លោកប្រាជ្ញ ចន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មានប្រសាសន៍ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» គឺខុសពីការបោះឆ្នោតនានារាប់ទាំងការបោះឆ្នោតសកល និងអសកលដោយសារការបោះឆ្នោតនេះអ្នកបោះឆ្នោតត្រូវបោះឆ្នោតចំនួន២ដងក្នុងការិយាល័យតែមួយដែលមានហិបឆ្នោតចំនួន២។នេះបើតាមការចេញផ្សាយវិទ្យុជាតិកម្ពុជានិងAKP។
 |
|
ការប្រាប់ឲ្យដឹងពីប្រធានគ.ជ.ប ធ្វើឡើងនៅថ្ងៃទី២៥ខែឧសភាក្នុងឱកាសចុះពិនិត្យការិយាល័យបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅឯវិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតនៅក្នុងស្រុកស្អាងខេត្តកណ្ដាលបន្ទាប់ពីការចុះពិនិត្យការិយាល័យបោះឆ្នោតនេះមួយទៀត នៅក្នុងស្រុកកណ្ដាលស្ទឹង ដើម្បីធានាថា សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសម្ភារសម្រាប់បម្រើការបោះឆ្នោត ត្រូវបានរៀបចំរួចរាល់ ខណៈការបោះឆ្នោតអសកលនេះ នឹងចូលមកដល់ចាប់ពីម៉ោង ៧:០០ព្រឹករហូតដល់ម៉ោង៣:០០រសៀល នាថ្ងៃទី២៦ខែឧសភាស្អែកនេះ។លោកបានបញ្ជាក់ដូច្នេះថា«មានតែការបោះឆ្នោតក្រុមប្រឹក្សាទេ ដែលការិយាល័យមួយមានហិបឆ្នោតចំនួនពីរ ដោយហិបឆ្នោតមួយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តនិងហិបឆ្នោតមួយទៀតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ ដូចយើងបានដឹងហើយថា ការបោះឆ្នោតសកល គឺអត់មានដូច្នេះទេហើយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកន្លងទៅនេះក៏អត់មានដូច្នេះដែរ។គឺថាការិយាល័យមួយមានហិបឆ្នោតតែមួយទេ»។លោកបានឲ្យដឹងដែរថាសន្លឹកឆ្នោតនិងសម្ភារបម្រើការបោះឆ្នោតអសកលនេះបានទៅដល់ការិយាល័យនីមួយៗនៅទូទាំងប្រទេសរួចរាល់អស់ហើយ ដោយរង់ចាំតែពេលវេលានៃការបោះឆ្នោតមកដល់តែប៉ុណ្ណោះ។សូមបញ្ជាក់ថា អ្នកបោះឆ្នោតអសកលនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានទាំង១.៦៥២នៅទូទាំងប្រទេសសរុបទាំងអស់ចំនួន១១.៦២២នាក់ ដោយត្រូវបោះឆ្នោត២ដង ក្នុងពេលតែមួយ ដោយប្រើសន្លឹកឆ្នោត២ប្រភេទផ្សេងគ្នា គឺសន្លឹកឆ្នោតប្រភេទទី១ មានផ្ទៃពណ៌ខៀវតាមការកំណត់របស់គ.ជ.បដែលប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងសន្លឹកឆ្នោតប្រភេទទី២ មានផ្ទៃពណ៌ស ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត។ដោយឡែក ចំពោះគណបក្សនយោបាយ ដែលបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤នេះមានចំនួន៥គណបក្សគឺ៖ គណបក្សប្រជាជនកម្ពុជាគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ ខណៈចំនួនក្រុង ស្រុក ខណ្ឌ មកដល់ឆ្នាំ២០២៤នេះ មានចំនួន២០៩ ដែលធ្វើឱ្យចំនួនអាសនៈសមាជិកក្រុមប្រឹក្សាកើនដល់៣.៦៤១អាសនៈ ចំណែកចំនួនអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នៅរក្សា៥៥៩អាសនៈដដែល៕
Post a Comment