ឆ្លងកាត់ការចាប់ឆ្នោតចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃទីក្រុងគូឡាឡំាពួរប្រទេសម៉ាឡេស៊ីកាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣បានបញ្ជាក់ថា ក្រុមបាល់ទាត់ភ្នំពេញរបស់កម្ពុជាស្ថិតនៅក្នុងពូល F ជាមួយក្រុម Cebu FC(ហ្វីលីពីន), Macarthur FC (អូស្ត្រាលី), Shan United (មីយ៉ាន់ម៉ា)។
 |
|
ពានរង្វាន់នេះបែងចែកជាតំបន់ចំនួន៥ មានអាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគេ្នយ៍ ខណៈតំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោងនឹងធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣។ ក្រុមភ្នំពេញក្រោនដែលឡើងមកដល់វគ្គចែកពូលនេះ គឺក្រោយពីទទួលបានជ័យជម្នះ២ប្រកួតនៅវគ្គជម្រុះដោយបានប្រកួតឈ្នះ ក្រុម Young Elephants របស់ប្រទេសឡាវ ក្នុងលទ្ធផល ៣ទល់០ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ និងបន្តយកឈ្នះក្រុម Tampines Rovers របស់ប្រទេសសិង្ហបុរី ដោយលទ្ធផល ៣ទល់២ កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ចំពោះលក្ខន្តិកៈនៃការប្រកួតគឺត្រូវប្រកួត ក្នុងដី ក្រៅដី (Home-Away) ដោយក្នុង១ក្រុមៗសរុប៦ប្រកួត។ ដូច្នេះ ក្រុមភ្នំពេញក្រោនរបស់កម្ពុជានឹងបើកកីឡដ្ឋាន Smart RSN នៅរាជធានីភ្នំពេញរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវចំនួន៣ប្រកួត សម្រាប់ការប្រកួតក្នុងដី។ ចំពោះ៣ប្រកួតទៀតរបស់ភ្នំពេញក្រោននឹងត្រូវទៅប្រកួតនៅកីឡដ្ឋានរបស់គេនៃប្រទេសទាំង៣ ដូចជា ក្លឹប Cebu FC (ហ្វីលីពីន), Macarthur FC (អូស្ត្រាលី), Shan United (មីយ៉ាន់ម៉ា)។គួរបញ្ជាក់ថា វគ្គចែកពូលនេះមានចំនួន ៩ពូល ស្មើនឹង៣៦ក្រុម ក្នុងនោះក្នុង១ពូលមាន៤ក្រុមស្មើៗគ្នា។ សម្រាប់តំបន់អាស៊ានក៏នឹងត្រូវប្រកួតជម្រុះតាមពូលចំនួន៣គឺពូល F, G និង H។ ក្រោយបញ្ចប់ការប្រកួតក្នុងពូល គឺក្រុមលេខ១នៃពូលទាំង៣ ស្មើនឹង៣ក្រុម រួមទាំងក្រុមជើងឯករងល្អបំផុត១ក្រុម នឹងត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕AKP
Post a Comment