ប្រមុ​ខ​អតីតបក្សប្រឆាំងប្រ​កាសស្វែង​រកថរិកាជួ​លយន្ត​ហោះដឹកពលរដ្ឋខ្មែរពី​សង្រ្គាម

លោកសម រង្ស៊ីប្រ​មុខ​អតីត​បក្ស​ប្រឆាំង​ប្រ​កាស​ស្វែង​ថវិកា​ជួល​យន្ត​ហោះ​ដឹក​និស្សិតនិង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងជាប់​គាំង​នៅ​ប្រទេស​អ៊ីស្រា​អែល​វិល​មក​កម្ពុជា​វិញ​។នេះបើតាមការចេញរបស់RFI។ ​ការ​ប្រកាស​របស់​លោក ​សម​ រង្ស៊ី​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ី​សេរី​ ដែល​ថា​ទាំង​លោក ​ហ៊ុន ​សែន ​និង​លោក ​ហ៊ុន​ ម៉ាណែត ​បាន​បញ្ជាក់​ជំហរ​ហើយ​ថា​នឹង​មិន​ទៅ​ដឹក​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​អ៊ី​ស្រាអែលទេ​ដរាប​ណា​មិន​មាន​ការ​ស្នើ​ពី​អ៊ីស្រា​អែល​។​សម្រាប់​ លោក​ សម​ រង្ស៊ី ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ​គឺ​ធ្វើ​ឲ្យ​លោក​មាន​ការ​ងឿង​ឆ្ងល់​ ខណៈ​ដែល​បណ្តា​ប្រទេស​ជា​ច្រើន​បាន​យក​យន្ត​ទៅ​ជម្លៀស​ពលរដ្ឋ​របស់​គេ​ចេញ​ពី​អ៊ីស្រា​អែល​ គ្រា​ដែល​ប្រទេស​នេះ​កំពុង​មាន​សង្គ្រាម​រីក​កាន់​តែ​ធំ​។

លោកសម រង្ស៊ីអតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងកូឡាឡាំពួរក្នុងឆ្នាំ២០១៩។រូបភាពReuters

សូម​បញ្ជាក់​ថា​ ប្រ​មុខ​រដ្ឋាភិ​បាល​កម្ពុជា​ លោក​ ហ៊ុន​ ម៉ាណែត ​កាល​ពី​ម្សិល​មិញ​បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ី​ស្រាអែល​ឲ្យ​ជឿទុក​ចិត្ត​លើ​រដ្ឋា​ភិបាល​ប្រទេស​នេះ​ ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ដល់​ពួកគេ​ដែល​កំពុង​ជាប់​នៅទី​នោះគ្រា​ដែល​សង្គ្រាម​ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤​ហើយ​។​ ការ​បញ្ជាក់​ជំហររបស់​លោក ​ហ៊ុន ​ម៉ាណែត ​គឺ​ធ្វើ​ក្រោយ​ពេល​លោក​ ហ៊ុន​ សែន ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​កូន​ប្រុសដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ពិធី​បិទ​ការ​ថត​ភាពយន្ត​របស់​លោកថា​ឲ្យ​ដក​ពិសោធន៍​កាល​ពី​សម័យ​កូវីដ​ដែល​កម្ពុជា​មិន​ព្រម​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​វ៉ូហាន​ប្រទេស​ចិន​និង​ករណី​ប្រឈម​ដាក់​គ្នារវាង​កូរ៉េ​ខាង​ត្បូង​និង​កូរ៉េខាង​ជើង​អំឡុង​ឆ្នាំ​២០១៣​។ ​លោក ​ហ៊ុន​ សែន​ ព្រមានថា​បើ​រត់​ចោល​អ៊ីស្រាអែល​ពេល​នេះ​ គឺ​កុំ​សង្ឈឹម​ទៅ​សុំ​អាហារ​រូបករណ៍​ទៅ​សិក្សា​ប្រទេស​នេះ​បាន​ទៀត​នោះ​។ប៉ុន្តែ​អ្នក​តាម​ដាន​សភាព​ការណ៍​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរតែ​ទៅ​ដឹក​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ ដើម្បី​ការ​ពារ​អាយុ​ជីវិត​ពួកគេ ​ខណៈ​ដែល​សង្គ្រាម​​នៅអ៊ីស្រា​អែល​បាន​ធ្វើ​ឲ្យពល​រដ្ឋ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ និង​មនុស្ស​រាប់​រយ​នាក់​បាន​បាត់​បង់​ជីវិត​ ចាប់​តាំង​ពី​ពេល​ពួក​ហាម៉ាស់​បើក​ការ​វាយ​ប្រហារ​លើ​អ៊ីស្រាអែល ​នៅតំបន់​ហ្កាស្សា​កាល​ពី​ថ្ងៃទី​៧​តុលា​។បើ​តាម​លោក ​សម ​រង្ស៊ី​ នៅពេល​មាន​សង្គ្រាម​បែប​នេះ​ ការ​ជួយ​ជម្លៀស​ជន​បរទេស​ចេញ​ពី​អ៊ីស្រាអែល​គឺ​ជាការ​ជួយ​សម្រាក​បន្ទុក​របស់​ប្រទេស​នេះទៅ​វិញ​ទេ​។​ លោកថា ​សូម្បី​សហរដ្ឋ​អាមេរិក បារាំង ​ជាដើម​គឺ​សុទ្ធ​តែ​បាន​ប្រើ​យន្ត​ហោះ​ទៅ​ដឹក​ប្រជាជន​គេ​ចេញ​ពី​ប្រទេស​ដែល​កំពុង​តែ​មាន​សង្គ្រាម ​កើត​ពីព្រោះ​សង្គ្រាម​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​ជំងឺ​ឆ្លង​ដែល​មិន​អាច​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ​អាចចៀស​ផុត​បាន​ឡើយ។​គួររំឭក​ថា ​ការ​ផ្ទុះសង្គ្រាម​រវាង​ពួក​ហាម៉ាស​ប៉ាលេស្ទីន​ជាមួយ​អ៊ីស្រាអែល​បាន​ធ្វើ​និស្សិត​ខ្មែរ​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៧​តុលា​ ។​បច្ចុប្បន្ន​និស្សិត​ខ្មែរ​ជា​ច្រើន​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ដឹក​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​ គ្រា​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​១០០​នាក់​កំពុង​ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ និង​ជាង​៣០០​នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​។​ នេះ​បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​៕RFI

Powered by Blogger.