើយបង្ហាញពីភាពជោគជ័យក្នុង​ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ និងបង្ហាញពីការយល់​ដឹងពី​ភាពចាស់ទុំនិងការទទួលខុសត្រូវខ្ពស់ និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ដែលនេះគឺជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យនិងការកែសម្រួលនៃការបោះឆ្នោតនៅកម្ពុជា ៕AKP
Powered by Blogger.