អង្គភាពប្រឆាំងអំពើពុករលួយបានកំណត់ថាសមាជិកសភា សមាជិករដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការចាស់និងថ្មីមានពេល៣០ថ្ងៃយ៉ាងយូរ ដើម្បីប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្រោយពីការចូលកាន់តំណែង។ការកំណត់នេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយលើកឡើងនៅក្នុងសេចក្ដីឆ្លើយតបកាលពីថ្ងៃទី២៩ ខែសីហា ស្ដីពីការប្រកាសទ្រព្យសម្បត្តិនិងបំណុល។អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា សមាជិកសភាមានរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីពេលចូលកាន់តំណែងចាប់ពីថ្ងៃទី២១ ខែសីហាតទៅ ដើម្បីប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួនស្របតាមច្បាប់។ដោយឡែកសមាជិករដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការមានពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីពេលចូលកាន់តំណែងចាប់ពីថ្ងៃទទួលការតែងតាំងដោយព្រះរាជក្រឹត្យឬអនុក្រឹត្យ។អង្គភាពប្រឆាំងអំពើពុករលួយបន្តថា ចំពោះសមាជិកសភា សមាជិករដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការថ្មីដែលមិនធ្លាប់ទទួលតួនាទីអ្វីផ្សេងត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងពេល៣០ថ្ងៃយ៉ាងយូរក្រោយពីពេលចូលកាន់តំណែង។ទន្ទឹមនឹងគ្នានេះ សមាជិកសភា សមាជិករដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការចាស់ដែលជាប់ឆ្នោតថ្មី ឬបានតែងតាំងថ្មីមិនចាំបាច់ប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងពេលនេះទេ។ ប៉ុន្តែត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបបពីរឆ្នាំ។ មានន័យថា សម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិនិងបំណុលកាលពីឆ្នាំ២០២២ គឺត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលឡើងវិញនៅខែមករា ឆ្នាំ២០២៤ និងសម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងឆ្នាំ២០២៣ គឺត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលឡើងវិញនៅខែមករា ឆ្នាំ២០២៥។
 |
រូបភាពផេកសម្តេចហ៊ុនសែន |
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា សមាជិកសភា សមាជិករដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការចាស់ក្នុងអាណត្តិទី៦ ដែលមិនឈរឈ្មោះជាបេក្ខជនជាថ្មី លាឈប់ និងមិនទទួលការតែងតាំងដោយព្រះរាជក្រឹត្យនិងអនុក្រឹត្យទេ គឺត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយក្នុងអំឡុងពេល៣០ថ្ងៃ ក្រោយពីការបញ្ចប់តួនាទីរបស់ពួកគេ។លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា តាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាសសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល គឺបុគ្គលដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យនិងអនុក្រឹត្យ។លោកបន្តថា ការប្រកាសនេះ គឺត្រូវធ្វើឡើងតាមសំណុំឯកសារនៃការប្រកាសទ្រព្យនិងបំណុលដែលមានជាធរមាន ដូចជាអចលទ្រព្យ យានយន្តនិងគ្រឿងចក្រ ព្រទ្យសម្បត្តិដែលងាយដោះជាសាច់ប្រាក់ សកម្មភាពអាជីវកម្មនិងពាណិជ្ជកម្ម និងប្រកាសអំពីបំណុលដែលគេជំពាក់និងការប្រកាសអំពីចំណូលជាដើម។លោកបានបន្ថែមថា៖ «ក្នុងការប្រកាស (ទ្រព្យនិងបំណុល) គឺមានចំណុចផ្សេងៗ ហើយចំណុចដ៏សំខាន់ រួមមានទី១ការប្រកាសពីចំនួនទ្រព្យសម្បត្តិដែលសាមីខ្លួនមានដោយមានបញ្ជាក់អំពីប្រភព ទី២រាល់ប្រភពចំណូលទាំងអស់របស់សាមីខ្លួន និងទី៣រាល់បំណុលទាំងអស់ក្នុងករណីដែលមាន»។លោកបានលើកឡើងថា តាមច្បាប់ ពួកគេត្រូវប្រកាសរយៈពេល៣០ថ្ងៃក្រោយពីការតែងតាំង ហើយបើពួកគេមិនបានអនុវត្តតាមទេ មានន័យថាពួកគេប្រព្រឹត្តខុសមាត្រា៣៨ នៃច្បាប់ប្រឆាំងអំពើពុករលួយ។ ដូចនេះពួកគេអាចត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។លោកបន្ថែមថា៖ «ដោយសារការប្រកាសទ្រព្យសម្បត្តិនិងបំណុលធ្វើឡើងក្នុងរយៈពេលពីរឆ្នាំម្តង។ ដូចនេះការប្រកាសថ្មីមិនមានចំនួនច្រើនទេ។ អង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើរបាយការណ៍សរុបនៅពេលបញ្ចប់»។លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុលដើម្បីតម្កល់ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ហើយប្រសិនបើម្ចាស់ប្រកាសទ្រព្យសម្បត្តិនិងបំណុលនោះមានបញ្ហាទាក់ទងនឹងការចោទប្រកាន់មកលើខ្លួនពីការប្រព្រឹត្តអំពើពុករលួយ បុគ្គលិកនោះមានសិទ្ធិផ្ទៀងផ្ទាត់នឹងទ្រព្យសម្បត្តិនិងបំណុលដែលបានប្រកាស។លោកបន្តថា ការធ្វើបែបនេះ ជាយន្តការចាស់មួយដែលមាននៅក្នុងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ប៉ុន្តែប្រសិនបើគេក្រឡេកមើលស្ថានភាពការប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលមាននៅក្នុងរបាយការណ៍អន្តរជាតិ គឺហាក់បីជាមិនមានភាពប្រសើរឡើងនៅឡើយទេ ទោះបីជាមានការថយចុះអំពើពុករលួយក្នុងការផ្ដល់សេវាសាធារណៈដែលបានរីកចម្រើនកាលពីប៉ុន្មានឆ្នាំមុនមកនេះ។លោកបន្ថែមថា៖ «ដើម្បីមានអ្វីដែលថ្មីទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ ក៏ដូចជាការរីកចម្រើនលើការប្រឆាំងអំពើពុករលួយគួរពិនិត្យមើលទៅលើការធ្វើវិសោធកម្មច្បាប់នេះ ដើម្បីឱ្យស្របតាមការចង់បាននៅក្នុងយុទ្ធសាស្ត្របញ្ជកោណរបស់រដ្ឋាភិបាល»៕Khmer Times
Post a Comment