កម្ពុជា​​ឈ្នះក្រុមម៉ាកាវ​ក្នុងលទ្ធផល៤ទ​ល់០

 ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមម៉ាកាវក្នុងលទ្ធផលបច្ចេកទេស ៤ទល់០ កាលពី​យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយតាមរយៈការក្តៅ​សាច់​ដុំ​ក្នុងជំនួបមិត្តភាពអន្តរជាតិនេះគឺជាការកសាងជំនឿចិត្ត និងក្តីសង្ឃឹមបន្ថែមទៀតឆ្ពោះទៅប្រកួតជម្រុះ​ជុំទី១នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2026)។

នៅក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមម៉ាកាវនេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើបានយ៉ាងល្អដោយធ្វើសម្រេចបាន៣គ្រាប់បើកការនាំមុខលើក្រុមភ្ញៀវនៅវគ្គទី១ហើយនៅវគ្គទី២ក្រុមកម្ពុជា​បន្តធ្វើ​សម្រេចបាន១គ្រាប់បន្ថែម។ ៤គ្រាប់ជ័យជម្នះរបស់ក្រុមកម្ពុជា ក្រោមការដឹកនាំរបស់គ្រូ​បង្គោល​ជនជាតិអាហ្សង់ទីនៃក្រុមជម្រើសជាតិកម្ពុជា រកបាន២គ្រាប់ដោយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា នៅនាទី១៩ និងនាទី២១, កីឡាករ សឿយ វិសាល នៅនាទី៨០ ខណៈគ្រាប់ទី៤ ធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៨០។គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាឈុតធំបានរៀបចំជំនួបមិត្តភាពអន្តរជាតិចំនួន​២​ប្រកួត គឺបានប្រកួតជាមួយក្រុមហុងកុង ក្នុងលទ្ធផលបញ្ចប់ការប្រកួត ៩០នាទី ១ទល់១ កាលពី​យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយជំនួបមិត្តភាពលើកទី១​ជាមួយក្រុមម៉ាកាវ កាលពីយប់មិញ ដោយគោលដៅនៃការប្រកួតមិត្តភាពនេះ គឺដើម្បីត្រៀមប្រកួត​ជម្រុះ​នៃបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 ជុំទី១ គឺក្រុមជម្រើសជាតិ​កម្ពុជាត្រូវជួប​ក្រុម​ជម្រើសជាតិប៉ាគីស្ថាន ចំនួន២ជើង ដែលជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុ​កីឡ​ដា្ឋនជាតិអូឡាំពិក ខណៈជើងទី២នឹងប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេស​ប៉ាគីស្ថាន។ ក្រុមឈ្នះ១ក្រុម រវាងកម្ពុជា ឬ ប៉ាគីស្ថាន នឹងត្រូវបន្តឡើងទៅប្រកួត​នៅជុំ​ទី២ ក្នុង​ពូល G ជាមួយ៣ប្រទេសផ្សេងទៀត គឺក្រុម Saudi Arabia, Jordan និង Tajikistan៕AKP


Powered by Blogger.