រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinkenបាននិយាយថា លោកនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដើម្បីការពារជម្លោះនៅមជ្ឈិមបូព៌ាកុំឱ្យរីករាលដាល។
 |
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។AFP |
ទីភ្នាក់ងារសារព័ត៌មានReutersបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស Blinkenដែលបាននិយាយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី២៤ខែតុលាថា"ខ្ញុំចង់បន្តធ្វើការជាមួយសមភាគីចិនរបស់ខ្ញុំដើម្បីធ្វើដូចនោះនៅពេលដែលលោកធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ"។លើសពីនេះ លោក Blinken បានអំពាវនាវដល់សមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យជួយទប់ទល់នឹងជម្លោះដែលផ្ទុះឡើងបន្ទាប់ពីចលនាអ៊ីស្លាមប៉ាឡេស្ទីន ក្រុមហាម៉ាស់បានវាយប្រហារអ៊ីស្រាអែលភ្លាមៗកាលពីថ្ងៃទី៧ខែតុលា។"សមាជិកក្រុមប្រឹក្សានិងសមាជិកអចិន្ត្រៃយ៍មានទំនួលខុសត្រូវពិសេសក្នុងការទប់ស្កាត់ជម្លោះនេះពីការរីករាលដាល" លោក Blinken បានព្រមានអ៊ីរ៉ង់ និងតំណាងក្នុងតំបន់របស់ខ្លួនប្រឆាំងនឹងការបើករណសិរ្សបន្ថែមនៅក្នុងជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស់។យោងតាមលោក Blinken ផងដែរ សហរដ្ឋអាមេរិកមិនចង់មានជម្លោះជាមួយអ៊ីរ៉ង់ទេ។ ប៉ុន្តែបានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងឆាប់រហ័សនិងយ៉ាងម៉ឺងម៉ាត់ ប្រសិនបើក្រុងតេហេរ៉ង់ឬកងកម្លាំងប្រូកស៊ីអ៊ីរ៉ង់វាយប្រហារលើជនជាតិអាមេរិកនៅគ្រប់ទីកន្លែង។ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ត្រូវបានគេរំពឹងថានឹងមកសហរដ្ឋអាមេរិកនៅថ្ងៃស្អែក (ថ្ងៃទី២៦ខែតុលា) ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan ។មន្ត្រីអាមេរិកចង់ឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយអ៊ីរ៉ង់ និងប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ាដើម្បីទប់ស្កាត់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់កុំឱ្យរីកធំឡើង។យោងតាមក្រុមអ្នកវិភាគ បើទោះបីជាប្រទេសចិនបានសម្តែងការព្រួយបារម្ភអំពីវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកចំពោះជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏ដោយ ភាគីទាំង២បានចែករំលែកក្តីបារម្ភដូចគ្នាក្នុងការបញ្ចៀសសង្រ្គាមនេះកុំឱ្យរីករាលដាល៕ពុតសាម៉ាត់
Post a Comment