U23​​កម្ពុជាឡើងម​ក​ឈរលេ​ខ​២ក្នុងពូល​J

ក្រុមជម្រើសជាតិកម្ពុជាក្រោម២៣ឆ្នាំ(U23) បានហក់ឡើងមកឈរនៅដំណែងលេខ២បណ្តោះអាសន្នក្នុងពូល J បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិក្រោម២៣ឆ្នាំ ម៉ុងហ្គោលី ដោយលទ្ធផលបច្ចេកទេស ២ទល់១ កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ី ក្រោមអាយុ២៣ឆ្នាំ នៅប្រទេសកាតា ឆ្នាំ២០២៤ (AFC U23 Asian Cup Qatar 2024)។

(រូបភាព៖AKP/FFC)
នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះក្រុមកម្ពុជាក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិជប៉ុន លោក Gyotoku Koji បានបើកការនាំមុខ ២ទល់០ នៅវគ្គទី១ ដោយធ្វើសម្រេចដោយកីឡាករ ស រតនា នៅនាទី៣០ និងដោយកីឡាករ សាទី នៅនាទី៤៥ បន្ទាប់ពីបញ្ជូនបាល់បានយ៉ាងល្អពីកីឡាករ ស រតនា ដែលរកបានគ្រាប់ទី១។ នៅវគ្គទី២ ក្រុមម៉ុងហ្គោលីធ្វើសម្រេចបាន១គ្រាប់តាមពីក្រោយក្រុមកម្ពុជា ១ទល់២វិញ ដោយលទ្ធផលនេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតផ្លូវការ ៩០នាទី។ជាមួយនឹងជ័យជម្នះនេះ ក្រុមU23កម្ពុជារកបាន៣ពិន្ទុបន្ថែម ក្រោយឆ្លងកាត់២ប្រកួត ស្មើ១ប្រកួតជាមួយលីបង់ ២ទល់២ និងឈ្នះ១ប្រកួត មាន៤ពិន្ទុ ដោយឈរនៅលេខ២បណ្តោះអាសន្ន ប្រចាំពូល J ខណៈលេខ១ក្នុងពូលនេះ គ្រប់គ្រងដោយម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះទាំងពីរប្រកួត មាន៦ពិន្ទុ។ចំពោះ១ប្រកួតចុងក្រោយប្រចាំពូល J នេះ របស់កម្ពុជានឹងត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្រុមភ្ញៀវ កម្ពុជានឹងត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ សម្រាប់១ប្រកួតចុងក្រោយជាមួយក្រុមខ្លាំង អារ៉ាប់ប៊ីសាអូឌីត ដែលជាក្រុមម្ចាស់ដំណែងជើងឯក ឆ្នាំ២០២២ កន្លងទៅផងដែរ។គួរបញ្ជាក់ថា សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រនឹងមាន១៦ក្រុម ដែលជាបេក្ខភាពក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង១១ស្មើនឹង១១ក្រុម និង៤ក្រុមផ្សេងទៀត ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ល្អផ្តាច់គេ ក្នុងចំណោម១១ពូល បូករួមទាំងម្ចាស់ផ្ទះកាតា សរុប១៦ក្រុម។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC U23 Asian Cup Qatar 2024 គ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា។សម្រាប់វគ្គចែកពូលនេះមាន១១ពូល ដោយក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា លើកលែងតែពូលK មួយប៉ុណ្ណោះដែលមាន៣ក្រុម សរុបមានចំនួន៤៣ប្រទេស។ ចំពោះក្រុមកាតា ដែលជាម្ចាស់ផ្ទះជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៤ខាងមុខ គឺស្ថិតនៅក្នុងពូល B ដែលរាល់ការប្រកួតជម្រុះប្រចាំពូល B នេះត្រូវបានចាត់ទុកជាការប្រកួតមិត្តភាពកម្តៅសាច់ដុំ ដោយមានន័យថា សិទ្ធិរបស់ក្រុមកាតា ដែលជាម្ចាស់ផ្ទះ គឺឈររង់ចាំស្រាប់នៅជុំផ្តាច់ព្រ័ត្រ៕AKP

Powered by Blogger.