នាយករ​ដ្ឋមន្ដ្រីប្រា​ប់ឲ្យសិក្សាករ​ណី​លុយដុល្លារចាស់ឬដាច់បន្ដិច​ដើម្បីកុំឱ្យលំ​បាកនូវការចាយ

ក្នុងឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនីពិនសែមក្នុងបរិវេណវត្តរាជបូណ៌ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាព្រឹកថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានធ្វើការណែនាំធនាគារជាតិនៃកម្ពុជា ត្រូវសិក្សាជាមួយវិស័យឯកជនក្នុងករណីលុយដុល្លារចាស់ឬដាច់បន្ដិចបន្តួចដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកចាយឬប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ពីការលំបាករបស់ពលរដ្ឋខ្មែរ ក្នុងការចាយវាយលុយដុល្លារក្នុងករណីមានការដាច់រហែកឬក៏ចាស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំធនាគារជាតិទម្លាក់លក្ខខណ្ឌមួយចំនួនចំពោះការចាយវាយក្រដាសប្រាក់ដុល្លារដែលមានភាពទក់ ឬមានស្នាមតិចតួចដើម្បីផ្តល់ភាពងាយស្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេសនិងពលរដ្ឋជាដើម។សម្ដេចធិបតី មានប្រសាសន៍ថា «សូមឱ្យធនាគារពាណិជ្ជធនាគារឯកជនចូលរួមផងអារឿងលុយដុល្លារពិបាកយក អាហឹ្នងវាពិបាក (លុយរហែក) បើថា លុយវាក្លែងក្លាយចុះ អាហ្នឹងរឿងមួយបើលុយវាខ្ទេចខ្លាំងវារឿងមួយ។ប៉ុន្ដែពេលខ្លះយើងដាក់លក្ខខណ្ឌកំណត់តិចពេកគ្រាន់តែដាច់តិចមិនឲ្យយកកាត់ទឹក ដ៏ចឹងវាលំបាក កន្លែងលក់គាត់យកអត់បានពេលទៅដូរធនាគារ ធនាគារកាត់ទឹក ។ ចឹងគាត់ត្រូវកាត់ទឹកឲ្យភ្ញៀវចឹងភ្ញៀវរអ៊ូថាលុយហេតុអីក៏មកចាយក៏លំបាកម៉េស។ ឥឡូវខ្ញុំសូមឲ្យធ្វើម៉េចលោកជំទាវ (លោកជំទាវ ជា សិរី ប្រធានធនាគារជាតិ) ធ្វើការជាមួយធនាគារហើយសុំធនាគារពាណិជ្ជ យោគយល់»។ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ត្រូវធ្វើយ៉ាងណាបង្កការងាយស្រួលដល់ភ្ញៀវទេសចរបរទេសព្រោះជាការងារសំខាន់សម្រាប់ជួយវិស័យទេសចរណ៍ដោយត្រូវទទួលបដិសណ្ឋារកិច្ចឲ្យបានល្អជាពិសេសនៅពេលភ្ញៀវចុះពីយន្តហោះចូលព្រលាន។ក្នុងនោះផងដែរសម្តេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាការធ្វើទេសចរណ៍របស់ភ្ញៀវទេសចរក៏មានរដូវដូចជារដូវធ្វើកសិកម្មអ៊ីចឹងដែរ។ជាពិសេសភ្ញៀវទេសចរបរទេសគឺនៅពេលដែលគេត្រូវរដូវសម្រាកពីការងារនៅប្រទេសរបស់គេនោះទើបគេចេញធ្វើទេសចរណ៍ទៅក្រៅប្រទេសដែលការនេះនាំឱ្យប្រទេសនីមួយៗ ក្នុងនោះក៏មានកម្ពុជាផងដែរ គឺត្រូវតែមានការឡើង ឬការធ្លាក់ចុះភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវទេសចរបរទេសនេះតែម្តង។សម្តេចធិបតីបានលើកឡើងថាក្នុងរដូវភ្ញៀវទេសចរបរទេសឡើងខ្ពស់គឺពីខែតុលាឆ្នាំ២០២៣ដល់ខែមិនាឆ្នាំ២០២៤ក្នុង១ថ្ងៃយើងទទួលបានភ្ញៀវទេសចរជាង ៣ ០០០នាក់ ខណៈដែលខែកុម្ភៈ ឆ្នាំ២០២៤ដដែល យើងទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់ជាង ៥ ០០០ នាក់ឯណោះ ដែលបានមកទស្សនានៅកម្ពុជា។ ប៉ុន្តែដល់រដូវ នៃការធ្លាក់ចុះ ពោលគឺចាប់ពីខែមិថុនាកន្លងទៅនេះ យើងទទួលបានក្នុង ១ថ្ងៃប្រហែល ១ ៣០០ នាក់។ តែឥឡូវនេះឡើងដល់ ១ ៩០០នាក់ ហើយចំពោះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ មានការកើនឡើងដល់ជិត២០០០នាក់។ ។ប៉ុន្តែគម្លាតរវាងរដូវនៃការកើនឡើងនិងរដូវនេះការធ្លាក់ចុះគឺតែងតែមានដោយចៀសមិនរួច ដែលនេះគឺជាការជាក់ស្តែង។សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសដែលចូលតាមព្រលានយន្តហោះអន្តរជាតិមានជាង ៤៨០ ០០០នាក់ ហើយបើសរុបទាំងអ្នកទេសចរក្នុងស្រុកផងនោះ គឺមានប្រមាណ ២ ៥០០ ០០០នាក់។ ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២៤នេះវិញភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមព្រលានយន្តហោះ ដោយមិនគិតការធ្វើដំណើរតាមផ្លូវគោកបូកបញ្ចូលនោះទេ គឺមានចំនួន ៣១០ ០០០នាក់ បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាឆ្នាំ២០២៣ គឺមានការកើនឡើងប្រមាណ ៣៦ភាគរយ។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា សួរថា យើងនិយាយពីតួលេខនេះដើម្បីអ្វីទៅ គឺយើងនិយាយឱ្យបងប្អូនបានជ្រាប ហើយចំពោះការវាយតម្លៃថាតិច ឬច្រើនយ៉ាងណានោះ វាគឺជាទស្សនៈផ្សេង តែផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ គឺ យើងមានប៉ុណ្ណឹង ដែលនេះគឺជារបាយការណ៍ដែលសម្តេចបានទទួល៕ 

Powered by Blogger.