អ៊ីស្រា​អែល​បា​ន​បើក​ការ​វាយ​​ប្រហារ​យ៉ាង​ទូលំទូលា​យ​លើ​តំបន់​ហ្គាហ្សា​ចំនួន៣០​០.០០០នាក់

 អ៊ីស្រាអែលបានដាក់ពង្រាយទាហានប្រហែល៣០០,០០០ នាក់ បែងចែកជាស្លាបយោធាដើម្បីត្រៀមវាយប្រហារលើគោលដៅនានានៅតំបន់ហ្គាហ្សាស្ទ្រីប។អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Jonathan Conricus បានបញ្ជាក់នៅថ្ងៃនេះ ទី១១ខែតុលាថា អ៊ីស្រាអែលបានដាក់ពង្រាយទាហានប្រហែល៣០០,០០០ នាក់មកពីគ្រប់សាខាយោធា រួមទាំងថ្មើរជើង រថពាសដែក កាំភ្លើងធំ និងកងកម្លាំងបម្រុង, នៅជុំវិញតំបន់ហ្គាហ្សាស្ទ្រីប។លោក Conricus បានប្រកាសថា"ទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញបេសកកម្មដែលរដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់ឱ្យយើង។ នោះគឺដើម្បីធានាថានៅពេលដែលសង្រ្គាមនេះបានបញ្ចប់ ក្រុមហាម៉ាស់នឹងមិនមានសមត្ថភាពយោធាណាមួយដើម្បីគំរាមកំហែងឬវាយប្រហារជនស៊ីវិលអ៊ីស្រាអែល" លោក Conricus បានប្រកាស។

ទាហានអ៊ីស្រាអែលដាក់ពង្រាយរថក្រោះនៅតំបន់ជាប់ព្រំដែនGaza Strip (រូបថត៖ Reuters)
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុង Tel Aviv បានប្រកាសពីស្ថានភាពនៃសង្រ្គាមដោយបានវាយប្រហារទៅលើគោលដៅរបស់កងកម្លាំងហាម៉ាស់នៅតំបន់ហ្គាហ្សា​។ កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ចូលទៅក្នុងអ៊ីស្រាអែលក្នុងការវាយប្រហារ "ដែលមិនធ្លាប់មានពីមុនមក" ក្នុងរយៈពេល៧៥ ឆ្នាំ។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសកាលពីថ្ងៃទី១០ខែតុលាថា អ៊ីស្រាអែលជិតឈានដល់ "ការវាយប្រហារដ៏ទូលំទូលាយ" លើតំបន់ហ្គាហ្សា។ លោក Gallant បានប្រកាសលុបចោលការរឹតបន្តឹងក្នុងសង្គ្រាមជាមួយកងកម្លាំងហាម៉ាស់ ហើយនឹងប្រើប្រាស់វិធានការចាំបាច់ទាំងអស់ដើម្បីកម្ចាត់សត្រូវ។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានប្រកាសថា"ខ្ញុំបានដកការរឹតបន្តឹងទាំងអស់យើងបានស្ដារការគ្រប់គ្រងតំបន់នេះហើយកំពុងឆ្ពោះទៅរកការវាយប្រហារពេញលេញ"។ប្រមុខ​កងទ័ព​អ៊ីស្រាអែល​ក៏បាន​ប្រកាស​ថា អ៊ីស្រាអែល​នឹង​បើក​យុទ្ធនាការ​វាយលុក​ដោយ​ការ​វាយប្រហារ​តាម​អាកាស បន្ទាប់​មក​ដាក់​ពង្រាយ​ការ​វាយប្រហារ​លើ​ដី។ លោក​បាន​បញ្ជាក់​ថាកម្រិត​នៃ​ការ​វាយ​ប្រហារ​នឹង​កើន​ឡើង។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលក៏បានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងនៅតំបន់ហ្គាហ្សាដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ទឹក ប្រេងឥន្ធនៈ និងអាហារ។អ្នកនាំពាក្យ IDF បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងមិនត្រឹមតែដោយសារតែជម្លោះដែលកំពុងបន្តប៉ុណ្ណោះទេ។ប៉ុន្តែក៏ដោយសារតែការរកឃើញសាកសពជនជាតិអ៊ីស្រាអែលដែលបានស្លាប់នៅក្នុងសហគមន៍ផ្សេងៗដែលក្រុមហាម៉ាស់បានជ្រៀតចូលនិងធ្វើការវាយប្រហារផងដែរ។យោងតាមស្ថិតិរបស់IDFមនុស្សយ៉ាងហោចណាស់១,២០០នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី៧ខែតុលា។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា មនុស្សប្រហែល ៩៥០នាក់បានស្លាប់និង ៥,០០០នាក់ផ្សេងទៀតបានរងរបួសនៅតំបន់ហ្គាហ្សាស្ទ្រីប។យោងតាមអង្គការសហប្រជាជាតិ មនុស្សជាង១៨០.០០០ នាក់នៅហ្គាហ្សាគ្មានផ្ទះសម្បែង។មន្ទីរពេទ្យនិងកន្លែងបញ្ចុះសពនៅហ្គាហ្សា ផ្ទុកលើសទម្ងន់ បន្ទាប់ពីមានការប្រយុទ្ធគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។មន្ត្រីក្រុមហាម៉ាស់ បានបញ្ជាក់ថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ និងរាប់រយនាក់រងរបួសនៅពេលដែលអ៊ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងការវាយប្រហារតាមអាកាសរាប់រយលើក កាលពីយប់ថ្ងៃទី១០ ខែតុលា។ លើសពីនេះទៀត អគារលំនៅដ្ឋាន រោងចក្រ វិហារអ៊ីស្លាម និងហាងជាច្រើនត្រូវបានវាយប្រហារ។កង​ទ័ព​អ៊ីស្រាអែល​ក៏​បាន​បញ្ជាក់​ដែរ​ថា​បាន​វាយ​ប្រហារ​គោល​ដៅ​របស់​ក្រុម​ហាម៉ាស់​ជា​ច្រើន​នាក់​ពេញ​មួយ​យប់។ អ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងបានបំផ្លាញ "ប្រព័ន្ធឈ្លបយកការណ៍កម្រិតខ្ពស់" ដែលក្រុមហាម៉ាស់ប្រើដើម្បីស្វែងរកយន្តហោះយោធាអ៊ីស្រាអែល។យោងតាមយោធាអ៊ីស្រាអែលIDFបានវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាសចំនួន៨០នៅតំបន់BeitHanounភាគឦសាននៃតំបន់ហ្គាហ្សាស្ទ្រីបរួមទាំងសាខាធនាគារចំនួន២ដែលក្រុមហាម៉ាស់ប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការវាយលុកនៅក្នុងតំបន់នេះ។ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក៏បានកំណត់គោលដៅកន្លែងផ្ទុកអាវុធនិងមជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម៕ប្រភពRT,Guardian

Powered by Blogger.