ពាណិ​ជ្ជកម្ម​កម្ពុជា-បារាំងបានកើនឡើងជា​​លំ​ដា​ប់ដែលមា​នទំហំទឹកប្រា​ក់២០​៦,៤១លា​នដុល្លារអា​ម៉េ​រិកក្នុងរយៈពេល​៥​ខែដំបូង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានប្រសាសន៍ថាពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤។

សម្តេចធិបតី បានបញ្ជាក់ថា ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់ សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។សម្ដេចធិបតីអះអាងថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោកយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ដោយសម្រេចបានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤។ដោយគន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយទៅជាគោលដៅ វិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះទសវត្សរ៍ចុងក្រោយនេះកម្ពុជាតែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេផងដែរ។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៤, កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣៕AKP

Powered by Blogger.