តួក​គីលើក​​លក្ខខណ្ឌ​សម្រា​ប់​​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមា​​ជិក​ណាតូ

ប្រធានាធិបតីErdoganបាននិយាយថាតួកគីនឹងយល់ព្រមឱ្យស៊ុយអែតចូលទៅក្នុងអង្គការណាតូប្រសិនបើរដ្ឋបាលរបស់ប្រធានាធិបតី Biden យល់ព្រមលក់ F-16 ឱ្យទីក្រុងអង់ការ៉ា។លោកប្រធានាធិបតី Tayyip Erdogan បានឆ្លើយតបទៅកាន់សារព័ត៌មានថា "ប្រសិនបើសហរដ្ឋអាមេរិករក្សាការសន្យារបស់ខ្លួនសភាតួកគីក៏នឹងរក្សាការប្តេជ្ញាចិត្តផងដែរ។សភាតួកគីនឹងមានសុន្ទរកថាចុងក្រោយស្តីពីការអនុម័តស៊ុយអែតចូលទៅក្នុងអង្គការណាតូ" ។យោងតាមលោក Erdogan រដ្ឋមន្ត្រីការបរទេសតួកគីលោកHakanFidanនិងសមភាគីអាមេរិករបស់លោក Antony Blinken បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ហើយបានពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងការស្នើសុំរបស់ស៊ុយអែតដើម្បីចូលរួមជាមួយអង្គការណាតូ និងការលក់យន្តហោះ F-16 របស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងអង់ការ៉ា។លោក Erdogan បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងភ្ជាប់បញ្ហាទាំង២ជាមួយគ្នា។ ប្រធានាធិបតីតួកគីបានធ្វើការចោទប្រកាន់ស្រដៀងគ្នានេះកាលពីថ្ងៃទី១០ខែកញ្ញា ហើយបាននិយាយថា វិធីសាស្រ្តនេះធ្វើឱ្យទីក្រុងអង់ការ៉ា "ពិបាកខ្លាំង" ។មន្ត្រីអាមេរិកមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។

ប្រធានាធិបតីErdogan។AFP
កាលពីថ្ងៃទី១០ខែកក្កដា ប្រធានាធិបតី Erdogan បានប្រកាសពីការយល់ព្រមរបស់គាត់ក្នុងការផ្ទេរពាក្យសុំចូលជាសមាជិក ណាតូរបស់ប្រទេសស៊ុយអែតទៅកាន់សភារបស់ប្រទេសដើម្បីផ្តល់សច្ចាប័ន ដោយនិយាយថា នេះមិនទាក់ទងនឹងកិច្ចព្រមព្រៀង F-16 ទេ។ មួយថ្ងៃក្រោយមក ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បានប្រកាសថា រដ្ឋបាលរបស់ប្រធានាធិបតី Biden នឹងពិគ្រោះយោបល់ជាមួយសភា ដើម្បីជំរុញកិច្ចព្រមព្រៀង F-16 ។ ភាគីទាំង២មិនបានកំណត់ពេលវេលាជាក់លាក់ទេ។ប្រទេសតួកគីបានបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ជាង១00 គ្រឿងដែលផលិតដោយសាជីវកម្មអាមេរិក Lockheed Martin ។ប៉ុន្តែត្រូវបានដកចេញពីគម្រោងនេះក្នុងឆ្នាំ២០១៩បន្ទាប់ពីបានទិញការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី។ប្រទេសតួកគីក្នុងខែតុលា ឆ្នាំ២០២១ បាននិយាយថា សហរដ្ឋអាមេរិកបានស្នើសុំលក់ F-16 ដើម្បីទូទាត់សំណងចំនួន១.៤ពាន់លានដុល្លារដែលប្រទេសនេះបានវិនិយោគនៅក្នុងគម្រោង F-35 ។ បន្ទាប់មក ទីក្រុងអង់ការ៉ាបានស្នើសុំទិញយន្តហោះចម្បាំងធុនស្រាល F-16 ចំនួន៤០គ្រឿង និងគ្រឿងបន្លាស់ជិត៨០គ្រឿង ដើម្បីធ្វើទំនើបកម្មកម្លាំងប្រយុទ្ធដែលមានស្រាប់របស់ខ្លួនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃសរុប២០ពាន់លានដុល្លារ។ប្រទេសស៊ុយអែត និងហ្វាំងឡង់ក្នុងខែឧសភា ឆ្នាំ២០២២បានដាក់ពាក្យចូលជាសមាជិកណាតូ ដោយបញ្ចប់រយៈពេលជាច្រើនទសវត្សរ៍នៃការរក្សាគោលនយោបាយមិនចូលបក្សសម្ព័ន្ធ។ ប្រទេសហ្វាំងឡង់បានចូលរួមដោយជោគជ័យនៅថ្ងៃទី៤ខែមេសា បន្ទាប់ពីទទួលបានការគាំទ្រពីប្រទេសសមាជិកចំនួន៣០ខណៈដែលស៊ុយអែតបានប្រឈមមុខនឹងឧបសគ្គពីតួកគីនិងហុងគ្រីអស់រយៈពេលជាច្រើនខែ។នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយកាលពីថ្ងៃទី២៥ខែកញ្ញាថាការផ្តល់សច្ចាប័នលើប្រទេសស៊ុយអែតចូលទៅក្នុងអង្គការណាតូមិនមែនជារឿងបន្ទាន់នោះទេ ហើយបានចោទប្រកាន់ទីក្រុង Stockholm ថាកំពុងប្រកួតប្រជែងលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុង Budapest ៕ប្រភពReuters, Hurriyet Daily News

Powered by Blogger.