រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចស ខេង បញ្ជាអាជ្ញាធរពាក់ព័ន្ធប្រញាប់ចុះដោះស្រាយបញ្ហាខ្វះទឹកធ្វើដំណាំស្រូវរបស់ប្រជាពលរដ្ឋជាបន្ទាន់ ដែលស្ថិតនៅស្រុកមោងឫស្សីនិងស្រុកគាស់ក្រឡក្នុងខេត្តបាត់ដំបង។
 |
|
ការដាក់បទ បញ្ជានេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិមានឯករាជ្យក្នុងខេត្តកាលពីម្សិលមិញ ហើយលោកកត់សម្គាល់ឃើញប្រជាកសិករបង្ហាញកង្វល់យ៉ាងខ្លាំងអំពីការខ្វះទឹកធ្វើដំណាំស្រូវ ដោយប្រឈមនឹងការស្វិតជាបណ្តើរៗហើយ។សម្តេចណែនាំឲ្យអាជ្ញាធរយកចិត្តទុកដាក់ការពារសិទ្ធិនិងផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាយកចិត្តទុកដាក់ប្រមូលសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានប្រាប់ខ្មែរថាមស៍ពីម្សិលមិញថាពេលនេះអាជ្ញាធរកំពុងចុះត្រួត ពិនិត្យបញ្ហាប្រជាកសិករខ្វះទឹកធ្វើស្រែ។ប៉ុន្តែលោកមិនទាន់អាចវាយតម្លៃផលប៉ះពាល់ប៉ុន្មានហិកតានៅឡើយទេ។លោកនិយាយថា៖ «យើងកំពុងចុះត្រួតពិនិត្យលើការងារនេះ។ យើងមិនទាន់ដឹងពីទំហំផលប៉ះពាល់នៅឡើយទេ។ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំថាប្រជាកសិករក្នុងស្រុកគាស់ក្រឡនិងមោងឫស្សីកំពុងជួបបញ្ហាខ្វះទឹកធ្វើស្រែ»។លោក ទេព ហន អភិបាលស្រុកមោងឫស្សី បាននិយាយថា នៅក្នុងស្រុកទាំងមូលមាន៩ឃុំ ដែលប្រជាពលរដ្ឋរស់នៅក្នុងឃុំនីមួយៗសុទ្ធតែប្រកបមុខរបរធ្វើស្រែ ហើយនៅពេលនេះពួកគេពិតជាជួបបញ្ហាខ្វះទឹកធ្វើស្រែប្រាកដមែន។ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយម ដើម្បីចុះអន្តរាគមន៍លើបញ្ហានេះ។លោកបញ្ជាក់ថា ដីស្រែរាំងស្ងួតមួយចំនួននៅឃុំឫស្សីក្រាំងនិងឃុំព្រៃស្វាយជាដើម មិនអាចជួយសង្គ្រោះបានទេ ព្រោះដោយសារតែមិនមានប្រភពទឹកគ្រប់គ្រាន់។ ដូច្នេះដំណាំស្រូវស្រែទាំងនោះត្រូវរំពឹងលើទឹកភ្លៀង។លោកបន្ថែមថា៖ «ដីស្រែដែលអាចជួយសង្រ្គោះបាន គឺមានតែនៅឃុំកកោះ ឃុំព្រៃតូច និងផ្នែកខ្លះនៃឃុំមោង ព្រោះប្រព័ន្ធធារាសាស្ត្រតភ្ជាប់ទៅដល់ទីនោះ»។លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបង បាននិយាយថា នៅទូទាំងខេត្តមានផ្ទៃដីកសិកម្មប្រមាណជិត៤០ម៉ឺនហិកតា ប៉ុន្តែលោកមិនទាន់ដឹងថាមានទំហំប៉ុន្មានហិកតាទេ ដែលរងផលប៉ះពាល់ពីការខ្វះទឹកសម្រាប់ផ្គត់ផ្ដង់ផលដំណាំស្រូវរបស់ប្រជាកសិករ។លោកបានបញ្ជាក់ថា ចំពោះបញ្ហាខ្វះទឹកធ្វើស្រូវស្រែនេះ គឺមន្ត្រីជំនាញរបស់មន្ទីរបានចាត់វិធានការទៅតាមជំនាញរបស់ពួកគេហើយ។ប៉ុន្តែនៅតំបន់ដែលគ្រប់គ្រងដោយប្រព័ន្ធធារាសាស្ត្រមានត្រឹមតែជាង៥០ភាគរយប៉ុណ្ណោះដែលគ្របដណ្ដប់លើផ្ទៃដីកសិកម្មរបស់ប្រជាកសិករ ពោលគឺពុំទាន់មានប្រព័ន្ធធារាសាស្ត្រគ្របដណ្ដប់លើផ្ទៃដីកសិកម្មបាន១០០ភាគរយនៅឡើយទេ។លោកបន្តថា៖ «យើងកំពុងបង្កើនការយកចិត្តទុកដាក់ ដើម្បីឆ្លើយនឹងតម្រូវការរបស់ប្រជាជន។ប៉ុន្តែតំបន់ដែលនៅឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ យើងអន្តរាគមតាមភាពជាក់ស្ដែង។ យើងមានគម្រោងពង្រីកប្រព័ន្ធធារាសាស្ត្ររបស់យើងដែរ តែយើងជួបបញ្ហាខ្វះថវិកា»។អ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ក្រសួង កំពុងធ្វើការងារនេះយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបងនិងក្រសួងធនធានទឹក ដើម្បីបញ្ចេញទឹកពីប្រព័ន្ធធារាសាស្ត្រផ្នែកខាងលើ ហើយបញ្ជូនទៅកាន់ផ្ទៃដីស្រូវស្រែដែលត្រូវការជួយសង្គ្រោះពីភាពរាំងស្ងួត។លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា ក្នុងប៉ុន្មានសប្ដាហ៍មកនេះ ស្ថានភាពភ្លៀងមានភាពរអាក់រអួល គឺភ្លៀងមិនមានភាពរាយប៉ាយនៅទូទាំងប្រទេសឡើយ។ ស្ថានភាពទឹកភ្លៀងបែបនេះធ្វើឱ្យតំបន់ប៉ះពាល់ដំណាំស្រូវដោយសារការខ្វះខាតទឹក។លោកថា ពេលនេះលោកកំពុងប្រមូលស្ថិតិផ្ទៃដីកសិកម្មនៅទូទាំងប្រទេស ដែលរងគ្រោះដោយភាពរាំងស្ងួត ។លោកបន្ថែមថា៖ «យើងបានណាំនែពីវិធានការត្រៀមសង្គ្រោះដំណាំកសិកម្មចាប់តាំងពីដើមរដូវវស្សាមកម្ល៉ោះ ព្រោះថាក្នុងឆ្នាំនេះយើងអាចនឹងខ្វះខាតទឹកសម្រាប់ធ្វើកសិកម្មក្នុងរដូវវស្សា ដោយសារតែបាតុភូតអែលនីញ៉ូ (El Nino)ធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតខ្សោយ ដែលបណ្ដាលឱ្យមានភាពរាំងស្ងួត»៕Khmer Times
Post a Comment