នាយទាហាន៣រូបត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងការពារជាតិ
មាននាយទាហានចំនួន៣រូបហើយដែលត្រូវបានក្រសួងការពារជាតិ សម្រេចលុបឈ្មោះចេញពីក្របខណ្ឌក្រោយរកឃើញថា ទាហានទាំង៣រូបនោះមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ នេះជាចំណាត់ការធ្វើឡើងភ្លាមៗក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិថ្មី ដែលបានអះអាងកន្លងទៅនេះថាខ្លួននឹងមិនអត់ឱនឲ្យមន្ត្រីទាហានណា ដែលមានពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត។នាយទាហានទាំង៣រូប គឺសុទ្ធសឹងតែស្ថិតក្នុងកងអង្គភាពសាលានាយទាហានសកម្ម ដែលជាសាលាបង្វឹកនាយទាហានជំនាន់ថ្មី។ បើតាមសេចក្តីចំនួន២ដាច់ពីគ្នា នាយទាហានទាំង៣រូប ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន រួមមាន ឈ្មោះ ពោន ធាជាគ្រូបច្ចេកទេសថ្មើរជើងនៃសាលានាយទាហានសកម្ម ខណៈដែលនាយទាហាន២រូបទៀត មានឈ្មោះ សាន្ត គឹមសៀង និង យ៉ែន ច័ន្ទវិសាល តួនាទីជានាយរងក្រុម១ អនុសេនាតូចការពារនិងបម្រើការ។
![]() |
រូបភាពសហការី |
នាយទាហានទាំង៣ត្រូវបានក្រសួងការពារជាតិប្រកាសលុបឈ្មោះពីក្របខណ្ឌកងយោធពលខេមភូមិន្ទ ដោយរកឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននិងមិនត្រូវអនុញ្ញាតឲ្យបញ្ចូលក្នុងក្របខណ្ឌឡើងវិញឡើយ។ នេះបើតាមសេចក្តីសម្រេច នៅថ្ងៃទី២៥ និងទី២៩កញ្ញា។គួរកត់សម្គាល់ថា វិធានការលុបឈ្មោះចេញពីក្របខណ្ឌ ចំពោះទាហានដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន នេះធ្វើឡើងបន្ទាប់ពី លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសឲ្យដឹងថាមន្ត្រីយោធាណា ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន នឹងត្រូវដកចេញពីក្របខណ្ឌនិងចាត់វិធានការតាមច្បាប់ដោយមិនលើកលែងឡើយ។ ថ្លែងកាលពីថ្ងៃទី២៣កញ្ញាកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាកូនប្រុសលោក ទៀ បាញ់ បានបញ្ជាក់ថា ក្រសួងការពារជាតិ នឹងធ្វើតេស្តគ្រឿងញៀនចំពោះអ្នកប្រឡងមុននឹងក្លាយជាក្របខណ្ឌកងទ័ព។ទាក់ទងនឹងចំណាត់ការនេះ អ្នកឃ្លាំមើលសង្គមបានសម្តែងនូវការសាទរ ដោយចាត់ទុកថានេះជាគំរូសម្រាប់ការឈានទៅបំបាត់ឬសគឹលគ្រឿងញៀនក្នុងសង្គម។លោកអំសំអាតនាយកទទួលបន្ទុកផ្នែកឃ្លាំមើលនៃអង្គការលីកាដូ យល់ថា កងកម្លាំងជាចំណុចចាប់ផ្តើមមួយដ៏ល្អ ក្នុងការលុបបំបាត់គ្រឿងញៀន ព្រោះជាគំរូដល់សង្គម។ លោកថា ចំណាត់ការនេះ គឺតែធ្វើឡើងជាបន្ត ហើយជំរុញឲ្យមានប្រសិទ្ធិភាព៕RFI
Post a Comment